Social Icons

Monday, October 10, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្មករ​សណ្ឋាគារ Angkor Village Botanical Resort សៀមរាប​បន្ត​កូដកម្ម


ក្រុម​សហជីព​កម្មករ បាន​ឱ្យ​ដឹង​ថា គេ​មាន​គម្រោង​ជួប​ជា​លក្ខណៈ​ពិសេស​ជាមួយ​មន្ត្រី​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា និង​មាន​គម្រោង​ជួប​ជាមួយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។

១០-តុលា-២០១១៖ ក្រុម​សហជីព និង​កម្មករ ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ Angkor Village Botanical Resort ខេត្ត​សៀមរាប។

ការ​ជួប​នេះ គឺ​ដើម្បី​ឱ្យ​ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​សណ្ឋាគារ​អង្គរ​វិលេក បូតានិកខល ​រីសត (Angkor Village Botanical Resort) ក្នុង​ខេត្ត​សៀមរាប​ឱ្យ​គោរព​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា និង​ទទួល​យក​បុគ្គលិក​កម្មករ​ចំនួន ៦៧ នាក់ ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើ​ការ​វិញ។
កូដកម្ម​ដែល​ទាមទារ​ឱ្យ​ម្ចាស់​សណ្ឋាគារ​អង្គរ​វិលេក បូតានិកខល រីសត ទទួលយក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧ នាក់ បាន​ចូល​ធ្វើ​ការ​វិញ​នោះ បាន​បង្ហាញ​រូប​ភាព​កាន់​តែ​ធំ​ឡើងៗ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែ​តុលា។
បញ្ហា​នេះ បាន​បណ្ដាល​ឱ្យ​សមត្ថកិច្ច​រៀបចំ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ប្រដាប់​ដោយ​ខែល និង​ដំបង​គ្រោង​នឹង​បំបែក​ហ្វូង​កូដកម្ម និង​ព្រះរាជអាជ្ញា​រង​របស់​តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​មុខ​ហាមឃាត់ ឱ្យ​កូដកម្ម​នោះ​បញ្ឈប់​ជា​បន្ទាន់។
ចាប់​តាំង​ពី​ម៉ោង​ជាង ៨ ព្រឹក​រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ មាន​សហជីព​ចំនួន ៧ ក្រុម​មក​ពី​ទីក្រុង​ភ្នំពេញ និង​មក​ពី​តាម​កន្លែង​ការងារ​ផ្សេងៗ នៅ​ក្នុង​ខេត្ត ដែល​មាន​គ្នា​ប្រមាណ​ជាង ២០០ នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ជា​រូបភាព​ធំ ខុស​ពី​កូដកម្ម​កាល​ពី​ពេល​មុនៗ។
លោក អាត់ ធន់ ជា​ប្រធាន​សហភាព​ការងារ​មក​ពី​ទីក្រុង​ភ្នំពេញ បាន​ចូលរួម​ធ្វើ​កូដកម្ម​នោះ។ លោក​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោក​ស្ដាយ​ជា​ទី​បំផុត ក្រោយ​ពី​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី ៨ ខែ​តុលា កន្លង​ទៅ​បាន​បរាជ័យ ដោយ​ថៅកែ​មិន​ព្រម​ទទួល​យក​បុគ្គលិក​ចំនួន ៦៧ នាក់ ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ការ​បង្កើត​សហជីព​នោះ ឱ្យ​បាន​ចូល​ធ្វើ​ការ​វិញ។
លោក អាត់ ធន់ បាន​បញ្ជាក់​ថា ក្រុម​បុគ្គលិក និង​កម្មករ​របស់​សណ្ឋាគារ​អង្គរ​វិលេក បូតានិកខល ​រីសត និង​សណ្ឋាគារ​អង្គរ​វិលេក​ទាំង​អស់ ដែល​គេ​បាន​បញ្ឈប់​នោះ មិន​ត្រូវ​ការ​លុយ​សំណង ដើម្បី​បញ្ចប់​ការងារ​ទេ គឺ​ពួក​គេ​ត្រូវ​ការ​ចូល​បម្រើ​ការងារ​វិញ។
លោក អាត់ ធន់៖ «គឺ​យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​ជាមួយ​ស្ថានទូត​បារាំង ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ការ​រំលោភ​របស់​ថៅកែ​បារាំង។ ទី​២ គឺ​យើង​នឹង​រៀបចំ​ជួប​ជា​លក្ខណៈ​ពិសេស​ជាមួយ​ឯក​ឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ។ ទី​៣ គឺ​យើង​នឹង​រៀបចំ​បណ្ដឹង​ទៅ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​នៅ​គ្រប់​មុខ​សញ្ញា ឯកឧត្ដម អ៊ិត សំហេង ជា​ប្រធាន​ថ្នាក់​ជាតិ​ឯកឧត្ដម ស៊ូ ភិរិន្ទ ជា​ប្រធាន​គណៈកម្មការ​ប្រចាំ​ខេត្ត​សៀមរាប ត្រូវ​ដោះស្រាយ​រឿង​នេះ​ជា​បន្ទាន់»។
អាជ្ញាធរ​បាន​ហៅ​សកម្មភាព​របស់​ក្រុម​សហជីព​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា វា​លែង​ជា​អំពើ​កូដកម្ម​ទៀត​ហើយ។ ប៉ុន្តែ វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​សកម្មភាព​បាតុកម្ម​វិញ។
លោក ច័ន្ទ សុខុមចិត្តា ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​មន្ទីរ​ការងារ និង​មន្ទីរ​ទេសចរណ៍ ផុត​សមត្ថកិច្ច​ក្នុង​ការ​ផ្សះ​ផ្សារ​ទំនាស់​រវាង​ក្រុម​កម្មករ និង​ថៅកែ​សណ្ឋាគារ​អង្គរ​វិលេក បូតានិកខល ​រីសត​ហើយ។ ក៏​ប៉ុន្តែ លោក​យល់​ឃើញ​ថា តំណាង​សហជីព​គួរ​តែ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ប្រសើរ​ជាង​ការ​នាំ​គ្នា​មក​ធ្វើ​កូដកម្ម ដែល​នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់​សាធារណ និង​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍។
លោក ច័ន្ទ សុខុមចិត្តា៖ «ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​កាត់​អី​ហើយ។ នេះ​វា​នៅ​តែ​អត់​មាន​នីតិវិធី​តទៅ​ទៀត។ គាត់​ត្រូវ​ដឹក​ដៃ​គ្នា​ទៅ​តុលាការ ដើម្បី​ឱ្យ​តុលាការ​ដោះស្រាយ​នីតិវិធី​ថា ត្រូវ​តែ​បញ្ចប់​យ៉ាង​ម៉េច។ ប៉ុន្តែ ឥឡូវ​នីតិវិធី​ហ្នឹង​អត់​ទាន់​មាន​ខាង​ណា​ប្ដឹង​ទៅ​តុលាការ​ទេ»។
កាល​ពី​ម៉ោង​ប្រមាណ ១១ ព្រឹក​ថ្ងៃច័ន្ទ លោក អ៊ុយ សំភា ជា​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចេញ​មុខ​ប្រាប់​ទៅ​ក្រុម​សហជីព​ឱ្យ​បញ្ឈប់​ធ្វើ​កូដកម្ម​របស់​ខ្លួន និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ដោយ​លោក​បាន​សន្យា​ថា ក្នុង​រយៈ​ពេល ១ សប្ដាហ៍​យ៉ាង​យូរ​តុលាការ​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​រឿង​នេះ តែ​បើ​សហជីព​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ទៅ​ទៀត លោក​នឹង​ប្រើ​កម្លាំង​ប៉ូលិស ដើម្បី​បំបែក។
ក្រុម​សហជីព​កម្មករ បាន​ឱ្យ​ដឹង​ថា គេ​បាន​យល់​ព្រម​ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ​អង្គរ​វិលេក បូតានិកខល ​រីសត ជា​បណ្ដោះ​អាសន្ន​ចំនួន ១ សប្តាហ៍​សិន ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ។ ក៏​ប៉ុន្តែ បើ​ហួស​រយៈ​ពេល ១ សប្ដាហ៍​ហើយ តុលាការ​នៅ​តែ​មិន​ដោះ​ស្រាយ​បញ្ហា​នោះ គឺ​ពួក​គេ​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​សាជាថ្មី។
ជម្លោះ​រវាង​ថៅកែ​សណ្ឋាគារ អង្គរ​វិលេកបូតានិកខល​រីសត និង​ក្រុម​បុគ្គលិក​កម្មករ​បាន​អូស​បន្លាយ​តាំង​ពី​ដើម​ខែ​សីហា​រហូត​មក​ដល់​ពេល​នេះ បណ្ដាល​ឱ្យ​ក្រុម​សហជីព​បាន​ធ្វើ​កូដកម្ម​ជា​ច្រើន​លើក​មក​ហើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។