យោងតាមនគរបាលឲ្យដឹងថា សមាជិករណសិរ្សរំដោះជាតិខ្មែរ១០នាក់ (KNLF) ជាក្រុមអ្នកប្រឆាំង ដែលរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយវៀតណាមនោះ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ នៅក្រុងភ្នំពេញពីបទចោទមានគម្រោងញុះញង់ឲ្យមានអំពើហិង្សា។
យោងតាមអីុម៉េលមួយពីមេដឹកនាំរបស់ក្រុមនេះ ឈ្មោះ សម សេរី ដែលរស់នៅក្នុងប្រទេសដាណឺម៉ាក បានឲ្យដឹងថា ក្រុមនេះមានផែនការដឹកនាំការតវ៉ានៅមុខស្ថានទូតវៀតណាម ស្របពេលនឹងខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលទាមទារឲ្យ”វៀតណាមនិងរបបរបស់លោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងក្រុងប៉ារីស”។
ព័ត៌មានបង្ហោះលើវិបសាយនគរបាលជាតិបានឲ្យដឹងថា បុរសទាំង១០នាក់ត្រូវបានចាប់ខ្លួនក្នុងខណ្ឌមានជ័យនិងចំការមន ក្រុងភ្នំពេញ អំឡុងប្រតិបត្តិការ២ថ្ងៃ កាលពីល្ងាចថ្ងៃពុធនិងព្រឹកថ្ងៃព្រហស្បតិ៍។
អ្នកត្រូវចាប់ខ្លួនទាំងនោះមានឈ្មោះដូចជា ឈុន ណាគង់ អាយុ២៨ឆ្នាំ លីវ យី អាយុ២៩ឆ្នាំ ឈុន ឆាត អាយុ២៩ឆ្នាំ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ ឡាត់ លីហេង អាយុ២២ឆ្នាំ ចាន់ ស្នា អាយុ ២៧ឆ្នាំ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ អាន ចាន់ អាយុ៣៥ឆ្នាំ ចាន់ រ៉ា អាយុ២៣ឆ្នាំ និង ឆាយ វ៉ិច អាយុ៤០ឆ្នាំ។
ព័ត៌មានដដែលបានឲ្យដឹងថា នគរបាលបានប្រមូលភ័ស្តុតាង និងបានសាកសួរជនសង្ស័យ ដែលភាគច្រើនជាកសិករនិងគ្រូបង្រៀន ព្រមទាំងចងក្រងឯកសាររៀបចំបញ្ជូនក្រុមនេះទៅតុលាការ។
លោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មនុស្ស១០នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែបានបដិសេធមិនផ្តល់សេចក្តីលម្អិតបន្ថែមទេ។
ទាក់ទងបានតាមទូរស័ព្ទមុនការចេញព័ត៌មាននេះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានមានប្រសាសន៍ថា លោកបានដឹងថា មនុស្ស៥នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ប៉ុន្តែមិនបានដឹងអំពីការចាប់ខ្លួនថែមទៀតនៅពេលថ្មីៗនេះទេ។
លោក ច័ន្ទថារិទ្ធ បានមានប្រសាសន៍អំពីការចាប់ខ្លួននេះថា “យើងបានចាប់ខ្លួនពួកគេពេលពួកគេកំពុងជួបជុំគ្នាត្រៀមធ្វើសកម្មភាពញុះញង់បង្កអំពើហិង្សាក្នុងក្រុងភ្នំពេញ។ យើងកំពុងសាកសួរពួកគេ ហើយយើងនឹងអនុវត្តតាមច្បាប់”។
ប្រតិបត្តិការប៉ូលិសនៅសប្តាស៍នេះជាប្រតិបត្តិការចុងក្រោយក្នុងយុទ្ធនាការជាបន្តរបស់អាជ្ញាធរដើម្បីបង្ក្រាបរណសិរ្សរំដោះជាតិខ្មែរ ដែលរិះគន់ភាគច្រើនលើរដ្ឋាភិបាល ហើយកាលពីឆ្នាំមុន ត្រូវបានលោក ហ៊ុន សែន ចាត់ទុកជាអង្គការភេរវកម្ម។
កាលពីខែឧសភា សមាជិក១៣នាក់របស់ក្រុមនេះត្រូវបានរកឃើញកំហុសពីបទមានគម្រោងផ្តួលរំលំរដ្ឋាភិបាល និងត្រូវបានកាត់ឲ្យជាប់ទោសរវាងពី៥ឆ្នាំទៅ៩ឆ្នាំតាមសាលក្រមមួយ ដែលក្រុមសិទ្ធិមនុស្សរិះគន់ថា ជាហេតុផលនយោបាយ។
សមាជិករណសិរ្សរំដោះជាតិខ្មែរ៧នាក់ ជាក្រុមដំបូងដែលចាប់ខ្លួនដោយអាជ្ញាធរថៃនៅខេត្ត ប៉ាទុម ថានី ប្រទេសថៃ កាលពីខែមីនាឆ្នាំ២០១៣ និងត្រូវបានបញ្ជូនមកកម្ពុជានោះ បានជាប់ពន្ធនាគារ។ សមាជិក៦នាក់ផ្សេងទៀត មានទាំងលោក សេរី ផង ត្រូវបានកាត់ទោសកំបាំងមុខ។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃព្រហស្បតិ៍ លោក សេរី បានឲ្យដឹងថា លោក”ព្រួយបារម្ភណាស់” ចំពោះសុវត្ថិភាពក្រុមចុងក្រោយដែលត្រូវគេចាប់ខ្លួននេះ ដោយលោកបានហៅការឃុំខ្លួនអ្នកទាំងនោះជាការ “រំលោភសិទ្ធិមនុស្សនិងសេរីភាព”។
លោក សេរី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា “រណសិរ្សរំដោះជាតិខ្មែរអំពាវនាវដល់ស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ ដោយដាក់គំនាបលើរបបផ្តាច់ការ ហ៊ុន សែន និងពួកកុម្មុយនិស្តវៀតណាម ឲ្យដោះលែងមេដឹកនាំតវ៉ាទាំងអស់របស់រណសិរ្សរំដោះជាតិខ្មែរជាបន្ទាន់”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសជាន់ខ្ពស់នៅអង្គការសិទិ្ធមនុស្សលីកាដូ បានមានប្រសាសន៍ថា ក្រុមសិទ្ធិមនុស្សបានដឹងអំពីការចាប់ខ្លួននេះ។ លោកបានឲ្យដឹងថា “ប្រសិនបើពួកគេគ្រាន់តែមានផែនការធ្វើការតវ៉ានៅក្រៅស្ថានទូតវៀតណាម ដូច្នេះមិនគួរត្រូវចាប់ខ្លួនពួកគេទេ”។
ព័ត៌មានប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា រណសិរ្សរំដោះជាតិខ្មែរ” ហ្វឹកហាត់កម្លាំងភេរវករ ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅជិតព្រំដែនថៃ” និងកសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមែប្រមូលព័ត៌មានបញ្ជូនទៅមេក្លោងរបស់ខ្លួននៅប្រទេសដាណឺម៉ាក។ ព័ត៌មាននេះឲ្យដឹងទៀតថា “ចលនានេះមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រើកម្លាំងប្រដាប់អាវុធខុសច្បាប់ និងបញ្ជូនភ្នាក់ងារសម្ងាត់ដើម្បីស៊ើបទីតាំងយោធាសំខាន់ៗ”។
ព័ត៌មានដដែលក៏ចោទលោក សេរី អំពីសកម្មភាពភេរវកម្មដាក់គ្រឿងផ្ទុះនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថានីយទូរទស្សន៍TV3 ក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០០៩ដែរ។ មុននោះរដ្ឋាភិបាលបានបន្ទោសអង្គការភេរវកម្មមួយផ្សេងទៀត គឺចលនាក្បាលខ្លា ថាបានដាក់គ្រឿងផ្ទុះ ដែលមិនដែលផ្ទុះឡើយ។
ប៉ូលិសមិនទាន់បញ្ចេញភ័ស្តុតាងណាមួយដែលថាសមាជិករណសិរ្សរំដោះជាតិខ្មែរមានផែនការហិង្សា ឬមានអាវុធដើម្បីអនុវត្តផែនការឡើយ។
យ៉ាងណាក៏ដោយ ការអានសាលក្រមចោទសមាជិករណសិរ្សរំដោះជាតិខ្មែរ១៣នាក់កាលពីខែមេសា ចៅក្រម សេង នាង នៅតុលាការក្រុងភ្នំពេញបានមានប្រសាសន៍ថា ក្រុមនេះមាន “គម្រោងផ្តួលរំលំរដ្ឋាភិបាល”។
ចៅក្រម សេង នាង បានឲ្យដឹងនៅពេលនោះថា “នៅចន្លោះឆ្នាំ២០០៩និង២០១១ រណសិរ្សរំដោះជាតិខ្មែរត្រូវបានបង្កើតឡើងដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ ពួកគេបានចែកចាយខិត្តប័ណ្ណអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតចលាចលក្នុងសង្គម ហើយពួកគេបានប្រើប្រាស់ទឹកដីថៃដើម្បីលាក់ខ្លួន”៕
Recourse: ខេមបូឌា ដេលី
Home
» រណសិរ្សរំដោះជាតិខ្មែរ
» សមាជិករណសិរ្សរំដោះជាតិ១០នាក់ត្រូវចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សា
Sunday, October 26, 2014
Print
PDF
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment