![]() |
លិខិតបង្គាប់ការមួយ របស់អគ្គិសនីកម្ពុជា ដែលគេយកមកខ្ចប់នំបុ័ង។ រូបថត តុង សុប្រាជ្ញ |
ពេល ខ្លះ ក៏ឃើញក្រដាសវេចខ្ចប់របស់ទាំងនោះ មានឈ្មោះ ហត្ថលេខា និងត្រា របស់សម្តេចទាំងបី ជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសផងដែរ គឺសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី។
ម្តងម្កាល ក្រុមអ្នកកាសែតផ្ទុះសំណើចខ្លួនឯង ដោយសារឃើញឈ្មោះ និងអត្ថបទរបស់ខ្លួន នៅក្រដាសខ្ចប់នំប៉័ង ខ្ចប់ចេកចៀន ឬក្រដាសខ្ចប់សាច់ក្រកជាដើម។ ពួកគេមានអារម្មណ៍ថា កិច្ចការរបស់គេ ត្រូវបានគេប្រមាថ និងវាយតម្លៃទាបបំផុត ខណៈដែលឯកសារដ៏មានប្រយោជន៍ត្រូវបានគេលក់សម្រាប់ខ្ចប់របស់កំប៉ិក កំប៉ុកបែបនេះ។
ប៉ុន្តែវាមិនថ្វីទេ សម្រាប់អត្ថបទកាសែត និងឈ្មោះអ្នកកាសែតនោះ ផ្ទុយទៅវិញគេមិនគួរលក់ឯកសារស្រាវជ្រាវរបស់គ្រូបង្រៀន សាស្ត្រាចារ្យ បណ្ឌិត លិខិតបទដ្ឋានផ្សេងៗ ដែលជាបែបបទរដ្ឋបាល ក្នុងមន្ទីរ ក្រសួង និងស្ថាប័ននានារបស់រដ្ឋទេ ព្រោះវាអាចលេចចេញ នូវលទ្ធផលអវិជ្ជមានមួយចំនួន។
កន្លងមកអ្នកយកព័ត៌មាន តែងតែកត់សម្គាល់ឃើញថា មន្ត្រីរាជការ និងអ្នកទទួលខុសត្រូវ នៅតាមក្រសួងមន្ទីរ និងស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាល កំណាញ់ណាស់ ចំពោះឯកសារនានាដែលអ្នកកាសែតសុំយកទៅសរសេរចុះផ្សាយជូនជនរួម ជាតិ បានដឹង បានយល់តាមរយៈទំព័រសារព័ត៌មាននោះ ព្រោះក្រុមមន្ត្រីចាត់ទុកថា «ជាឯកសារសម្ងាត់» មិនអាចឲ្យអ្នកកាសែតបានទេ។ ប៉ុន្តែពេលខ្លះ អ្នកកាសែតបែរជារកឃើញ ឯកសារសម្ងាត់បំផុតរបស់ក្រសួងមន្ទីរនានា ដែលអ្នកយកព័ត៌មានចង់បាននោះ បែរជានៅក្នុងឃ្លាំងផ្ទុកក្រដាសអេតចាយជាមួយនឹងវត្ថុអេតចាយ រាប់សិបមុខទៀតទៅវិញ។
សកម្មភាពយកក្រដាសផ្សេងៗដូចជា លិខិតស្នាមបែបបទរដ្ឋបាល ឯកសារស្រាវជ្រាវ ទិន្នន័យចំណូលចំណាយ ឬក៏ព័ត៌មានសម្ងាត់ផ្សេងៗ...យកទៅវេចខ្ចប់គ្រឿងលក់ចាប់ហ៊ួយ ខ្ចប់នំប៉័ង ខ្ចប់ថ្នាំពេទ្យ ខ្ចប់ត្រីងៀតត្រីអាំង ឬក៏យកទៅដាក់ទ្រជើងឆ្នាំងដាំបាយ ដែលកើតឡើងជារៀងរាល់ថ្ងៃបែបនេះ ពិតជាមិនសមរម្យទេ។ ពេលខ្លះ ក៏ឃើញក្រដាសវេចខ្ចប់របស់ទាំងនោះ មានឈ្មោះ ហត្ថលេខា និងត្រា របស់សម្តេចទាំងបី ជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសផងដែរ គឺសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី។
ជាទូទៅគេឃើញមានឈ្មោះប្រធាន ស្ថាប័នផ្សេងៗ និងត្រាក្រហមផងដែរ ជាក្រដាសខ្ចប់នំប៉័ងសាច់។ ទាំងនេះ គឺជាប្រការដ៏គួរឲ្យព្រួយបារម្ភមួយ ចំពោះរបៀបរបបរក្សាឯកសារ ទាំងផ្លូវការក្តី មិនផ្លូវការក្តី ដែលអាចលេចធ្លាយតាមរយៈការនិយមលក់ក្រដាស និងឯកសារចាស់ឲ្យអេតចាយ ដើម្បីបានប្រាក់កម្រៃតិចតួច។
ការពិត ក្រដាស ដែលប្រើរួចអាចមានជាតិពុល ជាតិគីមីម្យ៉ាង ដែលបណ្តាលឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ និងមានមេរោគនានា ដែលជាប់នឹងក្រដាស បន្តចម្លងទៅមនុស្ស ព្រោះក្រដាសទាំងនោះ ត្រូវបានអ្នកធ្វើអាជីវកម្មអេតចាយដាក់លាយឡំជាមួយរបស់របរ ស្មោកគ្រោកផ្សេងទៀត ក្នុង សម្រាម ដូចជាជ័រប្លាស្ទិក កំប៉ុងស្រាបៀរ និងវត្ថុឥតអនាម័យ ជាដើម។
ថ្វីដ្បិតថា ឯកសារខ្លះចាស់ (Expired) មិនត្រូវការប្រើ ប៉ុន្តែវានៅតែជាឯកសារមានតម្លៃ ដែលអាចរក្សាទុកសម្រាប់ប្រើប្រាស់ថ្ងៃក្រោយទៀត។ ក្នុងនោះរួមមាន ឯកសារ ទិញ លក់ ដី ផ្ទះ និងឯកសារជាកិច្ចសន្យាផ្សេងៗ របស់រដ្ឋបាលសាធារណៈ ត្រូវបានគេប្រមូលលក់ឲ្យអេតចាយ។ នោះជាគ្រោះថ្នាក់មួយសម្រាប់ម្ចាស់ឯកសារទាំងឡាយ ដែលចង់លាក់អាថ៌កំបាំងរឿងរ៉ាវផ្សេងៗ។ បើយើងពិនិត្យមើលស្ថាប័នអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងអង្គការជាតិ អន្តរជាតិផ្សេងទៀត គេកម្រប្រមូលឯកសារចាស់ៗ លក់ឲ្យអេតចាយណាស់។ បើប្រើមិនបាន ដាច់ខាតត្រូវហែកចោល ដុត កិន ឬកាត់កម្ទេចចោលតែម្តង។ ការធ្វើបែបនេះ គឺចៀសវាងបែកធ្លាយឯកសារសម្ងាត់ផ្សេងៗដោយប្រការណាមួយ ដែលបណ្តាលឲ្យស្ថាប័នសាមី មានបញ្ហាធំ នៅថ្ងៃក្រោយ។ អ្វីដែលជាការព្រួយបារម្ភនោះ គឺឯកសារសម្ងាត់របស់ជាតិ ទាក់ទិននឹងកិច្ចការ ការពារជាតិ។ល។
ជាការពិតណាស់ កម្ពុជា ទាំងសង្គមចាស់ និងសង្គមបច្ចុប្បន្ន ដឹកនាំប្រទេសតាមបែបបទរដ្ឋបាលបារាំង។ ក្រោមអាណាព្យាបាលរបស់បារាំង រយៈពេលស្ទើរមួយសតវត្សរ៍ បារាំង បានបង្រៀនច្រើនណាស់ រួមទាំងរបៀបរបបស្លៀកពាក់ ខោបារាំង អាវធំ ក្រវាត់ក ឬដំណើរការិយាល័យរដ្ឋបាល ការងារលើឯកសារចេញ-ចូល ពិធីជប់លៀងបែបបារាំង និងពិសាអាហារបែបបារាំងជាដើម។ ទាំងអស់នេះ សុទ្ធតែជាកេរដំណែលបែបបទរដ្ឋបាលសាធារណៈ ដែលបារាំងបន្សល់ទុកឲ្យនោះ។ សូម្បីតែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ក៏ទទួលស្គាល់ថា កម្ពុជាអនុវត្តបែបបទរដ្ឋបាលរបស់ប្រទេសបារាំងជាមូលដ្ឋានដែរ។
ចំពោះមន្រ្តី រាជការជាន់ខ្ពស់ភាគច្រើនសព្វថ្ងៃ ចូលចិត្តតែការគ្រប់គ្រងតាមបែបរដ្ឋបាល តាំងពីការប្រើពាក្យពេចន៍ ឃ្លាឃ្លោង និងការធ្វើការចាំថ្នាក់លើសម្រេចឲ្យធ្វើជាដើម។ ឧទាហរណ៍៖ គ្រាន់តែលិខិតលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ស្នើសុំរាជរដ្ឋាភិបាល ដើម្បីថ្វាយបង្គំព្រះបរមសពសម្តេចឪ ជាលើកចុងក្រោយ តែរាជរដ្ឋាភិបាល បញ្ជូនលិខិតនោះត្រឡប់ទៅលោក សម រង្ស៊ីវិញ ព្រោះលិខិតនោះគ្មានអាសយដ្ឋាន។ តែផ្ទុយទៅវិញ គេអាចរកឃើញឯកសារផ្សេងៗជាច្រើន ពាក់ព័ន្ធនឹងលិខិតបទដ្ឋានបែបបទរដ្ឋបាលនានា នៅតាមឃ្លាំងអេតចាយ តាមផ្សារ ផ្ទះលក់ចាប់ហួយផ្សេងៗ រាប់សិបកន្លែង នៅក្នុងរាជធានី ក៏ដូចជានៅតាមខេត្ត។
ទំាងនេះគឺជាការធ្វេសប្រហែស ដ៏ធ្ងន់ធ្ងរមួយលើផ្នែករដ្ឋបាលសាធារណៈ។ «ប្រសិនបើរកឃើញថា មន្ត្រីណាមួយប្រព្រឹត្តខុសជាក់ស្តែងនោះ គឺសាមីអង្គភាព អាចដាក់ពិន័យផ្នែករដ្ឋបាល ដូចដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឆ្នាំ២០១០»។ នេះបើតាមប្រសាសន៍លោក ពេជ្រ ប៊ុនធិន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។ មាត្រា ៣៩ ចែងថា៖ «កំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ត្រូវយកទណ្ឌកម្មខាងវិន័យទៅអនុវត្ត...»។ និងមាត្រា ៤០ ចែងថា៖«ទណ្ឌកម្មខាងវិន័យ មានតំាងពីការស្តីបន្ទោស ...រហូតដល់បណ្តេញចេញពីមុខតំណែងរាជការ»។
សរុប មកវិញ ការធ្វេសប្រហែស ក៏មិនមែនកើតឡើង ចំពោះតែស្ថាប័នរាជរដ្ឋាភិបាលទេ ឯស្ថាប័នអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនក៏មិនយកចិត្តទុកដាក់ អំពីរបៀបការកម្ទេចឯកសារនេះដែរ។ បើសង្កេតទៅមើលស្រុកគេវិញ គឺគេមិនយកក្រដាសទំាងនេះ មកវេចខ្ចប់ទេ គឺគេមានថង់ក្រដាសស្តើងថ្មីមកខ្ចប់ ដើម្បីលើកស្ទួយសុខភាពសាធារណជាចម្បង៕
0 comments:
Post a Comment