ភ្នំពេញៈ ថៅកែរោងចក្រហាតអ៊ីនធើប្រាយ និមន្តព្រះសង្ឃ៧អង្គ ពីវត្តចំនួន៧វត្ត ដើម្បីស្រោចទឹកបណ្តេញខ្មោចព្រាយចេញពីរោងចក្រ តាមការទាមទាររបស់កម្មករ បន្ទាប់ពីមានកម្មករជិត ៨០នាក់ដួលសន្លប់ ជាបន្តបន្ទាប់កាលពីសប្តាហ៍មុន។
កម្មកររោងចក្រ ហាតអ៊ីនធើប្រាយ ចំនួន២៧នាក់ បានបន្តដួលសន្លប់ម្តងទៀតកាលពីថ្ងៃសុក្រ នៅពេលដែលពួកគេចូលទៅដល់រោងចក្រពុំទាន់ទាំងបានធ្វើការងារផង។ កាលពីថ្ងៃទី ៣១ សីហា កម្មករជាង៥០នាក់បានដួលសន្លប់ដូចគ្នា ក្នុងអាការទន់ដៃជើងថប់ដង្ហើម អស់កម្លាំង។ ថៅកែរោងចក្របានសម្រេចឲ្យកម្មករសម្រាកការងាររហូតដល់ថ្ងៃចន្ទ នេះ។ នេះបើយោងតាមប្រធានសហជីពប្រចាំរោងចក្រអះអាងឲ្យដឹង។
ក្រុមពេទ្យការងារនៃក្រសួងការងារបានរកឃើញថា ក្រុមហ៊ុននេះប្រព្រឹត្តផ្ទុយពីលក្ខណៈបច្ចេកទេសការងារ ដោយបានយកគំនរក្រណាត់ដាក់បាំងស្ទះខ្យល់ចេញចូល និងតម្រូវឲ្យកម្មករធ្វើការថែមម៉ោងលើសកំណត់ ហើយបានបញ្ជាឲ្យថៅកែរោងចក្ររៀបចំប្រព័ន្ធការងារឡើងវិញ។
លោក វ៉ាន់ ចាន់ណា ប្រធានគ្រប់គ្រងធនធានមនុស្សរោងចក្រ ហាតអ៊ីនធើប្រាយ បានឲ្យដឹងថា ក្រុមហ៊ុនបាន
រៀបចំកែប្រព័ន្ធការងារឡើងវិញ តាមបញ្ជាក្រសួងការងាររួចហើយកាលពីថ្ងៃអាទិត្យ។ លោកសង្ឃឹមថា កម្មករនឹងមិនរងការដួលសន្លប់ជាថ្មីទៀតទេ ក្រោយពីបានចូលធ្វើការនៅថ្ងៃចន្ទនេះ។ លោកបន្តថា៖ «យើងអាចសម្រាកមួយព្រឹកទៀត នៅថ្ងៃចន្ទនេះ ដើម្បីរៀបចំពិធីសូត្រមន្ត បណ្តេញខ្មោច តាមការទាមទាររបស់កម្មករ។ ព្រះសង្ឃចំនួន៧អង្គមន្តពី៧វត្តនឹងប្រោះព្រំឲ្យកម្មករ ព្រមទាំងសែនសុំម្ចាស់ទឹកម្ចាស់ដី ឲ្យកម្មករបានសុខសប្បាយផង»។អ្នកស្រី ប៉ិល លីណា តំណាងកម្មករោងចក្រនិងជាប្រធានសហជីពសហព័ន្ធខ្មែរបានឲ្យដឹងកាល ពីថ្ងៃអាទិត្យថា កម្មការិនីចំនួន២៧នាក់ បានដួលសន្លប់នៅក្នុងបរិវេណរោងចក្រ ខាងមុខទីលានអ្នកតា ក្នុងពិធីសូត្រមន្តបណ្តេញខ្មោច បន្ទាប់ពីមានពាក្យចចាមអារ៉ាមពីកម្មករថា មូលហេតុធ្វើឲ្យកម្មករដួលសន្លប់មកពីមានខ្មោចចូល។
អ្នកស្រីបញ្ជាក់ថា៖ «កម្មករ២៧នាក់ បានដួលសន្លប់ភ្លាមៗ ក្នុងពិធីសូត្រមន្ត មុខព្រះសង្ឃនិងតាអាចារ្យ។ គ្មាននរណាម្នាក់ដឹងពីមូលហេតុដែលធ្វើឲ្យកម្មករដួលសន្លប់ទេ តែកម្មករជឿថាមានខ្មោចព្រោះការដួលសន្លប់លើកនេះគឺនៅខាងក្រៅអគារ រោងចក្រតែម្តង»។
លោក យី កន្និដ្ឋា អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារបានឲ្យដឹងថា៖ «គ្រូពេទ្យបញ្ជាក់ថា កម្មករទាំងនោះដួលសន្លប់ដោយសារពួកគេខ្សោយនិងខ្វះជាតិស្ករ»។ លោកថា ជាជំងឺផ្លូវចិត្តក្រោយពីពួកគេឃើញកម្មករដួលសន្លប់ច្រើន អារម្មណ៍ទាំងនោះនៅដិតដាមជាប់នឹងការខ្លាច ហើយឆាប់ស្លន់។ លោកបញ្ជាក់ថា៖«យើងមិនទាន់ មានគ្រូពេទ្យផ្នែកចិត្តសាស្រ្តជួយគេទេ។ កម្មករដឹងថាខ្លួនមានបញ្ហាផ្លូវចិត្ត គេទាំងនោះអាចមានអារម្មណ៍ភ័យខ្លាចនិងឆាប់ស្លុត»៕




0 comments:
Post a Comment