http://www.youtube.com/watch?v=XWurHZ2iIek&feature=youtu.be
By Borosrath, 2012-09-22
អតីតទាហានសម័យខ្មែរក្រហម និងប្រជាពលរដ្ឋខ្មែរមួយចំនួន
មានទស្សនៈផ្សេងៗគ្នាជុំវិញការបាត់បង់កោះត្រល់
និងប្រជុំកោះដទៃទៀត ដែលជាកេរដំណែលខ្មែរ ទៅឲ្យប្រទេសវៀតណាម។
ពួកគេសម្ដែងការហួសចិត្ត
ដែលមេដឹកនាំខ្មែរពីមួយជំនាន់ទៅមួយជំនាន់ គ្មានសមត្ថភាពការពារ
និងថែរក្សាដីកោះជាសម្បត្តិខ្មែរឲ្យបានគង់វង្ស។
ប្រជាពលរដ្ឋខ្មែរថ្លែងរិះគន់ថា
មេដឹកនាំខ្មែរប៉ុន្មានជំនាន់មកនេះ
ហ៊ានច្បាំងតែជាមួយជាតិសាសន៍ឯង ប៉ុន្តែជាមួយពួកបរទេសឈ្លានពាន
ខ្លាច និងរណបគេមិនហ៊ានចេញមុខតវ៉ាឡើយ។ ប៉ុន្តែ ក្រុមអ្នកច្បាប់
និងអ្នកឯកទេសកិច្ចការព្រំដែន បានអះអាងថា បញ្ហាកោះត្រល់
បើរដ្ឋាភិបាលមានឆន្ទៈទាមទារមកជាសម្បត្តិខ្មែរវិញ
គឺមិនទាន់ហួសពេលទេ។
ប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ រស់នៅខេត្តជាប់មាត់សមុទ្រ
មានក្តីអាឡោះអាល័យពន់ពេក នៅគ្រាដឹងថា កោះត្រល់
និងប្រជុំកោះផ្សេងទៀត ជាកេរដំណែលខ្មែរ
ត្រូវបានប្រទេសជិតខាងរំលោភយក។
ពលរដ្ឋបានចាត់ទុកការបាត់បង់ដែនកោះ
និងទឹកដីទៅឲ្យប្រទេសជិតខាង មានវៀតណាម ជាដើម
បណ្ដាលមកពីមេដឹកនាំខ្មែរប៉ុន្មានរបបចុងក្រោយនេះ
គ្មានសមត្ថភាពអាចរក្សាបូរណភាពទឹកដីខ្លួនបាន។
អតីតមន្ត្រីជាន់ថ្នាក់ខ្ពស់ទាហានជើងទឹកក្នុងរបបខ្មែរក្រហម
លោក សួស សំរិទ្ធ មានភារកិច្ចការពារបូរណភាពដែនសមុទ្រកម្ពុជា
នាសម័យនោះ លោកខកចិត្តចំពោះអ្នកដឹកនាំប្រទេសខ្មែរ
ពីមួយជំនាន់ទៅមួយជំនាន់ គ្មានសមត្ថភាពការពារទឹកដី ផ្ទៃសមុទ្រ
និងដីកោះជាសម្បត្តិខ្មែរឲ្យគង់វង្សនោះ។
លោកថ្កោលទោសចំពោះមេដឹកនាំខ្មែរ
ដែលធ្វើច្បាំងខ្លាំងតែជាមួយជាតិសាសន៍ឯង
តែបើជាមួយបរទេសឈ្លានពាន ខ្លាចគេញ័រខ្លួន និងរណបគេមិនហ៊ានតវ៉ា
ដើម្បីការពារទឹកដីដែលជាកេរដំណែលពីដូនតាខ្លួនឯងនោះទេ។
ក្នុងវ័យប្រមាណ ៧០ប្លាយឆ្នាំ
និងធ្លាប់ចេញទៅសិក្សានៅប្រទេសចិន
ពីយុទ្ធសាស្ត្រសង្គ្រាមលើផ្ទៃសមុទ្រ និងសេដ្ឋកិច្ច ចំនួន ៧ឆ្នាំ
លោកបានរំលឹកទៅមេដឹកនាំខ្មែរ ត្រូវឈប់លាបពណ៌
និងច្បាំងជាមួយជាតិសាសន៍ឯងតទៅទៀត។ លោកថា មេដឹកនាំខ្មែរ
គួររួបរួមគ្នាការពារទឹកដី កុំឲ្យប្រទេសជិតខាងឈ្លានពាន
ដូចករណីកោះត្រល់ និងប្រជុំកោះមួយចំនួនទៀត ដែលវៀតណាម
រំលោភយកជាគំរូស្រាប់។
អ្នកតស៊ូរូបនេះ បន្ថែមថា បូរណភាពដែនកោះ និងផ្ទៃសមុទ្រខ្មែរ
អាចត្រូវបាត់បង់ថែមទៀត នាថ្ងៃអនាគត
បើមេដឹកនាំខ្មែរមិនចេះត្រូវរ៉ូវគ្នា និងគិតតែពីប្រយោជន៍បក្ខពួក
ធំជាងប្រយោជន៍ជាតិ។
កោះត្រល់ មានផ្ទៃដីសរុប ៥៤០គីឡូម៉ែត្រក្រឡា
ឬមានទំហំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)
ដែលមានផ្ទៃដីសរុប ៥៨១គីឡូម៉ែត្រក្រឡា។
មនុស្សវ័យចំណាស់ឈ្មោះ ស៊ុំ ស្រេង
ជាអតីតមន្ត្រីទាហានជាន់ខ្ពស់សម័យខ្មែរក្រហម
សោកស្ដាយចំពោះទង្វើថ្នាក់ដឹកនាំខ្មែរ
ដែលបណ្តោយឲ្យបាត់បង់ទឹកដីដែនកោះ
និងសមុទ្រខ្មែរទៅឲ្យប្រទេសជិតខាង។
លោកថា មេដឹកនាំខ្មែរប៉ុន្មានរបបចុងក្រោយនេះ
ហាក់គ្មានឆន្ទៈចង់ទាមទារកោះត្រល់ ឬប្រជុំកោះផ្សេង ពីវៀតណាម
វិញទេ។ អតីតអ្នកចម្បាំងរូបនេះ អះអាងថា កោះត្រល់
និងប្រជុំកោះផ្សេងទៀត មានកោះសេះ ឬកោះខ្ទះ ជាដើម ត្រូវកងទ័ពវៀតណាម
ចូលបោះជុំរុំក្នុងឆ្នាំ១៩៧៩ នៅគ្រាកងទ័ពវៀតណាម
ចូលឈ្លានពានប្រទេសកម្ពុជា។ លោកឲ្យដឹងថា ជំនាន់ខ្មែរក្រហម
កោះត្រល់ ត្រូវវៀតណាម យកធ្វើជាជុំរុំកងទ័ព។
ចំណែកលោកស្រី ម៉ក់ ទៀន រស់នៅស្រុកទឹកឈូ ខេត្តកំពត
មានរបរជាអ្នកលក់គ្រឿងចាប់ហួយ ហើយធ្លាប់រស់នៅលើកោះត្រល់
ដែលវៀតណាម ហៅថា ហ៊្វូកុក លោកស្រីមានចម្ងល់ថា
ហេតុអ្វីបានជាមេដឹកនាំខ្មែរមិនអាចរក្សាទឹកដី ឬដែនកោះ
ដូចជាកោះត្រល់ មិនឲ្យបាត់បង់បាន? ផ្ដើមពីបញ្ហានេះ
លោកស្រីគ្មានជំនឿថា ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន អាចការពារដីកោះ
ឬផ្ទៃសមុទ្រ មានសេសសល់បានទេ នាថ្ងៃអនាគត។
ស្ត្រីរូបនេះបានផ្តល់តម្លៃចំពោះកោះត្រល់ ថា
ជាកោះមានទេសភាពទាក់ទាញមួយ ក្នុងចំណោមកោះជាច្រើនទៀត
មានក្នុងដែនសមុទ្រប្រទេសកម្ពុជា។
លោកស្រីសោកស្ដាយថាមិនគួរកោះត្រល់ ជាកេរដូនតាខ្មែរ
ត្រូវប្រទេសវៀតណាម គ្រប់គ្រង និងទទួលផលជំនួសខ្មែរបែបនេះសោះ។
ដូចគ្នាដែរ អ្នកនេសាទខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត
ក៏បានសោកស្ដាយចំពោះមេដឹកនាំខ្មែរ
ដែលមិនអាចថែរក្សាទឹកដីខ្លួនបាន។ ពលរដ្ឋព្រួយបារម្ភថា ថ្ងៃអនាគត
ផ្ទៃសមុទ្រ និងដែនកោះមានសេសសល់
អាចត្រូវបាត់បង់ទៅឲ្យប្រទេសជិតខាងបន្តទៀត។
សម្រាប់យុវតី សួន សុភក្ត្រា ជានិស្សិតឆ្នាំទី៣
នៃសាកលវិទ្យាល័យអាយ.អាយ.ស៊ី (IIC) រាជធានីភ្នំពេញ
កញ្ញាបានផ្ញើសារតាមបណ្ដាញព័ត៌មានសង្គម ហ្វែសប៊ុក (Facebook)
សម្ដែងការសោកស្ដាយ ក្រោយពីដឹងថា កោះត្រល់ ជាកេរមរតកដូនតាខ្មែរ
ត្រូវវៀតណាម កាន់កាប់ជំនួសខ្មែរ។ អ្វីដែលយុវតីរូបនេះហួសចិត្ត
គឺទីតាំងកោះត្រល់ មានចម្ងាយជិតបង្កើយពីខេត្តកំពត
ប៉ុន្តែបែរជាមេដឹកនាំខ្មែរមិនមានលទ្ធភាពការពារបានទៅវិញ។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវសង្គម
និងសេដ្ឋកិច្ចឯករាជ្យ បញ្ចេញទស្សនៈថា ទោះលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បញ្ជាក់ថា កោះត្រល់ ត្រូវកាន់កាប់ដោយប្រទេសវៀតណាម
ជាស្ថាពរក្តី ប៉ុន្តែ ផ្លូវច្បាប់ បើរដ្ឋាភិបាលកម្ពុជា
មានឆន្ទៈចង់ទាមទារកោះត្រល់ មកវិញ អាចធ្វើបាន ដោយត្រូវលុបចោល
ឬសើរើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម កន្លងមក។
លោកថា បញ្ហាកោះត្រល់ កម្ពុជាអាចទាមទារតាមរយៈទ្វេភាគីក៏បាន
ឬតាមលក្ខណៈអន្តរជាតិក៏បាន។ ហើយថា បើរដ្ឋាភិបាលរបបនេះ
មិនហ៊ានចេញមុខតវ៉ា អាចមនុស្សជំនាន់ក្រោយបន្តតាមទារកោះត្រល់
មកវិញក៏មិនទាន់ហួសពេលដែរ។
លោក ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឲ្យដឹងថា មូលហេតុកោះត្រល់
លែងជាកម្មសិទ្ធិខ្មែរ ដោយសារតែឯកសារព្រះបាទ សម្ដេច ព្រះនរោត្តម
សីហនុ តម្កល់ទុកនៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤។ លោកថា កោះត្រល់
លែងជាកម្មសិទ្ធិរបស់ខ្មែរនៅឆ្នាំ១៩៣៩ ដែលកាលណោះ
អគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយ៉េ បានដាក់កោះត្រល់
ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយវៀតណាម (កូសាំងស៊ីន)។ ឆ្នាំ១៩៤៩
កូសាំងស៊ីន (ដែលជាទឹកដីកម្ពុជាក្រោម) ត្រូវបានបារាំង
ប្រគល់ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។ បន្តមកក្នុងឆ្នាំ១៩៦៤
សម្ដេច ព្រះនរោត្ដម សីហនុ បានយកផែនទីខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩
ទៅតម្កល់នៅអង្គការសហប្រជាជាតិ និងស្នើឲ្យអន្តរជាតិ និងប្រទេសសាមី
ទទួលស្គាល់ខ្សែព្រំដែនសមុទ្ររវាងកម្ពុជា និងវៀតណាម។
បញ្ហានេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា កោះត្រល់
មិនមែនបាត់បង់ក្នុងសម័យគណបក្សប្រជាជនកម្ពុជា កាន់អំណាច
ដូចមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនចោទប្រកាន់ទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លេខាផ្ទាល់សម្ដេចព្រះបាទ នរោត្តម សីហនុ
គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងជាទីប្រឹក្សាព្រះមហាក្សត្រ
សម្ដេចព្រះបាទបរមនាថ នរោត្តម សីហមុនី លោក សឺន ស៊ូបែរ បានប្រតិកម្មថា
កោះត្រល់ និងទឹកដីដែលកម្ពុជា បាត់បង់ទៅប្រទេសវៀតណាម
មិនមែនផ្ដើមពីផែនទីសម្ដេច ព្រះបាទ នរោត្តម សីហនុ
តម្កល់ទុកនៅអង្គការសហប្រជាជាតិ ដូចលោក ហ៊ុន សែន អះអាងនោះទេ។
លោកបញ្ជាក់ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងរដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ដែលចោទ សម្ដេច សីហនុ
ជាអ្នកបានធ្វើឲ្យបាត់បង់ទឹកដី ឬកោះត្រល់ នោះ គឺមិនពិតទេ។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនខ្មែរ
ប្រចាំប្រទេសបារាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ
និងថាមពល នៃរបបសាធារណរដ្ឋខ្មែរ
លោកនៅតែបន្តចាត់ទុកការបាត់កោះត្រល់
និងប្រជុំកោះមួយចំនួនទៅឲ្យវៀតណាម
បណ្ដាលមកពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលដឹកនាំដោយលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយវៀតណាម ឆ្នាំ១៩៨២
និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ទៅវិញទេ។
លោក ស៊ាន ប៉េងសែ អះអាងថា កោះត្រល់ ទើបត្រូវបាត់បង់ទាំងស្រុងទៅវៀតណាម ក្នុងរយៈពេលជាង ៧ឆ្នាំចុងក្រោយថ្មីៗនេះទេ។
លោកថ្កោលទោសចំពោះមេដឹកនាំខ្មែរទាំងឡាយណា
ធ្វើឲ្យបាត់បង់ដីកោះជាកេរដំណែលខ្មែរ
ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ។ លោកថា កោះត្រល់
បើរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហ៊ុន សែន
គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ កោះត្រល់
និងប្រជុំកោះខ្មែរផ្សេងទៀត នឹងមិនបាត់បង់ទៅវៀតណាម នោះទេ។
ទោះយ៉ាងណា ក្នុងអត្ថបទគោលរបស់លោក ហ៊ុន សែន
ដែលបានបោះពុម្ពជាសៀវភៅកម្រាស់ ៧៩ទំព័រ
សម្រាប់ឆ្លើយបំភ្លឺតបចម្ងល់លោក សុន ឆ័យ សមាជិកសភាគណបក្ស សម រង្ស៊ី
ដែលចោទសួរលើបញ្ហាបោះបង្គោលខណ្ឌសីមាព្រំដែនគោក
និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម ក្នុងរដ្ឋសភា
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ លោក ហ៊ុន សែន
បានធានាឲ្យបានជាដាច់ខាតថា កម្ពុជា នឹងមិនខាត ឬបាត់បង់ដីឡើយ
សូម្បីតែ ១ម៉ែត្រក្រឡាក៏ដោយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ព្រំដែនកម្ពុជា-វៀតណាម
ដែលរដ្ឋាភិបាលអនុវត្តបច្ចុប្បន្ន
ផ្អែកទៅតាមព្រំដែនបន្សល់ទុកពីជំនាន់មុន
និងមិនបាត់បង់មួយម៉ែត្រការ៉េណាទេ។
កោះត្រល់ មានចម្ងាយ ៥គីឡូម៉ែត្រ ពីកោះសេះ
ចម្ងាយពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូងចំនួន ១៥គីឡូម៉ែត្រ និងចម្ងាយ
៤៥គីឡូម៉ែត្រ ពីខេត្តហាទៀន ប្រទេសវៀតណាម៕
0 comments:
Post a Comment