ភ្នំពេញ: មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការព្រមានដោយផ្ទាល់មាត់នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា អាជ្ញាធរនឹងចាត់វិធានការ ចាប់ខ្លួនក្រុមអ្នកតវ៉ាដីធ្លី ដូចជាក្រុមអ្នកភូមិបឹងកក់ ឬអ្នកបុរីកីឡា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា "យើងឃើញមានប្រភេទអ្នកតវ៉ាមួយចំនួនដែលមកតាំងទីលំនៅអនាធិបតេយ្យនៅមុខស្ថានទូតសហរដ្ឋអាមេរិក ជិតវត្តភ្នំ គឺយើងចាត់ទុកជាប្រភេទជនអនាថាហើយ។ ដូច្នេះសាលារាជធានីភ្នំពេញ នឹងមានវិធានការជារបៀបសង្គមកិច្ចហើយ"។
សេចក្តីអត្ថាធិប្បាយរបស់មន្ត្រីសាលារាជធានីភ្នំពេញយ៉ាងដូច្នេះ បានធ្វើឡើង ខណៈដែលក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី ដែលរួមមាន អ្នកបឹងកក់ បុរីកីឡា និងអ្នករស់នៅជិតព្រលានយន្តហោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ បានបន្តប្រមូលផ្ដុំនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅជិតវត្តភ្នំ ដើម្បីដាក់ញត្តិស្វែងរកអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ឲ្យជួយដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ម្នាក់ និងស្ត្រីបុរីកីឡាម្នាក់។
លោកប្រធានាធិបតី អូបាម៉ា ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងប្រមុខដឹកនាំអាស៊ាន និងបណ្តាប្រទេសមហាអំណាចជាច្រើនទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្រុមប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី ពិសេសអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ក៏បានព្យាយាមជួបជុំយូរថ្ងៃមកហើយ ដើម្បីស្វែងរកអន្តរាគមន៍ពីលោក អូបាម៉ា។
នៅពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅពេលខាងមុខ ក៏មានសកម្មជនអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី គ្រោងនឹងជួបជុំ ហែញត្តិដាក់ទៅកាន់ប្រមុខដឹកនាំអាស៊ាន និងប្រទេសមហាអំណាច ដូចជា លោក អូបាម៉ា ជាដើម៕
Home
» khmernationalist
» មន្ត្រីសាលាក្រុង ព្រមានថា នឹងចាប់ខ្លួនអ្នកតវ៉ាដីធ្លី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
Monday, November 12, 2012
Print
PDF
មន្ត្រីសាលាក្រុង ព្រមានថា នឹងចាប់ខ្លួនអ្នកតវ៉ាដីធ្លី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment