Social Icons

Friday, October 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

នាយក​រដ្ឋមន្ត្រី​លុប​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ


FRIDAY, 14 OCTOBER 2011 12:01
ម៉ៃ ទិត្យថារ៉ា


ភ្នំពេញ: ក្នុង​សារ​ផ្ទាល់មាត់​ ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ពិសេស​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​ តុលា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន បាន​ប្រកាស​អំពី​ការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅដើមខែ​វិច្ឆិកា​ឆ្នាំនេះ​ គឺ​ដោយសារ​តែ​មាន​មហន្តរាយ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ​ខណៈ​ដែល​លោ​ក​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​អ្នក​រងគ្រោះ​បាត់បង់​ជីវិត​ដល់​ទៅ ​២៤៧នាក់​ហើយ​។
ក្នុង​សេចក្តី​ថ្លែង​សារ​ផ្ទាល់​មាត់ ប្រមាណ​៣០នាទី ​នៅ​វិមាន​សន្តិភាព ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ​សែន បាន​លើក​ហេតុផល​ពីការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះថា​ ដោយសារ​តែ​បញ្ហា​ទឹក​ធំ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០០០​។ លោក​មាន​ប្រសាសន៍ថា៖ «​រហូត​ដល់​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១១ ទឹកទន្លេ​នៅ​តែ​ឡើង​ធំ លើស​ពី​កម្រិត​ប្រកាស​
អាសន្ន នៅ​គ្រប់​ទីកន្លែង ពិសេស​នៅ​ភ្នំពេញ មុខ​ព្រះ​បរម​រាជវាំង ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក គឺ​ទឹក​ឡើង​ខ្ពស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថា​ហេតុ ដល់​ក្រុម​អ្នកអុំ​ទូក​ ង ​ដែល​មាន​ប្រមាណ​មិន​តិច​ជាង​ ៤​០០ គ្រឿង»។
រាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ​ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៩ ,១០ និងទី​១១​វិច្ឆិកា នៅ​ភ្នំពេញ​លោក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ថា ​គឺ​នឹង​មាន​កម្លាំង​ចំណុះ​ទូក ​ជា​ប្រជា-កសិករ​មកពី​តាម​បណ្តា​ខេត្ត​នានា​នៅ ទូទាំង​ប្រទេស ​ឡើង​មក​ភ្នំពេញ​ ដែល​នាំ​ឲ្យ​ខាត​ពេលវេលា ក្នុងការ​ធ្វើ​ស្រែ​ចម្ការ​នៅ​ពេល​ទឹក​ស្រក​។ ម្យ៉ាង រដ្ឋា​ភិបាល​ក៏​ត្រូវ​ចាត់​កម្លាំង​ការពារ​សន្តិសុខ និង​ចំណាយ​ថវិកា​មិន​តិច​ជាង​១០​លាន​រៀលទេ​។ លោក​បញ្ជាក់​ថា៖ «​ដូច្នេះ​យើង​ត្រូវ​សន្សំ​ថវិកា និង​ធនធាន​មួយ​ចំនួន ដើម្បី​ស្តារឡើង​វិញ​នូវ​គ្រោះ​ទឹកជំនន់»។
ទោះជា​លោក​នាយក​រដ្ឋម​ន្ត្រី បាន​ប្រកាស​ឲ្យ​ផ្អាក​បុណ្យ​អុំទូក​ថ្នាក់​ជាតិក្តី​ ក៏​លោក​នៅបាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​អាជ្ញាធរ​ ប្រារព្ធ​ពិធី​បុណ្យ​អុំទូក នៅ​តាម​វត្ត​អារាម និង​តាម​ខេត្ត​ស្រុក នានា ទៅតាម​លទ្ធភាព​បានដែរ​ ក្នុង​រយៈពេល​៣ថ្ងៃ​ នៃពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​។ ចំណែក​មន្ត្រី​រាជការ​ស៊ីវិល គឺ​នៅតែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​៣ ថ្ងៃទៅតាម​ប្រតិទិន​បុណ្យជាតិ​ដដែល។
លោក​នាយក​រដ្ឋមន្ត្រី ​ក៏​ជម្រាប​ជា​សារ​ទៀត​ដែរ​ថា ពិធី​បុណ្យ​ផ្សេងៗ​ទៀត មាន​បុណ្យ​ឯករាជ​ជាតិ នា​ថ្ងៃ​ទី​៩ ​វិច្ឆិកា គឺ​នៅតែ​ប្រារព្ធ​ដូច​រាល់ឆ្នាំ​។ ចំណែក​ពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​អតីតព្រះ​មហាក្សត្រ សម្តេចឪ​ នរោត្តម​ ​សីហនុ​ នៅ​ថ្ងៃ​ទី​៣០​តុលា គឺ​នៅតែ​ធ្វើ​ដដែល​ ដោយ​ភ្ជាប់​ជាមួយនឹង​ពិធី​បុណ្យ​គម្រប់២០​ឆ្នាំ នៃ​ដំណើរ​យាង​និវត្តន៍​របស់​សម្តេច​នរោត្តម ​សីហនុ​ យាង​ចូល​មក​កាន់​មាតុប្រទេស​វិញ កាលពី​ឆ្នាំ​១៩៩១ ​នោះផង​។
លើក​អំពី​របាយការណ៍​នៃ​គ្រោះ​មហន្តរាយ​ ​ដោយ​ទឹកជំនន់​វិញ ​លោក​ ហ៊ុនសែន ប្រកាស​ឲ្យដឹង​ថា ស្រូវ​សន្ទូង​ប្រមាណ​ជាង​ ៣៩​ ម៉ឺន​ហិកតា រង​ផល​ប៉ះពាល់ ស្មើនឹង១៦ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​។ រីឯ​ផ្លូវលំ​ប្រវែង ៤ ៤៦៦ ​គីឡូម៉ែត្រ​ បាន​ខូចខាត​។​ ចំណែក​ផ្លូវ​ដែល​ទឹក​ហូរ​ច្រោះ​ដាច់​ប្រវែង ​៥​៨៣​ ​គី​ឡូម៉ែត្រ និង​ផ្លូវជាតិ​ត្រូវ​ខូចខាត​ ​ប្រវែង​៨៧​ គីឡូម៉ែត្រ​។ ប៉ុន្តែ​ ទោះជា​យ៉ាងដូចនេះ​ក្តី ​រដ្ឋាភិបាល​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ពី​កំណើន​សេដ្ឋកិច្ច​ នៅ​ឆ្នាំ​២០១១​ នេះ​ ដោយ​សង្ឃឹម​ថា ​នឹង​ស្ថិត​ក្នុងរង្វង់​ ៦ ភាគរយ​ ឬ​អាច​ឡើង​លើស​នេះ​ផង។
លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់ ក្នុង​សារផ្ទាល់​មាត់​នេះដែរ​ថា គិតត្រឹម​ថ្ងៃ​ទី​១៣​ ខែតុ​លា ម្សិលមិញ​ ទឹកជំនន់​សម្លាប់​មនុស្ស​អស់​២៤៧នាក់ នៅ​ទូទាំង​ប្រទេស​ ហើយ​លោកក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​ឆ្នាំ​នេះ។
នៅ​ចំពោះមុខ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​ធំ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើកឡើង​ថា ​រដ្ឋា​ភិបាល​កម្ពុជា ​​បានសហការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា និង​សប្បុរស​ជន​នានា​ បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពល​រដ្ឋ​រងគ្រោះ ដែល​គិត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​៧៦​ ៥​៩៥ គ្រួសារ​បានទទួល​ជំនួយពី​រដ្ឋាភិបាល​រួច​ហើយ​ ​ហើយ​ខាង​កាកបាទ​ក្រហម​កម្ពុជា​ ក៏​ផ្តល់​ជំនួយ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ​៥២​ ១​៣​៦ ​គ្រួសារ​ដែរ​។ ដោយឡែក ​សប្បុរស​ជន​នានា​ ​ក៏បាន​ផ្តល់​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន​១ ​៩៧​៩​ ​គ្រួសារ ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក៏​បាន​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ចំនួន ៥ ៣៤០ គ្រួសារ​ហើយ​ដែរ។
ទាក់​ទិន​ជំនួយ​បរទេស​ លោក​ ហ៊ុន-សែន ​ក៏បាន​លើកឡើង​ថា ​ប្រទេស​ចិន​បាន​ផ្ត​ល់​ជំនួយ​ច្រើន​ជាង​គេ ​ប្រមាណ​ ​៨​ លាន​ដុល្លារ រួម​ជាមួយ​ថ្នាំពេទ្យ។ ​ចំណែក រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​គិត​ជា​ទឹកប្រាក់​៣០ម៉ឺន​ដុល្លារ​អាមេរិក​។ រីឯ​សហរដ្ឋ​អាមេរិក ក៏បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា​ ៥ ម៉ឺន​ដុល្លារ​រួច​ហើយដែរ។
លោក​ ហ៊ុន សែន ​ចាត់ទុក​ការ​ខូចខាត​បណ្តាល​មកពី​គ្រោះទឹក​ជំនន់​ពេល​នេះថា​ មាន​ទំហំ​ធំធេង​ណាស់​ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ពី​ការ​វាយ​តម្លៃ​ខូចខាត​នោះ​នៅ​ឡើយ ​ដោយ​គ្រាន់​តែ​ប្រកាស​អំពាវនាវ​ឲ្យមាន​ការ​រួប​រួម​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។