Social Icons

Friday, October 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ២០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស


2011-10-14
អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​អំពី​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ឥណ្ឌូចិន បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទៅ​បាន លុះ​ត្រា​មាន​ការ​ជំរុញ​ដ៏​ខ្លាំងក្លា​ណា​មួយ​ដល់​ក្រុម​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ឲ្យ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល។
អ្នកស្រី អេលីហ្សាប៊ែត បេកឃឺរ៍ (Elizabet Baker) ដែល​ជា​អ្នក​និពន្ធ​សៀវភៅ When The War Was Over ដែល​មាន​ន័យ​ថា "ពេល​សង្គ្រាម​រលត់​ទៅ" បាន​ថ្លែង​ថា លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​រូបរាង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយសារ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ខ្វះ​ចន្លោះ​ប្រហោង​ជា​ច្រើន។ 
អ្នកស្រី​បន្ត​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ប្រកប​ដោយ​
ប្រសិទ្ធភាព​នោះ លុះ​ត្រា​តែ​មាន​ការ​ជំរុញ​បន្ថែម​ទៀត​ដល់​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​ឲ្យ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា។
«ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​គួរ​ត្រូវ​ស្វែង​រក​យុទ្ធសាស្ត្រ​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​អស់​ជួយ​គិតគូរ​ដល់​កម្ពុជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​តែ​ជជែក​ផ្នែក​ការទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​កម្ពុជា​ខ្លួន​ឯង​មាន​ភារកិច្ច និង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត​ក៏​ត្រូវ​ជំរុញ​ថែម​ទៀត​ដល់​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ឲ្យ​រួម​គ្នា​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ»
កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​មាន​បណ្ដា​ប្រទេស​ចំនួន ១៩ ចូល​រួម​ចុះ​ហត្ថលេខា​មាន​សហរដ្ឋ​អាមេរិក កាណាដា អង់គ្លេស បារាំង ថៃ ឡាវ វៀតណាម និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត រួម​ទាំង​កម្ពុជា ខ្លួន​ឯង​ផង។
កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ការ​ជ្រោមជ្រែង​ឲ្យ​កម្ពុជា មាន​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​លទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​កម្ពុជា រង​ការ​ញាំញី​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុល ពត។ 
លទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន​នាំ​មក​នូវ​ការ​ដក​កងទ័ព​វៀតណាម​ជាង ១០​ម៉ឺន​នាក់​ចេញ​ពី​កម្ពុជា ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣ ហើយ​កម្ពុជា ក៏​បាន​ដាក់​បញ្ចូល​គោលការណ៍​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម និង​របប​កុម្មុយនិស្ត​នៃ​រដ្ឋ​កម្ពុជា។
គោលការណ៍​សំខាន់ៗ​ទាំង​នោះ រួម​មាន​ការ​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ យក​ច្បាប់​ជា​ធំ។ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ដំណើរការ​សិទ្ធិ​មនុស្ស​និយាយ​ថា ឧបសគ្គ​ដ៏​ធំ​បំផុត​សម្រាប់​ការ​រីក​លូតលាស់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា ក្នុង​រយៈពេល ២០​ឆ្នាំ​មក​នេះ គឺ​ដោយសារ​ភាព​ខកខាន​មិន​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។ 
អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ និង​វិស័យ​ច្បាប់​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជា​ច្រើន ព្រងើយកន្តើយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នៅ​កម្ពុជា។
«ពី​ដើមៗ​នៅ​អឺរ៉ុប តែ​កាលណា​គេ​ច្បាំង​ហើយ គេ​ធ្វើ​ច្បាប់។ គេ​ថា អ្នក​ច្បាំង​បំផ្លាញ​អ្នក​ច្បាប់​កសាង ហើយ​គឺ​ឲ្យ​មាន​ច្បាប់​ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​អនុវត្ត​ហ្នឹង​គឺ​ចៅក្រម​ត្រូវ​ឯករាជ្យ​ឲ្យ​គេ​ទុក​ចិត្ត​បាន។ ព្រោះ​តែ​កាលណា​ចៅក្រម​នៅ​ក្រោម​រណប​រដ្ឋាភិបាល ឬ​អ្នក​ដឹកនាំ​ហើយ អា​ហ្នឹង​គឺ​ថា មិន​បាន​អនុវត្ត​ច្បាប់ ឬ​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ហ្នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ»
នៅ​ក្នុង​ឧបសម្ពន្ធ​ទី​៥ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ត្រូវ​បង្កើត​អង្គ​តុលាការ​មួយ​ឯករាជ្យ ដែល​ត្រូវ​មាន​អំណាច​ដាក់​ឲ្យ​អនុវត្ត​នូវ​បណ្ដា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ 
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ទម្រង់​ដឹកនាំ​នៅ​កម្ពុជា នៅ​បន្ត​អនុវត្ត​តាម​ស្តង់ដារ​កុម្មុយនិស្ត​នៅ​ឡើយ គឺ​បុគ្គលិក​រាជការ​ស៊ីវិល យោធា នគបាល មេធាវី ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​អស់​សុទ្ធ​សឹង​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច។
លោក​ថ្លែង​ថា ការ​ចងក្រង​រចនា​សម្ព័ន្ធ​បែប​នេះ​នឹង​មិន​អាច​នាំ​ឲ្យ​កម្ពុជា មាន​ប្រព័ន្ធ​យុត្តិធម៌​ប្រកប​ដោយ​ភាព​ស្អាតស្អំ​នោះ​ឡើយ ៖«យើង​នៅ​តែ​រចនាសម្ព័ន្ធ​កុម្មុយនិស្ត​ចាស់​ហ្នឹង គឺ​ចៅក្រម​ត្រូវ​បង្ខំ​ខ្លួន​ចូល​បក្ស ហើយ​តាម​បក្ស​បញ្ជា ម្ល៉ោះ​ហើយ​អត់​ឯករាជ្យ​ទៅ​ធ្វើ​អី​កើត ហើយ​ពេល​មាន​ការ​ប្ដឹងផ្ដល់​ទៅ​អ្នក​មាន​អំណាច​ឈ្នះ​ជានិច្ច។ ខ្ញុំ​ថា គន្លឹះ​នៅ​ត្រង់​ហ្នឹង ការ​កែ​ទម្រង់​គឺ​នៅ​ត្រង់​ហ្នឹង។ ប៉ុន្តែ​អត់​បាន​ចាប់​អារម្មណ៍ គ្រាន់​តែ​ច្បាប់​លក្ខន្តិកៈ​ច្បាប់​រៀបចំ តុលាការ​ឃើញ​គេ​បណ្តែតៗ​រហូត​មក​ដល់​សព្វថ្ងៃ​ដោយសារ​អី? ២០​ឆ្នាំ​ហើយ តើ​មាន​នរណា​លើក​ទេ​ថា ត្រង់​ហ្នឹង គន្លឹះ​ត្រង់​ហ្នឹង​បរាជ័យ ឬ​ក៏​ខ្វះខាត?»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​ឃើញ​កម្ពុជា​បាន​រីក​ចម្រើន​នូវ​ចំណុច​មួយ​ចំនួន​ដែរ តាម​រយៈ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ដូចជា​មាន​ជំនួយ​បរទេស​សម្រាប់​ជួយ​ស្ដារ​កម្ពុជា​ឡើង​វិញ​តាម​រយៈ​ការ​អំពាវនាវ​របស់​បណ្ដា​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី ដែល​ជំនួយ​នោះ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ពី ៥០០​លាន​ដុល្លារ ដល់ ១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។
ទន្ទឹម​នឹង​គ្នា​នេះ​ដែរ គេ​ឃើញ​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​មួយ​ចំនួន​ផង​ដែរ ដូចជា​វិស័យ​សេដ្ឋកិច្ច ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​លក្ខណៈ​មាន​កម្រិត។ 
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក កម្ពុជា​បាន​ពុះពារ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី ព្រមទាំង​មាន​ការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចៅក្រម​ផង​ដែរ។
លោក​បន្ត​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នេះ ត្រូវ​មាន​ការ​អត់ធ្មត់ និង​មាន​ការ​ចូលរួម​ពី​មជ្ឈដ្ឋាន​ទាំង​អស់ ៖ «នីតិរដ្ឋ​មួយ​មាត់​សរសេរ​នៅ​លើ​ក្រដាស​ស្រួល​និយាយ ស្រួល​ថា​ណាស់​ហើយ​អ្នក​និយាយ​ដើម្បី​យក​អ្វី​ដែល​គ្មាន​សមានចិត្ត​មក​លើ​ការ​ប្រឹងប្រែង​របស់​ប្រជាជាតិ​ខ្មែរ។ ក៏​ប៉ុន្តែ​ចំពោះ​អ្នក​ធ្វើ​វិញ គឺ​យើង​បាន​ចាប់​ផ្ដើម ជា​ពិសេស​ហ្នឹង​គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក គឺ​ក្រោយ​ព្រឹត្តិការណ៍​នៃ​ការ​ប្រជែង​អំណាច​យោធា​ហ្នឹង យើង​ឃើញ​ថា ចាប់​តាំង​ពី​ពេល​ហ្នឹង​មក​ទើប​យើង​រៀបចំ​ប្រព័ន្ធ​តុលាការ​របស់​យើង​បាន​តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​ពង្រឹង​សមត្ថកិច្ច និង​ពង្រឹង​សមត្ថភាព​នៃ​មន្ត្រី​យុត្តិធម៌​ដែល​ធ្វើការ​ជាមួយ​នោះ។ អា​នេះ​ហើយ​ដែល​យើង​ខំ​ប្រឹងប្រែង ហើយ​យើង​បាន​ប្រឹងប្រែង​ប៉ុណ្ណឹង»
ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ដើម្បី​ឲ្យ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ទទួល​ជោគជ័យ​ទៅ​បាន លុះត្រា​កម្ពុជា​អនុម័ត​នូវ​ច្បាប់​សំខាន់ៗ​ចំនួន​បី ដែល​នៅ​សេសសល់ ដូចជា​ច្បាប់​​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​វិសោធនកម្ម ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
ច្បាប់​ទាំង​បី​នេះ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណើរការ​ប្រព្រឹត្ត​ទៅ​យ៉ាង​ឯករាជ្យ​នៃ​ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ហើយ​អ្វី​ដែល​សំខាន់​លើស​ពី​នោះ​ទៀត គឺ​មិន​ត្រូវ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ឥទ្ធិពល​នយោបាយ​ពី​រដ្ឋាភិបាល និង​គណបក្ស។ 
ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​និយាយ​ថា រយៈពេល ២០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​នៅ​តែ​អន់​ថយ​ខាង​ប្រព័ន្ធ​តុលាការ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដដែល។ 
នាយក​ប្រតិបត្តិ​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​នៅ​ការិយាល័យ​ធំ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​តុលា ឆ្នាំ​២០១១ ថា កម្ពុជា​មាន​បញ្ហា​ខាង​ការ​គោរព​ច្បាប់ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។
«កម្ពុជា​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​គ្មាន​ការ​គំរាមកំហែង បំភិតបំភ័យ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ឬ​មុន​ពេល​បោះ​ឆ្នោត។ ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ ត្រូវ​មាន​សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មាន​ស្ថាប័ន​ឯករាជ្យ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ និង​មាន​ច្បាប់​ស្ដីពី​ការ​បង្កើត​គណបក្ស​នយោបាយ​ដ៏​ត្រឹមត្រូវ។ ចំណុច​ទាំង​នេះ​យើង​មិន​ឃើញ​មាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ»
កម្ពុជា​កន្លង​មក​តែង​ប្រារព្ធ​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ហើយ​រាល់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ត្រូវ​ឈប់​សម្រាក​មួយ​ថ្ងៃ។ ក្រោយ​មក​រដ្ឋាភិបាល​កម្ពុជា លប់​ថ្ងៃ​ប្រារព្ធ​កិច្ច​ព្រមព្រៀង​នេះ​ចោល។ 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ចាំបាច់​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទៀត​ទេ ពីព្រោះ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ហើយ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន មិន​បាន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ទេ។ ពួកគេ​យល់​ឃើញ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​ជា​ឯកសារ ឬ​ធម្មនុញ្ញ​ដ៏​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​បញ្ហា​នីតិរដ្ឋ​ បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។