Social Icons

Saturday, October 15, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ខុមហ្វ្រែល​ចេញ​របាយការណ៍​ពី​បញ្ហា​មិន​ប្រក្រតី​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ រដ្ឋា វីសាល   2011-10-15
គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល ប្រចាំ​ខេត្ត​រតនគិរី បាន​ធ្វើ​របាយការណ៍​ស្ដីពី​បញ្ហា​អសកម្ម​ជា​ច្រើន​ចំណុច​ដែល​កើត​មាន​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​អំឡុង​ពេល ៤៥​ថ្ងៃ ក្នុង​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១១​នេះ។


ក្រុម​អ្នក​សង្កេតការណ៍​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) ការិយាល័យ​នៅ​ខេត្ត​រតនគិរី បាន​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី​ចំនួន ៣២១​ករណី កើត​មាន​នៅ​ឃុំ​សង្កាត់​ចំនួន​១៣ នៅ​ក្នុង​ខេត្ត​រតនគិរី ផ្ទុយ​ទៅ​នឹង​គោលការណ៍​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។
បញ្ហា​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន មិន​បិទ​ផ្សាយ​ប្រក្រតីទិន​ស្ដីពី​ពេល​វេលា និង​ទី​កន្លែង​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន ១៣​ករណី។ មិន​កំណត់​ម៉ោង​ធ្វើ​ការ​ច្បាស់លាស់ និង​ការ​ចូល​ធ្វើ​ការ​យឺតយ៉ាវ​មាន ៤០​ករណី។ មិន​មាន​ការ​ផ្សព្វផ្សាយ​ស្ដីពី​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ៦៥​ករណី។
មិន​បំពេញ​ការងារ និង​ឈប់​សម្រាក​ដោយ​គ្មាន​មូលហេតុ​របស់​មន្ត្រី​រៀបចំ​ចុះ​ឈ្មោះ​មាន ៣៩​ករណី។ អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ដោយ​ជំពាក់​រូបថត ១០០​ករណី។ មិន​គោរព​តាម​ប្រតិទិន និង​មិន​អនុវត្ត​តាម​កាលបរិច្ឆេទ​បំពេញ​ការងារ​ចុះ​ឈ្មោះ​របស់​ស្មៀន​ឃុំ​មាន ៤៥​ករណី។ មេ​ភូមិ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ស្មៀន​ឃុំ​កែ​តម្រូវ​អត្តសញ្ញាណ​ក្នុង​បញ្ជី​ឈ្មោះ​មាន ៨​ករណី។ ស្មៀន​ឃុំ​មិន​ធ្វើ​ការ​ចុះ​ឈ្មោះ​ចំនួន ១០​ថ្ងៃ​ក្នុង​រយៈពេល ៤៥​ថ្ងៃ ដោយសារ​ស្រវឹង​ស្រា ១០​ករណី និង​តំណាង​គណបក្ស​នយោបាយ​ប្ដឹង​ស្មៀន​ឃុំ ១​ករណី។
ប្រធាន​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល មាន​ទីស្នាក់ការ​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ គឺ​លោក សុខ ពិទូ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា ខុមហ្វ្រែល​កំពុង​ប្រមូល​ទិន្នន័យ​ដែល​បាន​រក​ឃើញ​នៅ​គ្រប់​ខេត្ត រាជធានី ហើយ​ធ្វើ​សវនកម្ម​ទៅ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​បង្ហាញ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ និង គ.ជ.ប. វាយ​តម្លៃ និង​កែ​ទម្រង់​ទៅ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​​​ខាង​មុខ​នេះ។
លោក​បន្ត​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ក្រុម​អ្នក​សង្កេតការណ៍​ខុមហ្វ្រែល នៅ​មូលដ្ឋាន​បាន​អន្តរាគមន៍​សុំ​ធ្វើ​ការ​កែ​សម្រួល និង​ដោះស្រាយ​ភ្លាមៗ​នៅ​អំឡុង​ពេល​យុទ្ធនាការ​ចុះ​បញ្ជី​ឈ្មោះ​សម្រាប់​ឆ្នាំ​២០១១ នេះ​រួច​ហើយ៖ «យើង​ក៏​ចង់​ដឹង​ពី​គុណភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែរ អាច​ទទួល​យក​បាន​កម្រិត​ណា ឬ​អាច​ទទួល​យក​បាន ឬ​អត់​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ហ្នឹង»
ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​ខេត្ត​ថា ជា​របាយការណ៍​មិន​អាច​ទទួល​យក​បាន។
លោក​បញ្ជាក់​ថា រយៈពេល ៤៥​ថ្ងៃ ក្នុង​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ខេត្ត​នេះ បាន​ទទួល​ជោគជ័យ និង​មិន​មាន​បណ្ដឹង​ណា​មួយ​ត្រូវ​បាន​ដាក់​ជូន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ធ្វើការ​ដោះ​ស្រាយ​នោះ​ទេ៖ «អ្នក​សង្កេតការណ៍​គឺ​ជា​រឿង​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​ឯកភាព​អ្វី​ដែល​គាត់​លើក​ហ្នឹង​ទេ។ ខ្ញុំ​មិន​ដែល​ទទួល​របាយការណ៍​ពី​គេ​អវត្តមាន​សោះ»
ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា ឆ្នាំ​២០១១​នេះ គឺ​ជា​វេលា​កំណត់​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១១ ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ រហូត​មក។លើក​លែង​ខេត្ត​​ចំនួន ១៦ ដែល​​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់ គ.ជ.ប. បាន​សម្រេច​ពន្យារ​ពេល​បី​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១។
នៅ​ឃុំ​ម៉ាលិច ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី អ្នក​សង្កេតការណ៍​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី ណយ សុខាន់។ អ្នកស្រី​បាន​ចោទ​ប្រកាន់​ទៅ​លើ​ស្មៀន​ឃុំ​ថា នៅ​តែ​មាន​ការ​រើសអើង​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​គេ​សង្ស័យ​ថា ជា​សមាជិក​គណបក្ស​ផ្សេង​ពី​គណបក្ស​ប្រជាជន។
អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​មួយ​ចំនួន​ខកខាន​មិន​បាន​ចុះ​ឈ្មោះ និង​ត្រូវ​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២៖ «ធ្វើ​មិន​តម្លាភាព។ ម្នាក់ៗ​ដើរ​ស៊ី​ឈ្នួល​គេ​ទម្រាំ​តែ​លះបង់​ពេល​វេលា​មក​ធ្វើ​ម្ងៃៗ។ មក​ធ្វើ​តាំង​ពី​ថ្ងៃ​២០ (កញ្ញា) ហ្នឹង​រហូត​ដល់​ថ្ងៃ ១៥ (តុលា) ថ្ងៃ​នេះ​ហើយ អត់​ចុះ»
មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ពី​លទ្ធផល​បណ្ដោះអាសន្ន​ស្ដីពី​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១១ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ ៨.៨៨២​នាក់ បាន​មក​ចុះ​ឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​នេះ។ ក្នុង​នោះ​ដែរ​មាន​ប្រជាពលរដ្ឋ ២.១៦៧​នាក់ បាន​មក​កែ​សម្រួល​អត្តសញ្ញាណ និង​ ១.៨៩៦​នាក់​ទៀត​បាន​លប់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។