Social Icons

Tuesday, September 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដោះស្រាយ​សំណង​មុន​អភិវឌ្ឍន៍

ដោយ លី ម៉េងហួរ
បុរស​ឈរ​មើល​គេ​ចាក់ដី​នៅ​តំបន់​បឹងកក់
បុរស​ឈរ​មើល​គេ​ចាក់ដី​នៅ​តំបន់​បឹងកក់

អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការព្រួយបារម្ភ​ជា​ថ្មី​ទៅ​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទីក្រុង​រណប​មួយ​ថ្មី​ទៀត នៅ​តំបន់​ជ្រោយចង្វា ក្នុង​ទីក្រុង​ភ្នំពេញ។ កិច្ចព្រមព្រៀង​ជួល​រយៈពេល ៩៩ ឆ្នាំ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១២​កញ្ញា​ម្សិលមិញ ដើម្បី​ផ្តល់​ដី​ទំហំ ៣៨៧ ហិកតា នៅ​ជ្រោយចង្វា​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគទុន​អាណិកជន​កម្ពុជា របស់​លោក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ធនាគារ​
កាណាឌីយ៉ា និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​កោះពេជ្រ។ ក៏ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ដោះស្រាយ​សំណង​លើ​ផល​ប៉ះពាល់​សម្រាប់​ប្រជាជន មុននឹង​ធ្វើ​ការអភិវឌ្ឍន៍ ដោយ​មិន​ត្រូវ​ចម្លង​យក​គំរូ គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​នោះឡើយ។

លោក កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ធនាគារកា​ណា​ឌី​យ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគទុន​អាណិកជន​កម្ពុជា បាន​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង អភិវឌ្ឍន៍​សាងសង់​ទីក្រុង​រណប​ថ្មី នៅ​ជ្រោយចង្វា កាលពី​ថ្ងៃ​១២​កញ្ញា ឆ្នាំ​២០១១។ គម្រោង​អភិវឌ្ឍន៍ ដែល​មាន​ទឹកប្រាក់ ១,៦ ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ។

តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា មាន​ទំហំ ៣៨៧ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល ព្រមព្រៀង​ជួល​រយៈពេល ៩៩​ឆ្នាំ ឲ្យ​ក្រុមហ៊ុន​ឯកជន។ ដី​នោះ ស្ថិតក្នុង​សង្កាត់​បី នៅ​ខណ្ឌ​ឫស្សីកែវ គឺ​សង្កាត់​ជ្រោយចង្វា សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក ជាប់​ខាង​ជើង​ផ្លូវជាតិ​លេខ ៦​អា។

តាម​គម្រោង​ទីក្រុង​រណប​ថ្មី​នៅ​ជ្រោយចង្វា មាន​ពហុកីឡាដ្ឋាន​ជាតិ សួនច្បារ ខុន​ដូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ សាលារៀន និង​មន្ទីរពេទ្យ ជាដើម។ គម្រោង​នោះ នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់ រយៈពេល​ពី ១០ ទៅ ១៥​ឆ្នាំ។

ម្ចាស់​ក្រុមហ៊ុន និង​អាជ្ញាធរ បញ្ជាក់ថា ទីក្រុង​រណប​ជ្រោយចង្វា នឹង​បង្កើន​ទំនុកចិត្ត សម្រាប់​ការវិនិយោគ​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ មាន​កំណើន និង​បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា។

ក៏​ប៉ុន្តែ លោក អំ​សំអាត សកម្មជន​សិទ្ធិមនុស្ស​អង្គ​លីកាដូ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធ​ររដ្ឋាភិបាល​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ជ្រោយចង្វា ត្រូវ​មើល​គំរូ​លើ​បញ្ហា​ជាច្រើន​កើតចេញ​ពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍ នា​ពេលកន្លងមក ដែល​តែងតែ​ប៉ះពាល់​ដល់​ប្រជាជន ជាពិសេស​នៅ​តំបន់​ដីក្រហម តំបន់​សំបុកចាប និង​ចុងក្រោយ​នៅ​តំបន់​បឹងកក់។

តាម​សកម្មជន​សិទ្ធិមនុស្ស អាជ្ញាធរ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ត្រូវ​មាន​ការដោះស្រាយ​សំណង​លើ​ដីធ្លី សម្រាប់​ប្រជាពលរដ្ឋ​ប៉ះពាល់ មុននឹង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍។

នៅ​ភ្នំពេញ​សព្វថ្ងៃ មាន​ទីក្រុង​រណប ៤ ធំៗ ដែល​កំពុង​សាងសង់ រួមមាន​៖ កាំកូ​ស៊ីធី ហ្គ្រេ​ន​ភ្នំពេញ កោះ​ពេជ្រ និង​គម្រោង​អភិវឌ្ឍន៍​បឹងកក់។

​ក្រុមហ៊ុន​របស់​លោក ពុង ឃាវ​សែ ដែល​ទទួលបាន​ដី​អភិវឌ្ឍន៍​នៅ​ជ្រោយចង្វា​ពេលនេះ ក៏​កំពុង​ដំណើរកា​រលើ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ផងដែរ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។