Social Icons

Thursday, October 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក សម រង្ស៊ី គ្រោង​ប្ដឹង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន


2011-10-06
លោក សម រង្ស៊ី គ្រោង​ប្ដឹង​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពី​បទ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​តារាភាពយន្ត ពិសិដ្ឋ ពិលីកា។

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៥ តុលា បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ស្វែង​រក​យុត្តិធម៌​ឲ្យ​សិល្បករ និង​តារា​សម្ដែង​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៩។
លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នឹង​ប្ដឹង​ចោទ​ប្រកាន់​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​កាកបាទ​ក្រហម​ថា អ្នកស្រី​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពិលីកា។ 
បន្ទាប់​ពី​អ្នកស្រី ពិសិដ្ឋ ពិលីកា ស្លាប់ ទស្សនាវដ្ដី​បារាំង​ឈ្មោះ L’ Express បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ។
លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​បង្ហាញ​ភស្តុតាង​នៅ​សប្ដាហ៍​ក្រោយ ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពិលីកា។
ក្រៅ​តែ​ពី​ជា​តារាភាពយន្ត​ដ៏​ល្បី​ឈ្មោះ អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​របាំ​បូរាណ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្រុង​ភ្នំពេញ កាល​ពី​មុន​ឆ្នាំ​១៩៩៩ ។
អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩ ក្នុង​គ្រា​ដែល​អ្នកស្រី​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ឯ​ផ្សារ​អូរឫស្សី ក្រុង​ភ្នំពេញ។ លុះ​ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏​បាន​ទទួល​មរណភាព នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​វេលា​ម៉ោង ៦​កន្លះ​ព្រឹក។
នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នោះ កុមារី​មួយ​រូប​ដែល​ជា​ក្មួយ​ស្រី​របស់​អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏​បាន​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​សង្គ្រោះ​ជីវិត ហើយ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ប្រទេស​បារាំង។
ក្នុង​អំឡុង​ពេល​ជាង ១១​ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​នៅ​ឡើយ​ទេ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។