ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ប្រមាណជាង៧០គ្រួសារ ដែលត្រូវគេកាត់ចេញពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី កាលពីព្រឹកថ្ងៃចន្ទ បាននាំគ្នាធ្វើការតវ៉ាជំទាស់ទៅនឹងគណៈកម្មការសុរិយោដី និងអាជ្ញាធរខណ្ឌដូនពេញ ដែលផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទៅឲ្យលោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន។
ក្រុមអ្នកតវ៉ាបាននិយាយរិះគន់ដោយឥតសំចៃថា អាជ្ញាធរនិងក្រុមគណៈកម្មការទាំងនេះ បានឃុបឃិតគ្នាចេញប័ណ្ណកម្មសិទ្ធិ ដីធ្លីទៅឲ្យ លោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ម្ចាស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ចំនួន២១ប័ណ្ណកម្មសិទ្ធិ ខណៈពួកគាត់ជាង៧០គ្រួសារ ដែលជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដក្នុងតំបន់បឹងកក់ ត្រូវបានគេកាត់ចេញពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិនេះ។
អ្នកស្រី ហេង មុំ អាយុ៥៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា ពួកគាត់មិនអាចនៅទ្រាំស្ងៀមមិនតវ៉ាបានទេ ខណៈពួកគាត់កំពុងប្រឈមទៅនឹងការបណ្តេញចេញពីលំនៅ
ដ្ឋានដោយបង្ខំនិងដោយគ្មានសំណងអ្វីទាំងអស់។
អ្នកស្រីនិយាយបន្តថា ក្រុមមន្ត្រីសុរិយោដីនិងអាជ្ញាធរសង្កាត់ ខណ្ឌបានបដិសេធធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ជាង៧០គ្រួសារ ដោយយកលេសថាលំនៅដ្ឋានពួកគាត់មិនស្ថិតនៅក្នុងរង្វង់ដី១២,៤៤ហិកតាដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាប្រទានកម្មឲ្យនោះទេ ប៉ុន្តែ ពួកគេបែរជា ហ៊ានចេញប័ណ្ណកម្មសិទ្ធិដីទៅឲ្យខាងភាគីក្រុមហ៊ុនទៅវិញ។
អ្នកស្រីបានថ្លែងថា៖ «គ្រាន់តែនៅក្នុងភូមិ២២ យើងរកឃើញឈ្មោះ លោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ធ្វើជាម្ចាស់សិទ្ធិដល់ទៅ២១ប័ណ្ណ ខណៈគ្រួសារខ្ញុំ និងប្រជាពលរដ្ឋជាង៧០គ្រួសារទៀត ដែលរងគ្រោះត្រូវបានគេច្រានចោលពីគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិ»។
អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖«ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីដោយមន្ត្រីសុរិយោដី និងអាជ្ញាធរខណ្ឌនៅពេលនេះមានលក្ខណៈមិនប្រក្រតី គឺបង្កប់នូវអំពើពុករលួយ កេងចំណេញផលប្រយោជន៍ដីធ្លីពីពលរដ្ឋរងគ្រោះពិតប្រាកដ»។
អ្នកស្រីអ៊ិន សាផន ចៅសង្កាត់រង សង្កាត់ស្រះចកបានសម្តែងការសោកស្ដាយចំពោះការកាត់ប្រជាពលរដ្ឋចេញពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិ ព្រោះអ្នកភូមិទាំងនោះមានលំនៅដ្ឋានស្ថិតនៅលើរង្វង់ដីតំបន់បឹងកក់ទំហំ១១៤,៤១ហិកតា ដែលរដ្ឋាភិបាលបានកាត់ទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនសម្រាប់ធ្វើការអភិវឌ្ឍ។
អ្នកស្រីបានថ្លែងថា៖ «ជាការពិតយើងខ្ញុំជាអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម គឺចង់ធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានគ្រប់គ្នា ប៉ុន្តែ ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះមិនមែនសមត្ថកិច្ចរបស់យើងទេ»។
អ្នកស្រីចៅសង្កាត់រងបានបដិសេធការផ្ដល់អធិប្បាយនៅពេលសួរថាតើអ្នកស្រីយល់បែបណា? ចំពោះគណៈកម្មការនិងអាជ្ញាធរ ដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនលោក ឡាវ ម៉េងឃីននិងអ្នកស្រីជឹង សុភាពដល់ទៅ២១ប័ណ្ណ នៅក្នុងរង្វង់ដីទំហំ១២,៤៤ហិកតា ដែលប្រមុខរាជរដ្ឋាភិបាលបានកាត់ឲ្យប្រជាពលរដ្ឋ [៧៩៤គ្រួសារ] ដែលសេសសល់នៅក្នុងតំបន់បឹងកក់ខណៈមានពលរដ្ឋជិត១០០គ្រួសារ ត្រូវកាត់ចេញពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិ?
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានសម្ដែងនូវកង្វល់ ពីការបណ្ដេញចេញពីលំនៅដ្ឋានសាជាថ្មី បន្ទាប់ពីមន្ត្រីសុរិយោដី និងអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ ខ្វះតម្លាភាពក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
អ្នកស្រីបានបន្តថា ប្រជាពលរដ្ឋដែលសេសសល់នៅតំបន់បឹងកក់សរុបមាន ៧៩៤គ្រួសារ និងមានផ្ទៃដីសរុបចំនួន៩,៧៥ ហិកតា ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានផ្តល់ជូនប្រជាពលរដ្ឋបឹងកក់ដល់ទៅ១២,៤៤ហិកតា គឺគ្រប់គ្រាន់សម្រាប់ការបែងចែកជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា រួមទាំងអាចរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានធំទូលាយល្អថែមទៀត។
អ្នកស្រីថ្លែងដែរថា៖«យើងចាប់ផ្ដើមសង្ស័យតាំងពីដំបូងថា ការប្រកាសឲ្យអ្នកភូមិមកធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីប្រញាប់ប្រញាល់នេះ គឺមានបង្កប់នូវភាពមិនប្រក្រតី ពុករលួយ កេងចំណេញដីពីប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន ឥឡូវនេះបានលេចចេញការពិតដូចដែលយើងបានសង្ស័យហើយ»។
ក្រោយពីមានភ្លៀងធ្លាក់ក្រុមអ្នកតវ៉ាបាននាំគ្នាត្រឡប់ទៅភូមិវិញហើយបានដុតកង់ឡានប្រឆាំងនឹងការសម្រេច ដែលពុំតម្លាភាព និងខ្វះយុត្តិធម៌ សម្រាប់ពួកគាត់ដែលជាជនរងគ្រោះពិតប្រាកដ និងបានទាមទារឲ្យមានការដោះស្រាយបន្ទាន់មួយ៕




0 comments:
Post a Comment