Social Icons

Friday, October 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្ករ​ឡើង​ថ្លៃ​ក្នុង​ពេល​មាន​ទឹក​ជំនន់


2011-10-14
ក្នុង​ពេល​ទឹក​កំពុង​ជន់​លិច​ខេត្ត ខណ្ឌ​នានា​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា ឈ្មួញ​លក់​អង្ករ​បាន​ដំឡើង​ថ្លៃ​អង្ករ​ផង​ដែរ។
RFA/Mom Sophon
១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។
ឈ្មួញ និង​អង្គការ​ជួញដូរ​អង្ករ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា ឆ្នាំ​២០១១ ថា អង្ករ​បាន​ឡើង​ថ្លៃ​បន្តិច​ បើ​ធៀប​នឹង​ខែ​កញ្ញា កន្លង​ទៅ។
បុគ្គលិក​គ្រប់គ្រង​ទីផ្សារ​អង្ករ​របស់​អង្គការ​សេដាក (CEDAC) លោក លឹម សុគុណារុន ឲ្យ​ដឹង​ថា អង្គការ​នេះ​បាន​ឡើង​ថ្លៃ​អង្ករ​ក្នុង​១​គីឡូក្រាម ៥០​រៀល។ ការ​ឡើង​ថ្លៃ​អង្ករ​នេះ​មិន​សំដៅ​លើ​មហន្តរាយ​នៃ​គ្រោះ​ទឹក​ជំនន់​
ទេ។ អង្ករ​ឡើង​ថ្លៃ​គឺ​មក​ពី​តម្លៃ​ដឹក​ជញ្ជូន និង​សេវាកម្ម​ផ្សេង​ទៀត​បាន​ឡើង​ថ្លៃ។
លោក​ថា ម៉ាស៊ីន​ស្រូវ​ដែល​អង្គការ​សេដាក សហការ​នោះ បាន​កិន​ដល់​ទៅ ២​កន្លែង នៅ​ក្នុង​ខែ​កញ្ញា និង​តុលា ព្រោះ​តម្រូវការ​របស់​អ្នក​ទិញ​កើន​ច្រើន​ទ្វេ​ដង៖ «ខាង​ខ្ញុំ​វា​លំបាក​ប្រៀបធៀប​តម្លៃ​ជាមួយ​នឹង​ទីផ្សារ​ ដោយសារ​អង្ករ​ខាង​ខ្ញុំ គឺ​អង្ករ បើ​ផ្កា​ម្លិះ គឺ​វា​សុទ្ធ ១០០% អ៊ីចឹង​ហើយ​អង្ករ​យើង​វា​សរីរាង្គ​ទៀត ប៉ុន្តែ​បើ​នៅ​ទីផ្សារ ភាគ​ច្រើន​ជា​អង្ករ​លាយ លាយ​អង្ករ​ផ្សេងៗ​ទៅ គេ​អាច​លក់​តម្លៃ​មួយ​ដែល​ថោក»
អាជីវករ​លក់​អង្ករ​នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ សុំ​មិន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ថា ថៅកែ​ម៉ាស៊ីន​ស្រូវ​បាន​ដំឡើង​លើ​ថ្លៃ​អង្ករ​ក្នុង​១​បាវ ២.០០០​រៀល គ្រប់​ប្រភេទ​អង្ករ។ ពួក​គាត់​ទទួល​លក់​អង្ករ​បន្ត ក៏​យក​ចំណេញ​ក្នុង​១​បាវ ១.០០០ ទៅ ២.០០០​រៀល​ដែរ៖ «គឺ​ថា អត់​មាន​ស្រូវ​កិន​អ៊ីចឹង វា​ចេះ​តែ​ឡើង​ថ្លៃ​ម្ដង​បន្តិចៗ តែ​ប៉ុណ្ណឹង​ទេ វា​ឡើង​តិចៗ​ទេ វា​មិន​ឡើង​គំហុក​ខ្លាំង​ច្រើន​ទេ អត់​ទេ។ យើង​លក់​ធ្វើ​ម៉េច​ឲ្យ​យក​លុយ​ទៅ​ទិញ​ពី​រោង​ម៉ាស៊ីន​មក​វិញ​បាន​ហ្នឹង។ ក្នុង​១​អាទិត្យ​វា​ឡើង ២​ពាន់​អ៊ីចឹង»
ការ​ឡើង​ថ្លៃ​តម្លៃ​ស្រូវ​អង្ករ​នេះ គឺ​ម្ចាស់​រោង​ម៉ាស៊ីន​នានា​ឲ្យ​ដឹង​ថា ដោយសារ​ខេត្ត​ផលិត​ស្រូវ​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ទឹក​ជំនន់​បាន​ពន្លិច​ឲ្យ​ស្រូវ​ច្រើន​ម៉ឺន​ហិកតារ​រលួយ​ក្នុង​ទឹក។ 
ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​នៅ​ខេត្ត​តាកែវ លោក ង៉ែត ឲ្យ​ដឹង​ថា គាត់​ដើរ​ទិញ​ស្រូវ ត្រូវ​កសិករ​អ្នក​ផលិត​ស្រូវ​លក់​បាន​ទារ​ថ្លៃ​ស្រូវ​ក្នុង ១​គីឡូក្រាម ១.៥០០​រៀល ព្រោះ​គេ​សំអាង សំបូរ​ឈ្មួញ​ចុះ​ទិញ​ស្រូវ​ច្រើន និង​ឲ្យ​តម្លៃ ១.៤៥០​រៀល ទៅ ១.៥០០​រៀល។ លោក​ថា គាត់​ក៏​បាន​ដំឡើង​ថ្លៃ​អង្ករ ១​ម៉ឺន​រៀល​ដែរ ក្នុង​១​បាវ ទម្ងន់ ៥០​គីឡូក្រាម ព្រោះ​លំបាក​ដើរ​រក​ទិញ​ស្រូវ​មក​កិន​ជា​អង្ករ​លក់។ លោក​ថា កាល​ពី​ឆ្នាំ​មុន នៅ​ខែ​កញ្ញា និង តុលា កសិករ​ប្រមូល​ផល​ស្រូវ​បង្កើន​រដូវ គេ​លក់​ឲ្យ​គាត់​តែ​តម្លៃ ៩០០​រៀល​ ទៅ ១.០០០​រៀល​ទេ។ ប៉ុន្តែ​ឆ្នាំ​នេះ​គេ​ទារ​ថ្លៃ​ខ្ពស់​ដល់​ទៅ ១.៥០០​រៀល៖ «ទិញ​ស្រូវ​អត់​បាន ដូច​ថា ទុក​អង្ករ​ឆ្នាំ​ក្រោយ...។ មក​ពី​តំបន់​ខ្លះ​ហ្នឹង​វា​លិច​ទឹក​អស់»
សហគមន៍​គ្រួសារ​រុងរឿង​នៅ​ខេត្ត​កំពត ដែល​ប្រមូល​ទិញ​ស្រូវ​សរីរាង្គ លោក អួន សុផល ឲ្យ​ដឹង​ថា មិន​បាន​ដំឡើង​ថ្លៃ​លក់​ស្រូវ​ទេ ព្រោះ​ការ​បញ្ចេញ​ស្រូវ​លក់​ទៅ​ឲ្យ​ឈ្មួញ​ គឺ​បាន​លក់​នៅ​មុន​ដំណឹង​ពី​គ្រោះ​ទឹក​ជំនន់៖ «អត់​បាន​ទប់ទល់​សភាពការណ៍ ដោយសារ​សហគមន៍​ដែល​នៅ​កម្រិត​តូចៗ​អ៊ីចឹង មាន​ទន់​តិចតួច ហើយ​កសិករ​គាត់​ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​ស្រូវ​ចុះ​ថោក​អ៊ីចឹង ដល់​ពេល​ស្រូវ​បាន​ឡើង​ថ្លៃ​បន្តិច គាត់​ចាប់​ផ្ដើម​លក់​តែម្ដង»
កសិករ​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឈ្មោះ ឆែម ឲ្យ​ដឹង​ថា គាត់​លក់​ស្រូវ​បាន ១.៤៥០​រៀល ថ្លៃ​ជាង​រាល់​ឆ្នាំ ព្រោះ​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​យក​ទាំង​អស់។ គាត់​សប្បាយ​ចិត្ត ព្រោះ​គ្រោះ​ទឹក​ជំនន់​បាន​ជួយ​ឲ្យ​តម្លៃ​ស្រូវ​គាត់​បាន​ឡើង​ថ្លៃ៖ «គេ​អ្នក​ទិញ​ហ្នឹង​វា​ឡើង​ទិញ​ដល់​តាម​ផ្ទះ ១​គីឡូ ១.៤៥០»
ទោះ​បី​ជា​អង្ករ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​បន្តិច​មែន តែ​មក​ទល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ប្រទេស​កម្ពុជា មិន​ខ្វះ​អង្ករ​ទេ ហើយ​ការ​មាន​ទឹក​លិច​លង់​ខេត្ត ខណ្ឌ មួយ​ចំនួន​នោះ មិន​ប៉ះពាល់​ដល់​គម្រោង​នាំ​ស្រូវ​ចេញ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ឡើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។