ភ្នំពេញៈ ខណៈពេលដែលតារាចម្រៀងសំនៀងសំឡេងរៃកណ្តឹង ពៅ បញ្ញាពេជ្រ មកដល់ស្រុកខ្មែរវិញក្រោយវិលពីព្យាបាលនៅប្រទេសថៃនោះ ព្រះសង្ឃមួយអង្គបានធ្វើនិមន្តស្កាត់មកពីអាមេរិកដើម្បីជួបផ្ទាល់ ជាមួយនឹងតារារូបនេះដល់ផ្ទះតែម្តង។
ដោយរួមដំណើរជាមួយនឹង ក្រុមសិល្បករប្រមាណជាង១០រូប ក្រោមការដឹកនាំរបស់ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ព្រះសង្ឃមួយអង្គដែលខំជិះយន្តហោះឆ្លងទ្វីប និងមហាសាគរមកស្រុកខ្មែរនោះ បានជួបផ្ទាល់ដូចបំណងជាមួយតារាចម្រៀងដែលទទួលរងការបាញ់ប្រហារ យ៉ាងសាហាវនាង ពៅ បញ្ញាពេជ្រ ។
ដោយមិនបានបញ្ចេញព្រះនាមព្រះ អង្គបានមានសង្ឃដីកាថា ព្រះអង្គទើបមកពីសហរដ្ឋអាមេរិក ដើម្បីមកជួបមើល និងដឹងសុខទុក្ខតារាចម្រៀងដែលធ្លាក់ខ្លួនពិការនាង ពៅ បញ្ញាពេជ្រ ដោយផ្ទាល់ ហើយព្រះអង្គក៏មានថវិកាមួយចំនួនច្រកក្នុងស្រោមសំបុត្រដើម្បីជួយ រួមចំណែករំលែកទុក្ខ និងធ្វើការព្យាបាលបន្តផងដែរ។ ទន្ទឹមនឹងនោះអ្នកសិល្បៈជាច្រើនរូបក៏បានផ្តល់ជាថវិកាផ្ទាល់ ខ្លួនជួយកញ្ញា ពៅ បញ្ញាពេជ្រ ផងដែរ ក្នុងនោះមានដូចអ្នកនាង ប៊ូ មុនីរ័ត្ន តារាចម្រៀង ឈួន សុវណ្ណឆៃ លោក ហម ឈរ៉ា និងអ្នកសិល្បៈមួយចំនួនទៀត ។
ដោយក្តីអាណិតអាសូរ និងនឹករឭក អ្នកសិល្បៈជាច្រើនបាននាំគ្នាសួរនាំសុខទុក្ខនាង និងផ្តល់ជាមតិយោបល់ល្អៗដល់តារាចម្រៀង ពៅ បញ្ញាពេជ្រ ។ ជាមួយនឹងក្តីរំភើបនេះ ពៅ បញ្ញាពេជ្រ ក៏បានឆ្លើយតបមកវិញជាមួយសំឡេងពីរោះស្រួយដូចសារិកាយ៉ាងហូរហែ ទោះបីជានាងហាក់មានសភាពហត់បន្តិចក្តីនៅពេលនិយាយច្រើនពេក។
ដោយ មិនអស់ចិត្តសិល្បករដែលមានវត្តមានទៅសួរសុខទុក្ខ ពៅ បញ្ញាពេជ្រ ក៏បានសម្តែងនូវចម្ងល់ផងដែរថា ហេតុអ្វីបានជាជនមិនស្គាល់មុខរូបនោះបាញ់ប្រហារមកលើនាង ពៅ បញ្ញាពេជ្រ? តើជនដៃដល់នោះជាអ្នកណា ហេតុអ្វីសំណុំរឿងរបស់នាងហាក់កប់បាត់ ឬក៏រកមិនឃើញឃាតកទាល់តែសោះនោះ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា លោកបានជម្រាបរឿងនេះដល់សមត្ថកិច្ចដែរ តែលោកនៅតែមានចម្ងល់ថា ហេតុអ្វីបានជារាល់សំណុំរឿងបាញ់ប្រហារ ឬឃាតកម្មមកលើសិល្បករមិនថាតារាសម្តែង តារាចម្រៀង ឬពិធីការិនីទេ តែងត្រូវបានគេផ្អឹបទុកមិនអើពើ ឬក៏មិនដែលវែងមុខ ឬចាប់ខ្លួនបានម្តងណាសោះនោះ ខណៈដែលសំណុំរឿងផ្សេងៗក្រៅពីតារាមិនយូរប៉ុន្មានក៏ត្រូវបានគេ វែងមុខរកឃើញនោះ។
ទោះជាយ៉ាងណា តាំងពីតារារូបនេះទទួលរងការបាញ់ប្រហារមកម្ល៉េះ អ្នកណាៗក៏និយាយ និងដឹងថា សំណុំរឿងនេះពាក់ព័ន្ធនឹងអ្នកមានអំណាច មានទ្រព្យដែរ ទើបមិនមានការស៊ើបអង្កេតណាមួយចេញជាផ្លែផ្កានោះ។
ប៉ុន្តែ កញ្ញា ពៅ បញ្ញាពេជ្រ ហាក់ដូចជាលែងចង់រំឭករឿងនេះទៀតហើយ ខណៈដែលនៅពេលនេះ នាង និងគ្រួសារខ្វល់តែម្យ៉ាងគត់គឺខ្វះប្រាក់ព្យាបាលរបួស។ ពៅ បញ្ញាពេជ្រ ក៏ហាក់ដូចជានិយាយយ៉ាងមានទំនុកចិត្តថា នាងសង្ឃឹមថា ក្រោយពេលនាងក្លាយខ្លួនជាជនពិការនៅពេលនេះ គេនឹងលែងតាមធ្វើបាបរូបនាងទៀត។
នាងនិយាយថា៖« ខ្ញុំអត់និយាយរឿងបញ្ហាប្តឹងតវ៉ាទៀតទេ។ សំខាន់ខ្ញុំអត់ស្រួលខ្លួន ខ្ញុំត្រូវគិតពីសុខភាពខ្ញុំសិន ខ្ញុំអត់ចង់និយាយទេរឿងហ្នឹងបង! ធ្វើម៉េចឲ្យសុខភាពខ្ញុំស្រួល ខ្ញុំមានលុយមើលជំងឺទៅបានហើយ យើងគិតមួយដំណាក់ម្តងៗសិន។ ម្យ៉ាងខាងបងៗប៉ូលិសសង្កាត់អីគេបានដឹងឮអស់ហើយថាយើងត្រឡប់មក វិញ ។ និយាយទៅដូចជាស្ងប់ស្ងាត់គ្មានរឿងអីទៀតទេ»។
ជាមួយនឹង ការយកចិត្តទុកដាក់ពីសំណាក់អ្នកសិល្បៈជំនាន់មុន និងជំនាន់ជាមួយគ្នាបែបនេះ ពៅ បញ្ញាពេជ្រ បានឲ្យដឹងថា នាងពិតជាមានកម្លាំងចិត្តយ៉ាងខ្លាំង ហើយនាងបានបញ្ជាក់ថា ដរាបណានាងនៅមានជីវិតនាងនៅតែមានសង្ឃឹមជាសះស្បើយពីរបួសនេះ៕
0 comments:
Post a Comment