ដោយ សួន សុផលមុន្នី
2011-10-13
កម្មករខ្មែរចំនួនជិត ៤០០នាក់ ជាអ្នកបម្រើការងារនៅតាមរោងចក្រក្នុងប្រទេសថៃ នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១១នេះ បាននាំគ្នាធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកស្រុកខ្មែរវិញ ក្រោយពីទទួលការគំរាមកំហែងដោយទឹកជំនន់។
កម្មការិនីខ្មែរម្នាក់ឈ្មោះ លាង ហ៊ី អាយុ ២៥ឆ្នាំ បាននិយាយថា កម្មករខ្មែរប្រុសស្រីចំនួនជិត ៤០០នាក់ ដែលបម្រើការនៅរោងចក្រផលិតអាហារជប៉ុន នៅក្នុងខេត្តអយុធ្យា ប្រទេសថៃ ត្រូវបានម្ចាស់ក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាក និងបញ្ជូនមកប្រទេសកម្ពុជាវិញ៖ «ទឹកលិចរោងចក្រធ្វើការអត់កើត វាពិបាកអត់មានការងារធ្វើ។ លិចចូលប្រហែលជាពីរថ្ងៃទេ តែទឹកចេះតែឡើង ធ្វើមិនកើតគេឲ្យមកវិញ។ បើទឹកស្រកគេឲ្យទៅវិញ រៀបចំ
រោងចក្រហ្នឹងឲ្យរៀបរយ គេឲ្យទៅវិញ។ គេឲ្យលិខិតឆ្លងដែនមកពួកខ្ញុំ។ មកសុទ្ធតែមានលិខិតឆ្លងដែនអត់អីទេ»។ក្រុមកម្មករកម្មការិនីខ្មែរទាំងនោះបានធ្វើដំណើរដោយជិះរថយន្តក្រុងពីប្រទេសថៃ ឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់មកបាននាំគ្នាឡើងជិះរថយន្តក្រុងទៅតាមលំនៅឋានរៀងៗខ្លួន៕



0 comments:
Post a Comment