Social Icons

Monday, October 10, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្មករ​រោងចក្រ អ៊ឹមវ៉េ (M&V) ធ្វើ​កូដកម្ម​ចូល​ដល់​ថ្ងៃ​ទី​៤


ដោយ មណ្ឌល កែវ    2011-10-10

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ អ៊ឹមវ៉េ (M&V International) នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ ដោយសារ​ភាគី​ថៅកែ​រោងចក្រ​មិន​ទទួល​យក​ការ​ទាមទារ​របស់​កម្មករ។

១០-តុលា-២០១១៖ កម្មករ​កម្មការិនី​តវ៉ា នៅ​មុខ​រោងចក្រ អ៊ឹមវ៉េ (M&V International) ខេត្ត​កំពង់ឆ្នាំង។
កម្មករ​កម្មការិនី​រោងចក្រ អ៊ឹមវ៉េ (M&V International) ខេត្ត​កំពង់ឆ្នាំង​ប្រមាណ ២ ពាន់​នាក់​នៅព្រឹក ថ្ងៃ​ចន្ទ​ទី​១០ តុលា បាន​នាំ​គ្នា​បន្ត​ការ​ទាមទារ​ទាំង ៨ ចំណុច​ឲ្យ​ថៅកែ​រោងចក្រ​នេះ​ដោះស្រាយ។
អ្នកស្រី ដាលីន អាយុ ៣០ ឆ្នាំ គឺ​ជា​កម្មការិនី​ផ្នែក​តម្បាញ។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា​ថា មូលហេតុ ដែល​គាត់​ចូលរួម​ក្នុង​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ក្នុង​បំណង​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ការ​រើសអើង​សហជីព និង​បញ្ឈប់​ការ​គាប​សង្កត់ និង​មាក់ងាយ​កម្មករ។
អ្នកស្រី ដាលីន៖ «ពួក​ចិនៗ ម៉ោង ៥ គេ​នាំ​គ្នា​ចេញ​ទៅ​ហូប​អីៗ ហើយ។ ក៏​ប៉ុន្តែ កម្មករ​អត់​មាន​អី​ហូប​ទេ។សូម្បី​តែ​ស្ករ ១ គ្រាប់​ក៏​សន្តិសុខ​តាម​ខ្វេះ​ដល់​មាត់​ដែរ»។
ស្រដៀង​គ្នា​នេះ​ដែរ កម្មករ​កម្មការិនី​ជា​ច្រើន​នាក់​ទៀត​និយាយ​ថា មេការ​រោងចក្រ​ម្នាក់ ដែល​កម្មករ​ស្គាល់​ថា​ឈ្មោះ តា​កឺ បាន​ប្រើ​សំដី​អសុ​រស​មក​លើ​កម្មការិនី​ទៀត​ផង៖ «ខ្ញុំ​សំណូមពរ​ថា នៅ​ពេល​មាន​បញ្ហា​អី នៅ​ពេល​កម្មករ​តវ៉ា​សុំ​ឲ្យ​ខាង​រោងចក្រ​ស្ដាប់​កម្មករ​ខ្លះ​ផង។ កុំ​ឲ្យ​និយាយ​ថា បើ​ចង់​តវ៉ា​អី​ទៅ​បើក​រោងចក្រ​ខ្លួន​ឯង​ទៅ។ សុំ​កុំ​ឲ្យ​មើល​ងាយ​កម្មករ​ពេក។ ចិន​ម្នាក់​ ឈ្មោះ តាកឺ បាន​និយាយ​ថា បើ​កុំ​តែ​មាន​រោងចក្រ ពួក​ខ្ញុំ​ទៅ​ធ្វើ​ស្រី​ខូច​អស់​ហើយ»។
ចំណុច​ទាំង ៨ ដែល​កម្មករ​កម្មការិនី​ទាមទារ​នោះ​គឺ ១- សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព រួម​ទាំង​សកម្មជន​មួយ​ចំនួន​ទៀត ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ​នៅ​ថ្ងៃ​ទី​១ តុលា​នោះ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ២- ទាមទារ​ឲ្យ​មាន​ថ្នាំ​ពេទ្យ និង​គ្រូ​ពេទ្យ​ប្រចាំ​ការ​ចំពោះ​កម្មករ​កម្មការិនី​វេន​យប់។ ៣- ឲ្យ​មាន​កន្លែង​សម្រាក​ញាំ​បាយ​ចំពោះ​កម្មករ កម្មការិនី​វេន​យប់។ ៤- ឈប់​បណ្ដេញ​កម្មករ​កម្មការិនី​វេន​យប់ ដែល​ឈឺ ឬ​សន្លប់ ឲ្យ​ទៅ​ផ្ទះ​វិញ​ទាំង​យប់ ដោយ​មិន​គិត​ពី​សុវត្ថិភាព​កម្មករ។ ៥- សុំ​ឲ្យ​មាន​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ។ ៦- បញ្ឈប់​ការ​ផ្ដាច់​ប្រាក់​រង្វាន់​ចំពោះ​កម្មករ​កម្មការិនី ដែល​មិន​ព្រម​មក​ធ្វើ​ការ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ។ ៧- បញ្ឈប់​ការ​កៀប​សង្កត់​កម្មករ​តាម​គ្រប់​រូបភាព។ ៨- ផ្ដល់​ការ​អនុញ្ញាត​ច្បាប់​ដល់​កម្មករ​មាន​ធុរៈ​ចាំបាច់ ដែល​មាន​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក វ៉ាង យ៉ាងវៃ (Wang Jian Wei) នាយក​ក្រុមហ៊ុន អ៊ឹម វ៉េ (M&V International) បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១០ តុលា។
ទោះ​យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​ការ​សម្របសម្រួល​ភាគី​ទាំង​ ២ រួច​ហើយ តែ​គេ​មិន​ចុះ​សម្រុង​គ្នា។ លោក​ថា លោក​បាន​បញ្ជូន​ករណី​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​រួច​ហើយ។
លោក ពៅ ស៊ីថា៖ «យើង​បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​គេ​ងាក​រក​គ្នា​ដែរ តែ​គេ​មិន​ព្រម។ ខ្ញុំ​បាន​ពន្យល់​ពី​ផល​វិបាក​របស់​ភាគី​ទាំង​សង្ខាង​ឲ្យ​គេ​ស្ដាប់​ដែរ តែ​មិន​បាន​សម្រេច។ ឥឡូវ​ខ្ញុំ​បាន​ធ្វើ​តាម​នីតិវិធី គឺ​បញ្ជូន​ករណី​នេះ​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដោះស្រាយ​ហើយ»។
លោក ជា មុនី ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ តុលា​ថា ថៅកែ​រោងចក្រ អ៊ឹមវ៉េ មិន​ត្រឹម​តែ​មាន​ការ​រើសអើង​សហជីព​ទេ តែ​បាន​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​កម្មករ ដោយ​រក​លេស​បញ្ឈប់​កម្មករ កម្មការិនី​ណា ដែល​បាន​ធ្វើ​ការងារ​យូរ​ឆ្នាំ ដើម្បី​បំបាត់​អតីត​ភាព​ការងារ​របស់​កម្មករ។
លោក​បន្ត​ថា កម្មករ កម្មការិនី​រោងចក្រ អ៊ឹមវ៉េ បាន​ពឹង​ឲ្យ​លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាំង​ពី​ថ្ងៃ​ទី​២១ កញ្ញា​មក​ម្ល៉េះ តែ​ពុំ​ទទួល​បាន​ចម្លើយ។
លោក​ថា​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ ដោយ​កម្មករ​មិន​អាច​អត់​ធ្មត់​ទៀត​បាន៖ «ប្រាក់​អតីត​ភាព​នោះ​បាន ៥ ឬ ៦ ដុល្លារ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ខាង​រោងចក្រ​ប្រឹង​បញ្ឈប់​កម្មករ​ចាស់​រើស​កម្មករ​ថ្មី។ ហេតុនេះ​ហើយ បាន​ជា​កម្មករ​គេ​មិន​ព្រម​ទើប​គេ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌។ កម្មករ​ចង់​ឲ្យ​ថៅកែ​ធ្វើ​តាម​ច្បាប់»។
នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពត​នៃ​គណបក្ស​ប្រឆាំង សម រង្ស៊ី អ្នក​ស្រី មួរ សុខ ហួរ បាន​មក​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​សន្យា​ពាំ​នាំ​ការ​ទាមទារ​របស់​កម្មករ​ទៅ​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ។
កម្មករ កម្មការិនី​ទាំង​អស់​ក៏​បាន​រំសាយ​ការ​ធ្វើ​កូដ​កម្ម​តែ​គំរាម​ថា​នឹង​ធ្វើ​បន្ត ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​ទេ​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។