មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឲ្យដឹងថា កងយោធាថៃ កំពុងរឹតបន្តឹងសន្តិសុខក្នុងប្រទេស ហើយបោសសម្អាតជនបរទេសដែលគ្មានលិខិតស្នាក់នៅត្រឹមត្រូវឲ្យចេញពីប្រទេសរបស់ខ្លួន (ថៃ)។
ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ពេជ្រ វណ្ណា បញ្ជាក់នៅថ្ងៃទី៩ ខែមិថុនា ថា ការអនុវត្តការងាររដ្ឋបាលរបស់កងទាហាននេះ បានធ្វើឡើងក្នុងទិសដៅពង្រឹងសន្តិសុខជាតិ នៅក្នុងប្រទេសថៃ៖ «ខាងរដ្ឋបាលគេឲ្យចុះធ្វើ រដ្ឋបាលតាមភូមិ តាមឃុំ តាមផ្ទះអ៊ីចឹង ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋអ្នកទៅធ្វើកម្មករហ្នឹង យើងមានលិខិតឆ្លងដែន និងឯកសារ ឬក៏អត់មានអ៊ីចឹង គឺគេត្រួតពិនិត្យតាមហ្នឹង។ អ្នកអត់មាន គឺគេចាប់បញ្ជូនមកស្រុកខ្មែរវិញ បើអ្នកមានគេនៅធ្វើការធម្មតា ជាក់ស្ដែងគឺរដ្ឋបាលគេចុះត្រួតពិនិត្យ»។
វិធានការដ៏តឹងរ៉ឹងនេះ ត្រូវបានគេមើលឃើញថា បានកើតមានឡើងជាបន្តបន្ទាប់ នៅក្រោយពីមានព្រឹត្តិការណ៍ទាហានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ក្ដោបក្ដាប់អំណាចរួចមក។ ទោះយ៉ាងណា ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ពុំបានដឹងច្បាស់ពីពេលវេលាជាក់លាក់នៃការអនុវត្តការងាររដ្ឋបាលរបស់កងទាហានថៃ នេះទេ។
ប្រភពពីប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅក្នុងប្រទេសថៃ ថ្លែងថា កងទាហានថៃ បានដើរល្បាត និងចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ដាក់ក្នុងរថយន្ត បន្ទាប់មកដឹកបញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា។ ការចុះឆែកឆេរ និងការចាប់ខ្លួនជាបន្តបន្ទាប់មកនេះ បានធ្វើឲ្យពលរដ្ឋកម្ពុជា ខ្លះដែលជាអ្នកស្នាក់នៅ ធ្វើការក្នុងទឹកដីថៃ ដោយមិនស្របច្បាប់ ក៏នាំគ្នាវិលត្រឡប់មកកម្ពុជាវិញ។ អ្នកខ្លះទៀតក៏ស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យអាជ្ញាធរចាប់និងដឹកបញ្ជូនយកមកឲ្យអាជ្ញាធរកម្ពុជា។
ប្រភពបន្តថា ក្នុងរយៈពេលកន្លងមក មានថៅកែជនជាតិថៃ ដែលមាននិន្នាការនយោបាយបានផ្ដល់លុយឲ្យពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការក្នុងទឹកដីថៃ នោះ នាំទៅចូលរួមទៅធ្វើបាតុកម្ម៖ «ព្រោះខ្មែរយើងជាកម្មករ ជួនកាលថៅកែខ្លះគាត់មាននិន្នាការនយោបាយ អ៊ីចឹងគាត់ឲ្យពលករខ្មែរទៅធ្វើបាតុកម្មតវ៉ា អ៊ីចឹងបានយុទ្ធសាស្ត្រហ្នឹង ទាហានគេធ្វើដើម្បីកុំឲ្យមានការពាក់ព័ន្ធដល់ពលរដ្ឋខ្មែរ ការទំនាក់ទំនងរវាងប្រទេសយើងនិងថៃ ភាគីទាហានថៃ គេថា នឹងធ្វើក្នុងរយៈពេលបីខែអោយអស់ពលរដ្ឋកម្ពុជា ដែលមិនស្របច្បាប់ហ្នឹង»។
ប្រភពដដែលបញ្ជាក់ថា នៅតាមកន្លែងធ្វើការ និងបនល្បែងកាស៊ីណូនានា ក្នុងក្រុងបាងកក បានបិទទ្វារទាំងអស់៖ «ល្បែងកាស៊ីណូនៅថៃបិទអស់រលីងហើយ គេចម្រាញ់ទាំងអស់តែម្ដង អ្នកដែលបុគ្គលធ្វើការនៅក្លឹបលួចលាក់ផ្សេងៗមកអស់ហើយ។ ការអនុវត្តក្នុងរយៈពេលបីខែ ដោយសារខ្លាចខ្មែរលាយឡំនិងការធ្វើបាតុកម្ម»។
ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ពេជ្រ វណ្ណា បញ្ជាក់ថា កងទាហានថៃ បានអនុវត្តផែនការនេះខ្លាំងនៅក្រុងបាងកក ប៉ុន្តែនៅតាមទីរួមខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា មានសភាពការណ៍ខុសគ្នាពីក្រុងបាងកក ដោយសារ គេចង់រក្សាកម្មករខ្មែរធ្វើការឲ្យគេបន្តទៀត៖ «ប៉ុន្តែព័ត៌មានមួយទៀតដែលខ្ញុំឲ្យកូនចៅខ្ញុំចុះទៅហ្នឹង ទោះបីអត់លិខិតឆ្លងដែន ក៏គេមិនឲ្យមកដែរ ដូចជានៅក្នុងខេត្តចាន់បុរី ខែនេះជាខែគេបេះផ្លែឈើ អ៊ីចឹងគេថ្នាក់ថ្នមកម្មករយើង កម្មករយើងមកវិញអត់មានអ្នកបេះផ្លែឈើ អត់មានអ្នកធ្វើការ»។
យ៉ាងណាក៏ដោយគេកត់សម្គាល់ឃើញថា កត្តាដែលនាំឲ្យកងទាហានថៃ ចាប់ពលរដ្ឋខ្មែរដែលស្នាក់នៅមិនស្របច្បាប់បញ្ជូនមកកម្ពុជាវិញនេះ គឺដោយសារស្ថានភាពអាប់អួក្រោយពីមានរដ្ឋប្រហារដោយកងយោធាថៃ។ កងទាហានថៃ បានបិទច្រករបៀងនានានៅតាមខ្សែក្រវាត់ព្រំដែន ជាប់ជាមួយប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ពួកគេបានបង្កើនការឆែកឆេរទៅលើរថយន្ត និងត្រួតពិនិត្យលើឯកសាររបស់ពលរដ្ឋកម្ពុជា ដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ និងច្រកតំបន់នានា ចូលទៅក្នុងប្រទេសថៃ៕ RFA
0 comments:
Post a Comment