![]() |
១០-មករា-២០១៣៖ ស្លាកសញ្ញាគណបក្សសង្គ្រោះជា
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ករណីនេះជាការរារាំងក្នុងការលើកស្លាកសញ្ញាគណបក្សនយោបាយ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៣ បានចេញលិខិតមួយឲ្យគណបក្សសង្គ្រោះជាតិ ផ្លាស់ប្ដូរទីតាំងស្លាកសញ្ញាក្នុងបរិយាកាសមួយដែលពោរពេញដោយភាពចម្រូងចម្រាស។
លោក កាង ប៉េងហាក់ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅរសៀលថ្ងៃទី១១ មករា ឆ្នាំ២០១៣ ថា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ដែលបានដាក់នៅក្បាលស្ពានថ្ម ឆ្លងស្ទឹងពោធិ៍សាត់ ត្រើយខាងលិចនៅលើផ្លូវជាតិលេខ៥ បានបាំងស្លាកសញ្ញាចរាចរណ៍ផ្លូវខ្វែងនៅចំណុចនេះ ធ្វើឲ្យអ្នកធ្វើចរាចរណ៍តាមដងផ្លូវមើលមិនឃើញស្លាកសញ្ញា ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍៖ «វាបាំង ធ្វើឲ្យមើលមិនឃើញស្លាកសញ្ញា។ បើគាត់ដាក់ស្លាកនៅកន្លែងហ្នឹង គឺវាបាំង និងធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចនេះ ព្រោះចំណុចនេះជាផ្លូវខ្វែងចុះពីស្ពាន។ យកល្អ គឺគាត់ត្រូវយកចេញពីទីនេះទើបល្អ »។
លោក ញឹម ញេង ជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោកបានចាត់ទុកលិខិតរបស់មន្ទីរសាធារណការខេត្ត ថាជាការរារាំងបែបនយោបាយ ក្នុងបំណងមិនចង់ឲ្យគណបក្សប្រឆាំងមានឱកាសចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ៖ «មិនមានការប៉ះពាល់ដល់ស្លាកសញ្ញាចរាចរណ៍ទេ ព្រោះអីនរណាក៏ឃើញជាក់ស្ដែងដែរថាវាអត់បាំងទេ។ សាធារណជនអាចទៅមើលឲ្យឃើញប្រាកដទៅថា វាមិនមានអីប៉ះពាល់ដល់ស្លាកចរាចរណ៍នោះទេ។ វាជារូបភាពនយោបាយ ព្រោះលិខិតរបស់មន្ទីរសាធារណការ មិនបានពន្យល់ថាតើខ្ញុំត្រូវធ្វើការកែតម្រូវស្លាកយ៉ាងណានោះទេ »។យ៉ាងនេះក្ដី អ្នកធ្វើដំណើរជាច្រើនអ្នកដែលវិទ្យុអាស៊ីសេរី បានជួប និងសាកសួរ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មិនបាំងស្លាកសញ្ញាចរាចរណ៍ផ្លូវខ្វែងនោះទេ។
បុរសអ្នកដំណើរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់ពិតជាអាចមើលឃើញស្លាកសញ្ញាផ្លូវខ្វែងបានដោយមិនមានការបាំងរំខានពីស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នោះទេ៖ «ដូចជាគ្មានបញ្ហាបាំងអីផង។ ខ្ញុំជិះម៉ូតូទៅមករាល់ថ្ងៃ មើលទៅដូចជាមិនមានផលប៉ះពាល់អីទេស្លាកសញ្ញាគណបក្សដែលគេទើបលើកនេះ »។
កាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៣ អាជ្ញាធរដែនដីបានធ្វើការហាមឃាត់មិនឲ្យគណបក្សសង្គ្រោះជាតិ លើកស្លាកសញ្ញានេះម្ដងរួចហើយ ដោយសំអាងហេតុថា ការលើកស្លាកនេះមិនត្រូវតាមថ្ងៃសុំច្បាប់។ ប៉ុន្តែ បន្ទាប់ពីមានអន្តរាគមន៍ពីអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺអ្នកស្រី មូរ សុខហួរ ស្លាកគណបក្សនេះក៏លើកបានសម្រេច។ ស្រាប់តែនៅថ្ងៃទី១០ មករា មានលិខិតចេញពីមន្ទីរសាធារណការ សុំឲ្យរុះរើស្លាកនេះចេញ ដោយសំអាងហេតុថាបាំងស្លាកសញ្ញាចរាចរណ៍វិញម្ដង៕
0 comments:
Post a Comment