លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើលិខិតស្នើសុំអន្តរាគមន៍ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អោយពិចារណាអំពីការបន្ធូរបន្ថយ និងលើកលែងទោសដល់សកម្មជនថៃអាវលឿង២នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើអោយក្រសួងយុត្តិធម៌ពិចារណាលើការស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃនេះ។
ក្រសួងយុត្តិធម៌បានចាប់ផ្តើមនីតិវិធីទៅតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយនៅថ្ងៃនេះ។ លោកនាយករដ្ឋមន្ត្រីដែលបានស្នើអោយក្រសួងយុត្តិធម៌ពិចារណា ទីមួយ បន្ធូបន្ថយទោសទណ្ឌិត វេរ៉ា ស៊ុមខ្វាមឃីត ដើម្បីអាចឈានទៅដល់ការលើកលែងទោស និងទី២ លើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះរតនកោដ្ឋ។
លោកសម ប្រជាមានិត នាយកខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅរសៀលថ្ងៃនេះថា ក្រសួងយុត្តិធម៌បានផ្តើមនីតិវិធីហើយ ដោយការពិនិត្យលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពមនុស្សធម៌ មុននឹងធ្វើរបាយការណ៍ផ្ញើទៅលោកនាយករដ្ឋមន្ត្រីវិញ។ លោកនាយកខុទ្ទកាល័យរូបនេះមិនអាចបញ្ជាក់ថា តើពេលណានឹងអាចបញ្ចប់នីតិវិធីនេះនោះទេ។
គួរបញ្ជាក់ថា កាសែតថៃធ្លាប់បានផ្សាយកាលពីពេលថ្មីៗនេះអោយដឹងថា ករណីជនជាតិថៃអាវលឿងទាំងពីរនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីសហប្រតិបត្តិការទ្វេភាគីកន្លងមក ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃ។ ពិសេសករណីនាងរ៉ាទ្រីដែលត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ៦ឆ្នាំនោះ បើតាមច្បាប់កម្ពុជា គេអាចចាប់ផ្តើមនីតិវិធីស្នើសុំការបន្ធូរបន្ថយទោសបន្ទាប់ពីបានអនុវត្តទោសបាន២ភាគ៣នៃទោសសរុប។
គួររម្លឹកថា អ្នកទាំងពីរ ជាមួយនឹងមនុស្សមួយក្រុមទៀតបានដើរឆ្លងកាត់ព្រំដែនចូលក្នុងភូមិខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យកាលពីចុងខែធ្នូឆ្នាំ២០១០។ អាជ្ញាធរកម្ពុជាបានចោទប្រកាន់ពួកគេពីបទឆ្លងដែនខុសច្បាប់ ចូលក្នុងបន្ទាយយោធា និងបទធ្វើចារកម្ម។ សាលាដំបូងរាជធានីភ្នំពេញបានដាក់ទោសវេរ៉ា ស៊ុមខ្វាមឃីត ដែលជាសកម្មជនអាវលឿងអោយជាប់ពន្ធនាគារ៨ឆ្នាំ និងនាងរ៉ាទ្រីអោយជាប់ពន្ធនាគារ៦ ឆ្នាំ។
វាអាចជាការដល់ពេលដែលត្រូវស្នើសុំលើកលែងទោសដល់ជនជាតិថៃអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភីស៊ីតទាំងពីរនេះមែន។ ប៉ុន្តែពេលវេលានេះ វាក៏បានកើតឡើងស្របពេលជាមួយគ្នានឹងចលនារបស់ក្រុមអាវលឿងកំពុងគាបសង្កត់អោយលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់បង្ហាញជំហរលើបញ្ហាព្រំដែនប្រាសាទព្រះវិហារ។ ប្រសិនបើ រដ្ឋាភិបាលកម្ពុជាអាចសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតថៃអាវលឿងទាំងពីរនេះមែន លទ្ធផលក៏ទំនងជាអាចជួយសម្រាលសម្ពាធរបស់រដ្ឋាភិបាលលោកស្រីយីងឡាក់ដែរ៕
Source: http://www.camnews.org/2013/01/10/
0 comments:
Post a Comment