ដោយ វណ្ណ វិចារ
2012-11-03
ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ូសសែល (Brussels) ប្រទេសបែលហ្សិក បានចេញលិខិតមួយច្បាប់ជូនទៅប្រធានសភាសហគមន៍អឺរ៉ុប លោក ម៉ាទីន ស្គូល (Martin Schulz) ដោយបានច្រានចោលទាំងស្រុងរាល់ការលើកឡើងទាំងឡាយណាស្ដីពីការ រំលោភសិទ្ធិមនុស្សនៅកម្ពុជា។ក្នុងលិខិតផ្លូវការនោះ ចុះកាលបរិច្ឆេទថ្ងៃទី១ វិច្ឆកា ហើយផ្សព្វផ្សាយជាសាធារណៈតាមគេហទំព័រក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ វិច្ឆកា។
លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ូសសែល លោក សូ សង្ហា បានពន្យល់នូវបញ្ហាមួយចំនួនដូចជាការសម្រេចដាក់ទោសលោក សម រង្ស៉ី និងលោក ម៉ម សូណង់ដូ ជារឿងព្រហ្មទណ្ឌដែលតុលាការរកឃើញភស្តុតាងច្បាស់លាស់។ ចំពោះករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងកុមារី ហេង ចន្ថា ក៏តុលាការបានបញ្ចប់សំណុំរឿងទាំងនេះរួចរាល់ហើយដែរ។ លិខិតបន្តថា រដ្ឋាភិបាលមិនបានបណ្ដេញពលរដ្ឋចេញពីលំនៅឋាននោះទេ ហើយនៅកម្ពុជា ក៏មិនមានអ្នកទោសនយោបាយដែរ។
លោក សូ សង្ហា បានបញ្ចប់លិខិតថា វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់សភាអឺរ៉ុប ក្នុងការសិក្សា និងស្វែងយល់អំពីស្ថានភាពក្នុងប្រទេសកម្ពុជា មុនពេលធ្វើសេចក្តីសម្រេចណាមួយនោះ។ បានន័យថា ការសម្រេចរបស់សភាសហភាពអឺរ៉ុប ជាការសម្រេចមួយដែលមិនបានសិក្សាឲ្យគ្រប់ជ្រុងជ្រោយ។
ទោះយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើការងារមួយចំនួន ដើម្បីទប់ស្កាត់ទំនាស់ដីធ្លី ប៉ុន្តែមិនទាន់បានដោះស្រាយបញ្ហាទំនាស់ដីធ្លីឲ្យបានចប់សព្វគ្រប់ នៅឡើយ។ លោកបន្តថា ចំពោះករណីដាក់ទោសលោក សម រង្ស៉ី និងលោក ម៉ម សូណង់ដូ ទោះបីជារដ្ឋាភិបាលខិតខំបង្ហាញភស្តុតាងយ៉ាងណា ក៏សហគមន៍អន្តរជាតិមិនជឿតាមរដ្ឋាភិបាលដែរ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការឆ្លើយតបរបស់រដ្ឋាភិបាល ទៅនឹងរបាយការណ៍របស់សហគមន៍អន្តរជាតិ មានរបាយការណ៍អង្គការសហប្រជាជាតិ ការសម្រេចរបស់សភាសហភាពអឺរ៉ុប ជាការខាតបង់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតកម្ពុជា ជាអន្តរជាតិ៖ «ការ ជាក់ស្ដែងហ្នឹង ការបាត់បង់កិត្តិយសប្រទេសជាអន្តរជាតិ និងថ្នាក់ដឹកនាំ ឈានទៅការដាក់ទណ្ឌកម្មផ្សេងៗ ព្រោះសហគមន៍អឺរ៉ុប ជាអ្នកផ្តល់ជំនួយយ៉ាងធំ និងជាទីផ្សាររបស់ផលិតផលកម្ពុជា»។
លោក ឡៅ ម៉ុងហៃ បន្តថា ជាដំណោះស្រាយរដ្ឋាភិបាលធ្វើការងារជាច្រើនទៀត ដើម្បីបង្ហាញជំហរក្នុងការនាំកម្ពុជា ទៅកាន់ប្រទេសដែលគោរពច្បាប់លទ្ធិប្រជាធិបតេយ្យ ដូចជាការលុបបំបាត់និទ្ទណ្ឌភាព ការពង្រឹងប្រព័ន្ធយុត្តិធម៌ ការគោរពសិទ្ធិមនុស្សជាដើម។
សភាសហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ តុលា បានថ្លែងការណ៍ថ្កោលទោសចំពោះការកាត់ទោសអ្នកនយោបាយប្រឆាំង រដ្ឋាភិបាល ក្នុងនោះមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងនាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។ សភាសហភាពអឺរ៉ុប ក៏បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំដំណើរការបោះឆ្នោតឆ្នាំ២០១៣ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ តាមស្តង់ដារអន្តរជាតិ ដែលគ្រប់គណបក្សនយោបាយអាចចូលរួមប្រកួតប្រជែង។
តែទោះយ៉ាងណាក្តី ប្រធានក្រុមប្រឹក្សាសភាសហភាពអឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា និងបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី២ វិច្ឆិកា នោះ លោកបានសន្យាគាំទ្រនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា និងពង្រីកសហប្រតិបត្តិការជាមួយអាស៊ាន។ ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រី គឺលោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្នុងជំនួបនោះពុំបានពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស បញ្ហាដែលទាក់ដល់ប្រធានគណបក្សប្រឆាំងនោះឡើយ៕
0 comments:
Post a Comment