អង្គារ 13 កញ្ញា 2011 12:43 PM
តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ីនៅថ្ងៃនេះ បានធ្វើការស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យចាត់វិធានការជាបន្ទាន់ចំពោះក្រុមអាជ្ញាធរ ដែលបានរារាំងសកម្មជនគណបក្សសមរង្ស៊ីមិនឲ្យធ្វើការផ្សព្វផ្សាយតាមមីក្រូឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយថា វាជាការរើសអើងគណបក្សនយោបាយ។

លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញបាននិយាយនៅក្នុងសន្និសីទកាសែតថា អាជ្ញាធរនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន បានធ្វើការហាមឃាត់ដល់សកម្មជនគណបក្សសមរង្ស៊ីដែលបានធ្វើការផ្សព្វផ្សាយតាមមីក្រូ ឬខិត្តប័ណ្ណ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះ។
ដោយតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ បានស្នើឲ្យ គ.ជ.ប ចាត់វិធានការចំពោះសកម្មភាពរបស់អាជ្ញាធរទាំងនោះ ដោយថា ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។
ទាក់ទិនទៅនឹងបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាននិយាយថា គណបក្សនយោបាយ និងសង្គមស៊ីវិល អាចផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតបានដោយមានការចូលរួមពី គ.ជ.ប ឬដាច់ដោយឡែក។ ប៉ុន្តែបើសកម្មភាពផ្សព្វផ្សាយនោះ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះ គណបក្ស ឬអង្គការសង្គមស៊ីវិល ត្រូវសុំការអនុញ្ញាតិពីអាជ្ញាធរជាមុនសិន។
គួរបញ្ជាក់ថា គ.ជ.ប បានធ្វើការប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១៕

0 comments:
Post a Comment