Social Icons

Thursday, October 6, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មនុស្ស​៧​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​ពោធិ៍សាត់

2011-10-06      ដោយ មណ្ឌលកែវ
នៅ​ឯ​ឃុំ​កំពង់ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​មនុស្ស ៧​នាក់​បាន​ស្លាប់ និង​ជាង ៥០​នាក់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ដោយ​ការ​ពុល​ស្រា។

មនុស្ស​ចំនួន ៧​នាក់​បាន​ស្លាប់ ដោយសារ​បាន​ហូប​ស្រា​ក្នុង​ពិធី​កំដរ​បុណ្យ​សព​មួយ​នៅ​ខេត្ត​ពោធិ៍សាត់។ មនុស្ស​ទាំង ៧​នាក់​នោះ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ចំនួន ៣​នាក់ និង ៤​នាក់​ផ្សេង​ទៀត​ស្លាប់​នៅ​ពេល​ដឹក​យក​មក​ដល់​មន្ទីរពេទ្យ។
លោក​គ្រូពេទ្យ ស៊ឹម វណ្ណា នៃ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ពុល​ស្រា​ចំនួន ៥៤​នាក់ ដែល​បាន​ដឹក​មក​ធ្វើការ​សង្គ្រោះ​បន្ទាន់​កាល​ពី​យប់​ថ្ងៃ​ទី​៥ តុលា។
បុរស​ឈ្មោះ មុំ ថា អាយុ ២៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​មាត់ព្រៃ ឃុំ​កំពង់ពោធិ៍។ គាត់​កំពុង​ព្យួរ​សេរ៉ូម ​ក្នុង​មន្ទីរពេទ្យ​ទាំង​ទឹក​មុខ​ស្លេកស្លាំង។ គាត់​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ញ៉ាំ​ស្រា​ក្នុង​ពិធី​បុណ្យ​សព​អ្នក​ភូមិ​ម្នាក់ នៅ​ថ្ងៃ​ទី​៤ តុលា តែ​ពុំ​ទាន់​មាន​បញ្ហា​អី​កើត​ឡើង​ទេ។ លុះ​ដល់​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៥ តុលា ក៏​មាន​ពិធី​បុណ្យ​សព​អ្នក​ភូមិ​ម្នាក់​ទៀត។ គាត់​រួម​នឹង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ក៏​នាំ​គ្នា​ជួយ​កំដរ​បន្ត និង​នាំ​គ្នា​ញ៉ាំ​ស្រា​ដែល​ម្ចាស់​ផ្ទះ​គេ​បាន​ទិញ​មក ក៏​ស្រាប់​តែ​មាន​អ្នក​ភូមិ​ខ្លះ​ចាប់​ផ្ដើម​ទន់​ក។
ដំបូង​ស្មាន​តែ​អ្នក​ភូមិ​នោះ​ស្រវឹង​ធម្មតា​ទេ គេ​ក៏​ទុក​ឲ្យ​គាត់​ដេក តែ​ដល់​ពិនិត្យ​ទៅ​ទើប​ដឹង​ថា អ្នក​ភូមិ​នោះ​បាន​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ។ បន្ទាប់​មក​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ដួល​ដេក​ជា​បន្តបន្ទាប់ ទើប​អ្នក​ភូមិ​ផ្សេង​ទៀត​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​ដឹក​យក​អ្នក​ស្រវឹង​ទៅ​មន្ទីរពេទ្យ ៖ «វា​មាន​អាការៈ​ឈឺ​ក្បាល​ខ្លាំង ឯ​មនុស្ស​ចាស់ៗ​គាត់​ទទួល​អាការៈ​ងងឹត​ភ្នែក។ ថ្ងៃ​ភ្លឺ​ចែស​គាត់​សួរ​ថា តើ​យប់​ហើយ​មែន​ទេ?»
មេ​ឃុំ​កំពង់ពោធិ៍ គឺ​លោក ភី ភឿន។ លោក​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៥ តុលា ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់ពោធិ៍ ២​នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរសណ្ដាន់ ម្នាក់ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ធ្វើ​បុណ្យ មួយ​ចំនួន​ទៀត​កំពុង​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៖ «ដែល​ដឹក​ទៅ​ពេទ្យ​នោះ ខ្ញុំ​អត់​ដឹង​ថា អស់​ប៉ុន្មាន​ទៀត​ទេ។ តែ​នៅ​កន្លែង​បុណ្យ​ស្លាប់​អស់ ៣​នាក់​ហើយ។ ២​នាក់​ក្នុង​ឃុំ​ខ្ញុំ និង​ម្នាក់​នៅ​ខាង​ឃុំ​អូរសណ្ដាន់។ មួយ​ចំនួន​បាន​ដឹក​ទៅ​ពេទ្យ​ពោធិ៍សាត់​ហើយ តែ​មិន​ដឹង​ជា​សង្គ្រោះ​បាន​ប៉ុន្មាន ហើយ​អស់​ប៉ុន្មាន​ទៀត​ទេ»
នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​តុលា នៅ​ឯ​បន្ទប់​សង្គ្រោះ​បន្ទាន់ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ គេ​ឮ​តែ​សំឡេង​ស្រែក​ហៅ​គ្រូពេទ្យ​ឲ្យ​ជួយ​សង្គ្រោះ​យ៉ាង​ទ្រហឹង។ គ្រូពេទ្យ​ជាង ១០​រូប​បាន​មមាញឹក​ក្នុង​ការ​ជួយ​សង្គ្រោះ។
អាជ្ញាធរ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គេ​កំពុង​យក​ស្រា​ដែល​នៅ​សល់​យក​ទៅ​ធ្វើការ​ពិសោធន៍​នៅ​ឯ​ភ្នំពេញ តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។
កាល​ពី​ខែ​កុម្ភៈ នៅ​ឯ​ភូមិ​ក្សេត្របូរី នៃ​ស្រុក​ភ្នំក្រវាញ ប្រជាពលរដ្ឋ ៣​នាក់ បាន​ស្លាប់​ដោយ​ការ​ពុល​ស្រា ហើយ​នៅ​ពាក់​កណ្ដាល​ខែ​សីហា កន្លង​ទៅ នៅ​ឯ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក៏​មាន​ប្រជាពលរដ្ឋ ៦​នាក់​បាន​ស្លាប់ និង ២៤​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ដោយសារ​ការ​ពុល​ស្រា​ផង​ដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។