ក្រុងតែល អាវីវៈ មនុស្សរាប់សែននាក់ បានដើរជាក្បួនកាលពីថ្ងៃសៅរ៍ ទាមទារឲ្យកាត់បន្ថយការ ចំណាយប្រចាំថ្ងៃនៅក្នុងការជួបជុំគ្នាធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល ដោយជំរុញឲ្យមានចលនាផ្លាស់ប្តូរសង្គម និងបង្កើនសម្ពាធលើនាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតានីញ៉ាហ៊ូ ឲ្យចាត់វិធានការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
ក្រុមមេដឹកនាំតវ៉ា បានហៅវាថា ជា«ឱកាសការពិត»សម្រាប់ចលនាមូលដ្ឋានដែលបានកើនឡើងតាំងពីខែកក្កដា ផ្តើមពីការប្រមូលផ្តុំនិស្សិតបោះតង់ អនាធិបតេយ្យតូចៗ រហូតដល់ការប្រមូលផ្តុំពលរដ្ឋវណ្ណៈកណ្តាលអ៊ីស្រាអែលទូទាំងប្រទេស។
ខណៈក្រុមបាតុករ បានហូរជន់ពេញដងវិថីក្រុងតែល អាវីវ ក្រុងហ្សេរូសាឡឹម និងក្រុងផ្សេងទៀត ដោយស្រែក
ថា «ពលរដ្ឋចង់បានយុត្តិធម៌សង្គម» បដាមួយ បានសរសេរថា៖ «មនុស្សជំនាន់នេះ ទាំងមូលចង់បានអនាគត»។លោកណេតានីញ៉ាហ៊ូ បានព្រមានថា លោក នឹងមិនអាចតម្រូវតាមការទាមទាររបស់ក្រុមអ្នកតវ៉ាបានទាំងអស់ទេ ដែលមានតាំងពីការកាត់បន្ថយពន្ធ រហូតដល់ការពង្រីកវិស័យអប់រំដោយឥតបង់ថ្លៃ និងថវិកាសម្រាប់ការរស់នៅពីរដ្ឋាភិបាលកាន់តែច្រើននោះទេ។
ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មនុស្សជាង៤៥ម៉ឺននាក់ បានចូលរួមបាតុកម្មទាំងនេះ។
ប៉ូលិសបានប៉ាន់ស្មានថាមនុស្សយ៉ាងតិចក៏៣០ម៉ឺននាក់ដែរ។
ការតវ៉ាក្នុងកម្រិតនេះនៅអ៊ីស្រាអែលដែលមានពលរដ្ឋ៧,៧លាននាក់ តាមធម្មតាត្រូវបានធ្វើឡើងដោយសារតែបញ្ហាសង្គ្រាម និងសន្តិភាពទេ។
សកម្មជនគណបក្សបៃតងអ៊ីស្រាអែល លោកអាមៀរ រ៉ូចមែន ក្នុងវ័យ៣០ឆ្នាំ បាននិយាយថា៖ «រាត្រីនេះជាកម្រិតកំពូលនៃការតវ៉ាធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត»។
ប្រធានសហជីពនិស្សិតជាតិ និងជាមេដឹកនាំការតវ៉ាម្នាក់ លោកអ៊ី ហ្ស៊ីក ស្មូលី បាននិយាយថា៖«អ៊ីស្រាអែលគឺមិនដូចពីពេលមុនទៀតទេ»៕ NR




0 comments:
Post a Comment