អង្គារ 13 កញ្ញា 2011 11:11 AM
អាជ្ញាធរឃុំស្រយ៉ង់ ខេត្តព្រះវិហារនៅព្រឹកថ្ងៃនេះ បានព្រមានធ្វើការឃុំខ្លួនចំពោះពលរដ្ឋណាដែលហ៊ានចេញមុខតវ៉ាចំពោះការឈូសឆាយដីរបស់ក្រុមហ៊ុនសីលាដាម៉ិច ដែលគេអះអាងថា បានទទួលពីរដ្ឋាភិបាល ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច។
កាលពីថ្ងៃចន្ទក្រុមអ្នកភូមិនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រមាណជាង១០០នាក់ បានធ្វើការប្រមូលផ្តុំគ្នា តវ៉ាបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុនសីលាដាម៉ិច ដែលកំពុងឈូសឆាយរំលោភចូលដីស្រែ និងព្រៃសហគមន៍របស់ពលរដ្ឋ។
អ្នកស្រី មាស រ៉េន តំណាងក្រុមអ្នកភូមិបាននិយាយថា ប្រជាពលរដ្ឋរស់នៅភូមិស្រយ៉ង់ជាង១០០គ្រួសារ ចិញ្ចឹមជីវិតដោយការធ្វើស្រែចំការ និងអាស្រ័យផលពីអនុផលព្រៃឈើ ដូចជា បោចវល្លិ៍ ដងជ័រ ជាដើម។ ដូច្នេះបើអាជ្ញាធរមិនបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុននេះទេ ពួកគាត់នឹងបាត់បង់របរប្រចាំថ្ងៃ និងដីស្រែចំការដែលពួកគាត់ធ្លាប់កាន់កាប់តាំងតែពីដូនតាមក៕


