Social Icons

Thursday, October 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​លោក​សមរង្ស៊ី​ ដាក់​ពន្ធនាគារ​២ ​ឆ្នាំ​ក្នុង​រឿងក្តី​បរិហារកេរ្តិ៍​លោក ​ហោ ​ណាំហុង​

តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​លោក​សមរង្ស៊ី​ ដាក់​ពន្ធនាគារ​ ២​ ឆ្នាំ​ក្នុង​រឿង​ក្តី​បរិហារ​​កេរ្តិ៍​លោក​ ហោ ណាំហុង។​

ដោយ លី ម៉េងហួរ

នៅ​​​ព្រឹក​​​ថ្ងៃ​ទី​​១៣​​តុលា​​នេះ ​លោក​​ចៅក្រម​ សេង នាង​ បាន​ប្រកាស​​សេចក្តី​សម្រេច​​កំបាំង​មុខ​ ដោយ​​ផ្តន្ទាទោស​​ដាក់​​ពន្ធនាគារ​​រយៈពេល​ ២​ ឆ្នាំ​ លើ​​លោក​​សម​រង្ស៊ី​ ពី​​បទ​​បរិហារ​កេរ្តិ៍​ និង​​ផ្សាយ​​ព័ត៌មាន​​មិន​​ពិត​។​ ជា​​បទ​​ចោទ​ប្រកាន់ ​ដែល​​ប្តឹង​​ដោយ​​
លោក​ ហោ ​ណាំហុង​ ដោយ​សារ​តែ ​កាលពី​​ថ្ងៃ​​ទី​​១៧​​មេសា ​ឆ្នាំ​​២០០៨​ ក្នុង​​ពិធី​​រម្លឹក​​វិញ្ញាណក្ខន្ធ​​អ្នក​​ស្លាប់​នៅ​​បឹង​​ជើង​ឯក​ លោក​​សម​រង្ស៊ី​ បាន​​ចោទ​ប្រកាន់​​ថា ​លោក​ ហោ ​ណាំហុង​ ជា​​មេ​​គុក​​បឹង​ត្របែក​ ក្នុង​សម័យ​​ខ្មែរ​ក្រហម​ ដែល​​នាំ​​ឲ្យ​​ញា​តិ​​វង្សានុវង្ស​​និង​​​បញ្ញវ័ន្ត​​ជា​ច្រើន​​នាក់ ​ត្រូវ​បាន​​សម្លាប់​។​​

សេចក្តីសម្រេច​របស់​ចៅក្រម​នៅ​ព្រឹក​មិញ ត្រូវបាន​ប្រកាសចំពោះ​មុខ​លោក​មេធាវី ការ សា​វុត្ថ មេធាវី​ការពារ​ក្តី​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដោយ​មិន​មាន​វត្តមាន​របស់​លោក​មេធាវី ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក​សម​រង្ស៊ី​ឡើយ​។ រីឯ​អ្នកចូលរួម​ស្តាប់​សវនាការ ក៏​មិន​មាន ក្រៅ​តែ​ពី​ប៉ូលិស​យាម​តុលាការ​ម្នាក់ និង​អ្នកកាសែត ៣ នាក់​ប៉ុណ្ណោះ​។​
​លោក​ចៅក្រម សេង នាង បាន​អាន​សេចក្តីសម្រេច​ថា លោក​សម​រង្ស៊ី ដែល​បាន​ប្តឹង​ទាស់​នឹង​សាលក្រម​របស់​តុលាការ ក្នុង​រឿងក្តី​បរិហារកេរ្តិ៍ ប៉ុន្តែ​លោក​សម​រង្ស៊ី មិន​បាន​បង្ហាញខ្លួន ក្នុង​អង្គ​សវនាការ ដូច្នេះ​តុលាការ ចាត់ទុកថា ពាក្យបណ្តឹង​ទាស់​នោះ ជា​ឯកសារ​ឥត​បានការ​។ តុលាការ ក៏បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​លើក​មុន ទុកជាបានការ និង​បើក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ តាម​ទម្រង់​ច្បាប់​។
​រឿងក្តី​ដែល​លោក​សម​រង្ស៊ី ចោទប្រកាន់​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ជា​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ បើកសវនាការ និង​សម្រេច កាលពី​ថ្ងៃ​ទី​២៥​មេសា ឆ្នាំ​២០១១ ដោយ​ផ្តន្ទាទោស​កំបាំងមុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​។​
​ប៉ុន្តែ​ត្រូវបាន​លោក​សម​រង្ស៊ី ប្តឹង​ទាស់ ដោយ​សំអាង​លើ​សាលដីកា​របស់​តុលាការ​កំពូល របស់​ប្រទេស​បារាំង ដែល​បាន​សម្រេច​ឲ្យ​លោក​សម​រង្ស៊ីឈ្នះក្តី​លើ​លោក ​ហោ ណាំហុងក្នុង​រឿងរ៉ាវ​​ស្រដៀង​គ្នា​នេះ​។
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​មិញ លោក​មេធាវី ការ សា​វុត្ថ ដែល​ការពារ​ក្តី​លោក​ហោ​ណាំហុង បានចាត់ទុក​ការសម្រេច​ជា​ថ្មី​របស់​តុលាការ ថា​ជា​រឿង​យុត្តិធម៌​បំផុត​សម្រាប់​លោក ហោ ណាំ​ហុង​។ លោក ហោ ណាំហុង ដែល​មេធាវី​អះអាងថា គ្រាន់​តែ​ជា​ប្រធាន​អ្នកទោស ក្នុងចំណោម​អ្នក​ទោស ហើយ​បើ​តាម​អតីត​ប្រធាន​គុក​ទួលស្លែង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច គឺ​លោក ហោ ណាំ​ហុង​ ក៏​មាន​ឈ្មោះ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​គុក​ទួលស្លែង ដូច​ប្រធាន​អ្នកទោស​មុនៗ​នៅ​គុក​បឹងត្របែក​ផងដែរ​។
​ចំណែក​លោក​មេធាវី ជូ​ង ជូ​ងី ការពារ​ក្តី​លោក​សម​រង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា ការសម្រេច​របស់​តុលាការ គឺ​មិន​អាច​ទទួលយកបាន ហើយ​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​​នោះ​។​
លោក​សម​រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស មកដល់ពេលនេះ ត្រូវបាន​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​សរុប​ជាង ១០ ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀត​ណាម​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។