Social Icons

Sunday, August 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ភាគច្រើន​ស្ថិត​ក្រោម​ល្បែង​​ពាល​ស៊ី​ពាល

ប្រភព​ប្រជាពលរដ្ឋ​ពី​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​​ពលរដ្ឋខ្មែរ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​សំណុំរឿង​​ កាប់ឈើ គឺ​ជា​ករណី ពាល​ស៊ី​ពាល រវាង​ទាហាន​​ថៃ និង ខ្មែរ ។ ពោល​គឺ​ទាហាន​ខ្មែរ​-ថៃ បាន​បើក​ដៃ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​​​ឲ្យ​ដល់​ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ ​ ហើយ​ក្រោយ​មក​គេ​​​​ក៏​ស្ទាក់​ចាំ​ប្លន់​ឈើ​នោះ​ យក​វិញ ។ គេ​ឲ្យ​ដឹង​ថា មាន​មន្រ្តី​យោធា​ខ្មែរ​ខ្លះ ដែល​ប្រចាំការ​​នៅ​តាម​ព្រំដែន​ខ្មែរ​-ថៃ គឺ​ជា​ឈ្មួញ​កណ្ដាល ឬ ជា​ដៃជើង របស់​​ឈ្មួញ​ឈើ​ធំៗ ដែល​នៅ​ចាំ​ទទួល​ទិញ​​ក្នុង​ផ្ទៃ​ប្រទេស តាម​រយៈ​ពលករ​​ជា​បុរស​វ័យ​ក្មេង​ៗ​ដែល​ត្រូវ​បាន​អូស​ទាញ ​ដោយ​ពួក​មេខ្យល់ ។ ហើយ​ដោយ​មាន​ទំនាក់​ទំនង​ជា​ផលប្រយោជន៏ ក្រុម​ទាន​ថៃ បាន​បើក​ដៃ ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ទាំង​នោះ ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ លុះ​កាប់​ឈើ​បាន​​គេ​ក៏​ស្ទាក់​​ប្លន់​​យក​​វិញ ដោយ​ប្រើប្រាស​អ្នក​ផ្សេង  ហើយ​ករណី​តឹងតែង​ខ្លះ បាន​ឈាន​ទៅ​ដល់​ការបាញ់​ប្រហារ ជា​មួយ​ការ​ចោទ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ថា បាន​ឆ្លង​ដែន​ចូល​លួច​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ខុស​ច្បាប់ ។ ចំណែក​ទាហាន​ខ្មែរ​ខ្លះ ក៏​ធ្វើ​សកម្មភាព​ដូច​នេះ​ដែរ បើ​សិន​ជា​អ្នក​​កាប់​ឈើ​ទាំង​នោះ មិន​​ចេញ​ពី​​ប្រភព​​ជា​មួយ​គ្នា  ឬ មិន​ស្ថិត​នៅ​ក្រោម​អ្នក​បញ្ជា​ទិញ​តែ​មួយ​នោះ ។

សេចក្ដី​រាយការណ៏​នេះ បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ដោយ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នា​ពេល​កន្លង​មក​ដែល​ថា ពួក​មេទាហាន​គ្រាក់ៗ ប្រចាំ​ការ​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់ ហើយ​ពេល​ខ្លះ បាន​ពើប​ប្រទះ​គ្នា​ដោយ​អាវុធ ជា​មួយ​ពួក​មេព្រៃ ដែល​ចាំ​ល្បាត​​ស្ទាក់​​ចាប់​ឈើ​ទៀត​ ផង ។
ជុំវិញ​បញ្ហា​នេះ ម្ដង​ហើយ​ម្ដង​ទៀត ក្រសួង​ការបរទេស ក៏​ដូច​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ បាន​ចេញ​មុខ​មក​ប្រកាស​​​ដោយ​​ផ្ទាល់ ហាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ធ្វើ​ការ​ឆ្លង​ដែន​​ដោយ​ខុ​សច្បាប់ ជាអ្វី​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ភាសា​ល្អ​មួយ​ដើម្បី​​បញ្ចៀស​​ពី​​ការ​បាញ់​សម្លាប់​​តាម​​របៀប​​ឆៅៗ , ប៉ុន្តែ​ដោយ​ភាព​ក្រីក្រ ការ​យល​ដឹង​​នៅ​មាន​កម្រិត និង ដុំលុយ ដែល​បាន​ពី​ឈឺ​ប្រណិត​​ទាំង​​នោះ មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ រាថយ​ចំពោះ​របរ ដែល​យក​ជីវិត​ទៅ​ប្ដូរ​​នេះ​ឡើយ ​។
មួយ​វិញ​ទៀត​​តាម​ការ​កត់​សម្គាល់​​គេ​ហាក់​ដូច​ជា មិន​ឃើញ​​រដ្ឋាភិបាល​​​មាន​ឆន្ទៈ​ច្បាស់​លាស់​ទេ​ក្នុង​ការ​ទប់​ស្កាត់​​​​ សកម្មភាព​​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​រាលដាល​ បើ​ទោះ​​បី​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មេ​ដឹកនាំ​​រដ្ឋាភិបាល​​​នេះ បាន​ធ្វើ​ការ​​ប្រកាស​សច្ចា​ រហូត​ដល់​​ឲ្យ​កាត់​ ក កាត់​ក្បាល​ក្ដី​ បើ​សិន​ជា​ខ្លួន​​មិន​អាចធ្វើ​ការ​​​ប្រឆាំង​ទប់​ស្កាត់​​ចំពោះ​បទ​ល្មើស ព្រៃ​ឈើ​បាន​នោះ​ ។ កន្លងទៅ​​ក្នុង​យុទ្ធនាការ​ដ៏​គ្រគ្រឹកគ្រេង ប្រឆាំង​​ពួក​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ ខណៈ​​ដែល​ប្រទេស​ខ្មែរ​​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​ទី​វាល​រហោស្ថាន​ទៅ​ហើយ​​នេះ ក៏​ពុំ​មាន​កូន​ក្រាញ់កូន​ក្រឹម ​នៃ​ពួក​ឧក្រិដ្ឋជន​ព្រៃ​ឈើ​​ណា​​ត្រូវ​​បាន​គេ​​នាំ​ខ្លួន​​យក​មក​ធ្វើ​ការ ​ផ្ដន្ទា​ទោស​​តាម​ច្បាប់​ដែរ​ ។
លើស​ពី​នេះ​​ទៀត រហូត​មក​ដល់​ថ្ងៃ​​នេះ ការ​ដឹក​ឈើ​​ប្រណិត​​ខុស​ច្បាប់​គ្រប់​​រូបភាព មាន​ទាំង​តាម​គោ​យន្ត ឡាន​ទំ​នើប​​ស៊េរី​ខ្ពស់ៗ  ឡាន​យោធា ឡាន​ពេទ្យ ហើយ​ពេល​ខ្លះ ឆ្លៀត​​​ប្រើ​ប្រាស​​ឡាន​​​សេរ៉ែន របស់​គណៈប្រតិភូ​​ទៀត ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​​ចាប់ ឃាត់​បាន​ជា​បន្តបន្ទាប់ ។  ​ប៉ុន្តែ​គេ​​មិន​​ដែល​ឃើញ ជន​ល្មើស ត្រូវ​បាន គេ​នាំ​ខ្លួន យក​ទៅ​តុលាការ​ឡើយ  ក្រៅ​តែ​ពី​កសិករ​​ក្រី​ក្រ​ទន់​ខ្សោយ​ ។ដូច​ជា​នៅ​ខេត្ត​កំពង់​ធំ​កាល​ពី​ឆ្នាំ​ទៅ​មិញ បុរស​ពីរ​នាក់ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ ពន្ធ​នាគារ​រហូត​ដល់​២​ឆ្នាំ ខណៈ​​ដែល​គាត់​បាន​ដឹក​កូន​ឈើ​តូច​ៗ យក​មក​ធ្វើ​ទ្រើង សណ្ដែក ទ្រើង ត្រសក់ ដោយ​បាន​​ចោទ​​​​​​​ពួក​គាត់​ថា ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ការពារ អភិរក្ស​របស់​រដ្ឋ  ។
ផ្ទុយ​ទៅ​វិញ ឈើ​ប្រណិត ដែល​ត្រូវ​ក្រុម​សមត្ថកិច្ច​​ចាប់​បាន​ពីឈ្មួញ​ ដែល​ក្រុម​អ្នក​កាន់​ចង្កូត​ឡាន​ ដឹក​ឈើ​គេច ភាគ​ច្រើន​ជា​កូន​អ្នក​​ក្រ ត្រូវ​បាន​ពួក​អ្នក​ធំៗ នៃ ក្រុម​សមត្ថកិច្ច យក​ទៅ​ហែក​ចែក​គ្នា ធ្វើ​ផ្ទះ​គ្មាន​សល់ ។ ហើយ​នៅ​ចុង​ក្រោយ តាម​រយៈ​សេច​ក្ដី​សម្រេច​មួយ​របស់​នាយករដ្ឋ​មន្ត្រី​កាល​ពី​ខែ​កុម្ភៈ ក្នុង ឆ្នាំ ២០១២ នេះ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច ប្រមូល​ឈើ​ប្រណិត ៥​រយ​ម៉ែត្រគូប ​យក​ទៅ​សាងសង់​សារមន្ទី​របស់​គណបក្ស​ប្រជាជន​​នៅ​ក្នុង​ខេត្ត ព្រៃវែង ។ ដែល​នេះ​​ផ្ដើម​​ឲ្យ​​មាន​ការ​ចោទ​ជា​សំនួរ​​យ៉ាង​ចម្រូង​​ចម្រាស​ថា រដ្ឋា​ភិបាល​​បាន​ចាត់​ទុក​ពួក​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ថា ​ជា​ឧក្រិដ្ឋជន ចុះ​អ្នក​ដែល​ប្រើប្រាស​​កម្លាំង ទៅ​ចាប់​​អ្នក​រក​ស៊ីឈើ​ខុស​ច្បាប់ យក​មក​ទុក​ជា​ប្រយោជន៏​ខ្លួន​ឯង អាហ្នឹង​យ៉ាង​ម៉េច​ទៅ​វិញ​​ដែរ ?   បើ​យ៉ាង​នេះ ពួក​មេ​ដឹកនាំ​​រដ្ឋាភិបាល​នៃ គណបក្ស​ប្រជាជន មាន​អ្វី​ល្អ​ជាង​ពួក​ឧក្រិដ្ឋជន ព្រៃ​ឈើ​ទៅ ?
ហើយ​ត្រឡប់​មក​វិញ វា​កាន់​តែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ជា​សាធារណៈ​​ថា គឺ​រដ្ឋាភិបាល​​ខ្លួន​​ឯង​តែ​ម្ដង​ជា​អ្នក​​នៅ​ពី​ក្រោយ​​បទឧក្រិដ្ឋ ព្រៃ​ឈើ​​ដ៏​មហន្តរាយ​នេះ ។ ​ដែល​បើ​តាម​ពួក​អ្នក​​មាត់​ដាច​ខ្លះ​ថា​ ក្នុង​សំណុំ​រឿង​ព្រៃ​ឈើ​នេះ រដ្ឋាភិបាល​គឺ​ជា​ចោរ ដែល​ស្រែក​ឲ្យ​គេ​ចាប់​ចោរ​ ប្រមូល​របស់​ទ្រព្យ​ដែល​ចោរ​លួច​បាន​មក​ឲ្យ​ខ្លួន ។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គំនរ​ឈើ​ប្រណិត​ទាំង​នោះ គឺ​កើត​ឡើង​ពី​តំណក់​ញើស និង តំណក់​ឈាម របស់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​សុទ្ធសាធ  ដែល​គេ​​បាន​យក​ជីវិត​ទៅ​ពាំង  ទៅ​ប្ដូរ ដើម្បី បាន​ឈើ ។ ដូច្នេះ ការ​ដែល​​ពូក​អ្នក​ធំៗ  ក្នុង​រដ្ឋាភិបាល ​យក​ឈើ​ទាំង​នោះ ​ទៅ​បំពាក់​ផ្ទះ​វី​ឡា​​របស់​ខ្លួន ដើម្បី​​ឲ្យ​គេ​មើល​ឃើញ​ ស្ញប់ស្ញែង ​នោះ គឺ​ជា​រឿង​ល្ងង់​ខ្លៅ​ពេក​ហើយ ។ ល្ងង់​ខ្លៅ​ត្រង់​ថា គឺ​បាន​បង្ហាញ​​ឲ្យ​គេ​​ឃើញ​ជាសាធារណៈ​ថា ពួក​គេ​​ជា​​មេចោរ​ធំ ជា​ឧក្រិដ្ឋ​ជន​​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ខ្មែរ ។ ​ម្យ៉ាង​ទៀត តាម​ជំនឿ​របស់​ជន​​ជាតិ​ខ្មែរ​​យើង ឈើ​ដែល​ប្រឡាកប្រឡូក​​ដោយ​ឈាម​ទាំង​​នោះ យក​ទៅ​ធ្វើ​​ផ្ទះ​ ​នឹង មិន​ផ្ដល់​សេច​ក្ដី​សុខ​សាន្ត​ឡើយ ។  ព្រោះ​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ប្រាកដ​ជា​នៅវិលវុល​តាម​​រក​រឿង ​ជេ​​ប្រទិច​ផ្ដាសារ ធ្វើ​ឲ្យ​​ក្តៅ​​ក្រហាយ​វិនាស​ អន្តរធាន​ជាក់​ជា​មិនខាន ។
ចំណែក​​​​ការ​ប៉ង​ថា នឹង​យក​ទៅ​ធ្វើ​ជា​សារ​មន្ទីរ របស់​បក្ស​កាន់​អំណាច​នៅ​ក្នុង​ខេត្ត​​ ព្រៃវែង​នោះ​​ក៏​ដូច្នេះ​​ដែរ ។ គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​សារមន្ទីរ​នេះ ក្លាយ​ទៅ​ជា​​ទីកាន់​ទុក្ខ​​នៃ​រាស្រ្ត​ខ្មែរ ដែល បានស្លាប់ ដោយ​​សារបុព្វ ហេតុ​ នៃ​ការ​កាប់​ព្រៃ​ឈើ ក៏​ដូច​ជា​វិនាសកម្ម​នៃ ព្រៃ​ឈើ​ខ្មែរ ដែល​រហូត​​តាំង​ពី​មាន​៧៤​​ភាគ​​រយ​​នៃផ្ទៃ​ដី​ប្រទេស​​កាល​ពី​ក្នុង​ ទសវត្សរ៏ទី​៥០ មក​នៅ​​មិន​ដល់​៣០​ភាគរយ ​នា​ពេល​នេះ ។
ដូច្នេះ​រដ្ឋាភិបាល ក៏​ដូច​ជា​ពួក​មន្រ្តីធំ​ៗ ជា​ពិសេស ពួក​មន្រ្តី​យោធា គួរ​តែ​បញ្ឈប់​ជា​បន្ទាន់​ល្បែង​ពាល​ស៊ី​ពាល​​ក្នុង​សំណុំ​រឿង ព្រៃ​ឈើ​នេះ ហើយ​គួរ​តែ​​ប្រមូល​ឈើ​​ដែល​​រឹប​អូស​បាន​ទាំង​នោះ​ យក​ទៅ​ធ្វើ​អ្វី​ម្យ៉ាង ដែល​បំរើ​ឲ្យ​ជាតិ បំរើ​ឲ្យ ផល​ប្រយោជន៏​សម្រាប់​ជនានុជន​ខ្មែរ​ទូទៅ​វិញ ៕​​​​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។