សៀមរាបៈ ពលរដ្ឋប្រមាណជា ១០០៦ គ្រួសារ មកពីសហគមន៍ដីធ្លីចំនួន ៦ នៃស្រុកចំនួន ៤ ដែលទទួលរងគ្រោះដោយសារការបាត់បង់ដីធ្លី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើសុំឲ្យរដ្ឋាភិបាល ជួយធ្វើការអន្តរាគមន៍ ប្រគល់ដីឲ្យពួកគាត់វិញ និងស្នើសុំឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបាក់ស្មារតីសកម្មជនដីធ្លី។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលទើបទទួលបាន កាលពីម្សិលមិញ បានឲ្យដឹងថា ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីទាំង ៦ នោះមានមកពីស្រុកបន្ទាយស្រី ប្រាសាទបាគង វ៉ារិន និងស្រុកជីក្រែង ដែលមានពល
រដ្ឋរងគ្រោះ ចំនួន ១០០៦ គ្រួសារ លើផ្ទៃដីចំនួន៣១៣៨,៨១ ហិកតា។ សេចក្តីថ្លែងការណ៍ បានស្នើសុំឲ្យរដ្ឋាភិបាល ចាត់វិធានការទៅលើអាជ្ញាធរខេត្តសៀមរាប ដែលទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ឲ្យប្រគល់ដីធ្លី ដែល
ត្រូវគេដកហូតនិងរំលោភយកនោះឲ្យពលរដ្ឋវិញ។ សេចក្តីថ្លែងការណ៍ លើកឡើងថា៖ «សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា រឿងជម្លោះដីធ្លី មិនត្រូវបានជាប់គុកទេ»។លោកតូក ពន្លឹក តំណាងសហគមន៍ដីធ្លី ស្រុកជីក្រែងដែលមានពលរដ្ឋចំនួន ១៧៥ គ្រួសាររងផលប៉ះពាល់លើផ្ទៃដីចំនួន ៤៧៥ ហិកតា ថ្លែងឲ្យដឹងថា មូលហេតុដែលពលរដ្ឋទាំងអស់គ្នា ចេញសេចក្តីថ្លែងការណ៍រួមនេះ គឺចង់ផ្ញើសារទៅរដ្ឋាភិបាលឲ្យដឹងថា ខ្មែរគឺចេះសាមគ្គីគ្នា ហើយមិនមែនមានពលរដ្ឋតែមួយកន្លែងទេ ដែលទទួលរងនូវផលប៉ះពាល់ គឺមានពលរដ្ឋគ្រប់ទីកន្លែង បានរងនូវផលប៉ះពាល់ ដោយសារតែការរំលោភបំពានដីធ្លី ពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុនមួយចំនួន។
លោកបន្តថា៖ «យើងបាត់បង់ដីទាំងអស់គ្នា គឺពួកយើងមានបញ្ហាតែមួយ ដូច្នេះហើយបានជាយើងធ្វើទាំងអស់គ្នា ទោះបីជាពួកយើងត្រូវបានគេដោះលែងពីគុក ឲ្យមានសេរីភាពវិញក៏ដោយ ប៉ុន្តែគេមិនទាន់បានដោះស្រាយដីធ្លីឲ្យពួកយើងទេ»។
អ្នកស្រីកែវ សុភី តំណាងសហគមន៍ដីធ្លី មកពីស្រុកបន្ទាយស្រី ដែលមានពលរដ្ឋចំនួន ៩០ គ្រួសារទទួលរងគ្រោះ នៅលើផ្ទៃដីចំនួន ១៨៣ ហិកតា បានថ្លែងឲ្យដឹងថា សហគមន៍របស់អ្នកស្រី ត្រូវបានគេរំលោភយកដី តាំងពីឆ្នាំ ២០០៣ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត បានត្រឹមតែនិយាយប្រាប់ថា ឲ្យពលរដ្ឋរង់ចាំ។ អ្នកស្រីបន្តថា៖ «ខ្ញុំមិនដឹងថា តើត្រូវរង់ចាំដល់ពេលណាទៀតទេ ដូច្នេះហើយបានជាយើងសម្រេចចេញសេចក្តីថ្លែងការណ៍រួមនេះ ដើម្បីឲ្យរដ្ឋាភិបាលលោកដឹង បើមិនដូច្នេះទេ អាជ្ញាធរនឹងបោកប្រាស់យើងរហូត»។
លោកលី សំរិត នាយខុទ្ទកាល័យខេត្តសៀមរាប បានទទួលស្គាល់ថា កាលពីមុន មានក្រុមហ៊ុនមួយចំនួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល នៅពេលដែលពួកគេចុះទៅវិនិយោគធ្វើឲ្យប៉ះពាល់ដីរបស់ពលរដ្ឋមួយ ចំនួន ហើយពួកគេ មិនបានកាត់ដីជម្លោះចេញ ទៅតាមគោលការណ៍ស្បែកខ្លា របស់រដ្ឋាភិបាលទេ ជាហេតុធ្វើឲ្យពលរដ្ឋ ចេះតែនាំគ្នាធ្វើការតវ៉ា។ លោកឲ្យដឹងថា៖«ឥឡូវយើងកំពុងតែអនុវត្តតាមអនុសាសន៍របស់សមេ្តច នាយក ដោយកាត់ដីមួយចំនួនចេញពីដីក្រុមហ៊ុន ដើម្បីផ្តល់ឲ្យពលរដ្ឋ ដែលរងនូវផលប៉ះពាល់»។
នៅក្នុងកិច្ចប្រជុំមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៦ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដកដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនឯកជនណា ដែលមិនព្រមដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយប្រជាជនមូល ដ្ឋាន ដែលបានរស់នៅអស់រយៈពេលជាយូរមកហើយ ក្នុងតំបន់ទាំងនោះ។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល បានស្វាគមន៍ចំពោះពលរដ្ឋ ដែលធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីស្វែងរកកាអន្តរគមន៍ពីអាជ្ញាធរ អំពីបញ្ហាទំនាស់ដីធ្លីនៅក្នុងសហគមន៍របស់ពួកគេ ដែលបានអូសបន្លាយជាយូរឆ្នាំមកហើយនោះ។ លោកនិយាយថា៖ «យើងមានការព្រួយបារម្ភ អំពីជីវភាពរស់នៅរបស់ពួកគាត់ ដែលធ្វើឲ្យគាត់កាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពុំមានដីធ្វើស្រែចំការផ្គត់ផ្គង់ជីវភាព»៕




0 comments:
Post a Comment