រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំសន្និសីទកាសែតមួយ ស្តីពីការចាប់ខ្លួនក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ ចំនួន ១០នាក់ កាលពីថ្ងៃទី២២និងថ្ងៃទី២៣ខែតុលា ទាក់ទងនឹងការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។
លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា កាលពីថ្ងៃទី២២ និង២៣ខែតុលាកន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ ចំនួន១០នាក់ ។ពួកគបានធ្វើសកម្មភាពក្នុងអង្គការចាត់តាំងមួយក្រៅច្បាប់មួយដែលមានឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ដែលកន្លងមកមានឈ្មោះ សម សេរី ហៅ ស សេរី ដែលបានដាក់ឈ្មោះខ្លួនថា ជាមេដឹកនាំ។ដូច្នេះការសម្រេចចិត្តចាប់ខ្លួននេះ មិនមែនជាការធ្វើដោយប្រថុយប្រថានទេ គឺបានធ្វើការស៊ើបអង្កេតនិងរកឃើញឯកសារភស្តុតាង ដែលបញ្ជាក់ថា ពួកគេបានធ្វើសកម្មភាពខុសច្បាប់។
លោកបានបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ គឺជាក្រុមអង្គការចាត់តាំងក្រៅច្បាប់មួយដែលប្រកាសខ្លួនឯងដោយខុសច្បាប់ ហើយមានទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ជាក់ស្តែងដូចភស្តុតាងជាច្រើនដែលសមត្ថកកិច្ចរឹបអូសបានពីពួកគេទាំង១០នាក់ ហើយជាភស្តុតាំងបន្ថែមដូចជាការលើកឡើងរបស់ សម សេរី ដែលនិយាយពីរូបសញ្ញា ពីគោលការណ៍របស់រណសិរ្សរំដោះជាតិខ្មែរ ហើយគេបង្កើតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នៅដាណឺម៉ាក។ បេសកកម្មរបស់គេគឺរំដោះជាតិ សាសនា ប្រជារាស្ត្រខ្មែរ ឲ្យមានឯករាជក្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដពីអនានិគមនយួនឈ្លានពាន និងគណបក្សប្រជាជនកម្ពុជា និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ចំណុចមួយទៀត គឺបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ មិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។ដូច្នេះតាមគោលដៅរបស់គេ គឺខុសច្បាប់ទាំងស្រុង។
លោកបានបញ្ជាក់ទៀងថា សកម្មភាពរបស់រណសិរ្សរំដោះជាតិខ្មែរ កន្លងមកនេះ គឺមានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ជាក់ស្តែងនៅពេលដែលអាជ្ញាធរថៃបានចាប់ក្រុមនេះមួយចំនួនដែលស្នាក់នៅថៃខុសច្បាប់បញ្ជូនមកកម្ពុជា ហើយពួកគេបានឆ្លើយសារភាពថា គាត់បានជ្រើរើសកម្លាំង និងហ្វឹកហាត់កម្លាំងនៅតំបន់ព្រំដែនកម្ពុជា.ថៃ គាត់ធ្វើសកម្មភាពអូសទាញពលករខ្មែរ ព្រះសង្ឃ និងនិស្សិតខ្មែរ ដែលទៅរៀនសូត្រនៅថៃ ឲ្យចូលរួមធ្វើសកម្មភាពគាំទ្រខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ការធ្វើសន្និសីទកាសែតខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជុំវិញការចាប់ខ្លួនអ្នកទាំងនេះថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។
ប្រភពដើម៖ សម្លេងសារព័ត៌មានសេេរី
Home
» រណសិរ្សរំដោះជាតិខ្មែរ
» អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសន្និសីទកាសែតស្តីពីការចាប់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ
Monday, November 3, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment