Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ចោទ​ប៉េអឹម​ថា​ប្រើ​អាវុធ​ចូល​អុកឡុក​ការិយាល័យ​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត

ដោយ រដ្ឋា វីសាល      2011-10-08
មន្ត្រី​មូលដ្ឋាន​ឃុំ​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី បាន​ចោទ​ប្រកាន់​ជន​ប្រដាប់​អាវុធ​ពីរ​នាក់​ដែល​គេ​ស្គាល់​ម្នាក់​ជា​អតីត​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា ថា បាន​ចូល​ទៅ​គំរាមកំហែង​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។


មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សែនមនោរម្យ ស្រុក​ដាក់ដាំ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​តុលា ឆ្នាំ​២០១១ អំពាវនាវ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​ចាត់​វិធានការ​ដាក់​វិន័យ​ចំពោះ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​បក្សពួក​ដែល​បាន​ប្រើប្រាស់​អាវុធ​បី​ដើម​ចូល​អុកឡុក​ការិយាល័យ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។
ស្មៀន​ឃុំ​សែនមនោរម្យ គឺ​លោក ហុង ទិត្យ។ លោក​បាន​រៀបរាប់​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា ឆ្នាំ​២០១១ ជន​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ម្នាក់​មាន​ឈ្មោះ សួ ម៉ារិទ្ធ ដែល​គេ​ស្គាល់​ថា ជា​អតីត​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា ទើប​ផ្លាស់​ចេញ និង​បក្សពួក​ម្នាក់​ទៀត ស្លៀក​ពាក់​ជា​ជន​ស៊ីវិល មាន​កាំភ្លើង​ខ្លី​នៅ​សៀត​ចង្កេះ​មួយ​ដើម និង​នៅ​ដៃ​មាន​អាវុធ​អាកា ៤៧​បត់ (AK47) ម្នាក់​មួយ​ដើម បាន​ចូល​មក​ការិយាល័យ​រៀបចំ​ចុះ​ឈ្មោះ​ឆ្នោត​លេខ ០០២២ មាន​ទីតាំង​នៅ​ភូមិ​ពូរ៉ាង ហើយ​ស្រែក​គំរាម​សម្លាប់​មន្ត្រី​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​សង្ស័យ​ថា ក្រុម​មន្ត្រី​មូលដ្ឋាន​នៅ​ទី​នោះ​រាយការណ៍​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​របស់​ពួកគេ។
លោក​បាន​បញ្ជាក់​ដូច្នេះ ៖ «ជូន​ដំណឹង ក៏​ដូច​ជម្រាប​ទៅ​ដល់​ឯកឧត្ដម សៅ សុខា តែម្ដង ដែល​ជា​មេ គួរ​តែ​ចាត់​វិធានការ​យ៉ាង​ណា​អនុវត្ត​ការ​គំរាមកំហែង​មក​លើ​ក្រុម​គណៈកម្មការ​យើង​ខ្ញុំ»
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពូរ៉ាង អ្នកស្រី ចាន់ សុភ័ន្ត។ អ្នកស្រី​បាន​ឃើញ​ហេតុការណ៍ បាន​រៀបរាប់​ពី​ទិដ្ឋភាព​ដែល​អ្នកស្រី​បាន​ឃើញ ៖ «គេ​និយាយ​ថា ឡាន​វា​តម្លៃ​រាប់​ម៉ឺន វា​យក​មក​ដឹក​ឈើ​ប្រាំពីរ​ប្រាំបី​ផ្លាន​ហ្នឹង អា​ណា​ហ៊ាន​កាក់​ឡាន​វា អា​ហ្នឹង​អ្ហែង​ទៅ​ហៅ​វា​ចេញ​មក អញ​បាញ់​អា​ហ្នឹង​ឲ្យ​បែក​សន្ទះ​ក្បាល​ម្ដង​មើល៍។ មក​វា​រលាស់​កាំភ្លើង​រលាស់​អី​ពេញ​ហ្នឹង​តែម្ដង​ទៅ​ណា»
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​បើក​យុទ្ធនាការ​ពិនិត្យ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស សម្រាប់​ឆ្នាំ​២០១១​នេះ​រយៈពេល ៤៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១។
ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​មណ្ឌលគិរី លោក ទី ឈឿន ទទួល​ស្គាល់​ថា មន្ត្រី​នៅ​មូលដ្ឋាន​បាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​អុកឡុក​នេះ​មក​លោក​រួច​ហើយ កាល​ពី​រសៀល​ថ្ងៃ​កើត​ហេតុ​នោះ ៖ «ខ្ញុំ​ឲ្យ​គេ​ស្រាវជ្រាវ​បញ្ហា​អ្នក​ដែល​គំរាមកំហែង​កន្លែង​ការិយាល័យ ហើយ​យើង​បាន​បញ្ជូន​មន្ត្រី​ទៅ​កន្លែង​កើត​ហេតុ​ហ្នុង»
វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​តុលា ឆ្នាំ​២០១១​នេះ មិន​អាច​ទាក់ទង​បុរស​ឈ្មោះ សួ ម៉ារិទ្ធ ឬ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ចោទ​ប្រកាន់​នេះ​បាន​ទេ។
យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអៀង។ លោក​បាន​ប្រតិកម្ម ដោយ​ចាត់​ទុក​ទង្វើ​អុកឡុក និង​រំខាន​ដល់​យុទ្ធនាការ​ពិនិត្យ និង​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថា ជា​សកម្មភាព​មិន​អាច​លើក​លែង​បាន ៖ «ខ្ញុំ​ថា ឲ្យ​ធ្វើ​របាយការណ៍​កំណត់ហេតុ​បញ្ជូន​មក​ខេត្ត​ដើម្បី​ចាត់​វិធានការ។ យើង​អត់​កាន់​ជើង​ទេ ជន​ដែល​ទៅ​បង្ក​ការ​អាក់ខាន​អី​ដល់​ដំណើរការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត»
ប្រធាន​កង​ប្រជា​ការពារ​ឃុំ​សែនមនោរម្យ លោក លី ហេង ដែល​អះអាង​ថា លោក​ធ្លាប់​ដឹង​ពី​សកម្មភាព​ខុស​ច្បាប់​របស់​មន្ត្រី​អាវុធហត្ថ​នេះ បាន​លើក​ជា​សំណួរ​ថា ៖ «តើ​មន្ត្រី​មួយ​ណា​ដែល​ការពារ​លោក សួ ម៉ារិទ្ធ ហ្នឹង ក្រោយ​ពី​គាត់​មាន​រឿង​ផ្ទូនៗ​គ្នា​បែរ​ជា​ដាក់​គាត់​មក​វិញ។ ឯកឧត្ដម សៅ សុខា គាត់​មាន​ផ្កាយ​បួន​នេះ ប្រជាជន ប្រជាពលរដ្ឋ​ទុក​ចិត្ត តើ​ហេតុ​អ្វី​បាន​ជា​ដាក់​មនុស្ស​អ៊ីចឹងៗ​មក​អុកឡុក​ធ្វើ​ឲ្យ​ប្រជា​ការពារ​មួយ​ចំនួន​ភ័យ​ខ្លាច»
ប្រភព​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់​អត្តសញ្ញាណ​បុរស​ឈ្មោះ ស៊ួ ម៉ារិទ្ធ ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ច្រើន​ឆ្នាំ​កន្លង​ទៅ​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​កងរាជអាវុធហត្ថ​ជា​ច្រើន​ករណី ដូចជា​ប្រើ​កាំភ្លើង​បាញ់​គំរាម​មន្ត្រី​មូលដ្ឋាន វាយ​មន្ត្រី​អភិរក្ស​ជីវចម្រុះ គំរាម​កំហែង​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជំរិត​ប្រាក់​ពី​ក្រុម​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ និង​ជា​ពិសេស​បុរស​នេះ​គឺ​ជា​អ្នក​ធ្វើ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​ទៀត​ផង៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។