Social Icons

Friday, October 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កង្វះ​ដី​កសិកម្ម​ ធ្វើ​ឲ្យ​កសិករ​កម្ពុជា​នៅតែ​រងគ្រោះ ​ដោយ​ខ្វះ​ស្បៀង



FRIDAY, 14 OCTOBER 2011 12:01
រ៉ាន់ រើយ


ភ្នំពេញៈ កសិករ​កម្ពុជា​នៅតែ​រងគ្រោះ​ខ្វះខាត​ស្បៀង​អាហារ​ សម្រាប់​បរិភោគ​ខ្លាំង​ជាង​គេ ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ កំណើន​ប្រជាជន និង​ភាព​ខ្សត់​ខ្សោយ​នៃ​ធនធាន​ដូចជា​ ដី​កសិកម្ម និង​ទឹក​ក្នុង​ការ​ផលិត​ស្បៀង​អាហារ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ របស់​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រៀបចំ​ពិព័រណ៍​ស្បៀង​អាហារ និង​ផលិតផល​កសិកម្ម​ ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច កាល​ពី​ម្សិល​មិញ​ បានឲ្យ​ដឹង​ថា​ កសិករ​នៅ​តាម​ទី​
ជនបទ​ នៅ​តែ​ប្រឈម​មុខ ​និងការ​ខ្វះខាត​ស្បៀង​ ខណៈ​កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​៧​លាន​តោន នៅក្នុង​ឆ្នាំ​ ២០១០។ ចំនួន​នេះ អាច​ចិញ្ចឹម​ប្រជាជន​នៅក្នុង​ប្រទេស​បានគ្រប់គ្នា​ ហើយ​សេសសល់​អាចនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ថែម​ទៀត តែផ្ទុយ​ទៅ​វិញ ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​រងគ្រោះ។ សេចក្តី​ប្រកាស​ព័ត៌មាន ​បាន​លើក​ឡើង​ថា៖ «អ្នក​ផលិត​ស្បៀង​ខ្នាតតូច​ ជាពិសេស​ស្ត្រី នៅ​តាម​ទីជនបទ នៅតែ​ប្រឈមមុខ​នឹង​កង្វះ​ខាត​ស្បៀង​អាហារ​» ដោយ​បន្ត​ថា​ តម្លៃ​ទំនិញ​បន្ត​កើន​ឡើង ហើយ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ កើត​ឡើង​កាន់​តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន​។
លោក​ស្រី​ ជេត​ ចរិយា នាយិកា​ប្រតិបត្តិ ​អង្គការ​ស្តារ​កម្ពុជា ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោ​មអង្គការ​៧ ដែល​បាន​ចូលរួម​រៀបចំ​តាំង​ពិព័រណ៍​នោះ ​បាន​ថ្លែង​ថា ចំនួន​មនុស្ស​កាន់​តែ​កើនឡើង តែ​ផ្ទៃដី​សម្រាប់​ធ្វើ​កសិកម្ម ​នៅតែ​ដដែល​ គឺ​ជា​ដើម​ហេតុ​ ដែល​ធ្វើ​ឲ្យ​កសិករ​ខ្វះខាត​ស្បៀង​។​ លោក​ស្រី​និយាយថា៖ ​«យើង​ព្រួយ​បារម្ភ​ ដោយ​សារ​ប្រជាពល​ភាគ​ច្រើន​ ប្រកប​របរ​កសិកម្ម តែ​គាត់​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ទាំង​បច្ចេកទេស​ទាំងដី​ធ្លី​ និង​ទាំង​ថវិកា»​។ លោកស្រី​បន្តថា បញ្ហា​សំខាន់​ជាង​គេ​ គឺ​ប្រជា​កសិករ ខ្វះ​ខាត​ដី​ធ្លី ​សម្រាប់​ធ្វើ​កសិកម្ម។ លោកស្រី​ ជេត ចរិយា បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល ឲ្យ​រៀបចំ​យុទ្ធសាស្រ្ត​ ធ្វើ​យ៉ាង​ណាត្រូវ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់​កសិករ​ ឲ្យ​អាច​ធ្វើ​ស្រែ​បានចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។
ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​ផល​ប៉ះពាល់​ ដោយសារ​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បាន​បំផ្លាញ​ស្រូវ​ជាដង្ហើម​រស់​របស់​កសិករ​រាប់​ម៉ឺនហិកតា។ ជា​មួយ​គ្នា​នេះ ​អង្ករ​នៅ​តាម​ទីផ្សារ កំពុង​ត្រូវ​បានពួក​ឈ្មួញ​កណ្តាល​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ។
អនុ​រដ្ឋលេខាធិការ ​ក្រសួង​កសិកម្ម លោក គិត សេង បាន​ទទួល​ស្គាល់​ថា​ ឈ្មួញ​តែងតែ​ឆ្លៀត​ឱកាស​ នៅ​ក្នុងពេល​ស្ថានភាព​បែប​នេះ ដើម្បី​កេង​យក​ចំណេញ ​ដោយ​ដំឡើង​ថ្លៃ​អង្ករ។
ទោះបី​ជា​បែប​នេះ​ក្តី​ លោក គិត សេង ​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​ មិនមាន​ចេញ​បម្រាម ​ដើម្បី​ទប់ស្កាត់​អង្ករ​មិន​ឲ្យ​ឡើង​ថ្លៃឡើយ ដោយ​លោក​បង្វែរ​សំណួរ​ ឲ្យ​ទៅ​សួរ​ក្រសួង​ពាណិជ្ជកម្ម​វិញ។
រដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​ លោក ម៉ៅ​ ថូរ៉ា បញ្ជាក់​ថា ​ក្រសួង​ពាណិជ្ជកម្ម​ នៅ​មិនទាន់​ចេញ​លិខិត​អ្វី​មួយ​ ទាក់ទិន​ទៅ​នឹង​តម្លៃ​អង្ករ​ ដែល​កំពុង​ល្បី​ថា​ ឡើង​ថ្លៃ​នេះទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​មន្ត្រីនៃ​ក្រសួង​នេះ ចុះ​ទៅ​ស្រាវជ្រាវ​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន។ លោកបាន​និយាយ​ថា​៖​ «​យើង​មិនទាន់​ដឹង យើង​ចេះ​តែ​ឮៗ ទាល់​តែ​នាយកដ្ឋាន ​គេ​ទៅ​ស្រាវជ្រាវ​សិន»៕



0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។