Social Icons

Friday, May 20, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាជិក​សភា​អឺរ៉ុប​សន្យា​លើក​បញ្ហា​​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ទៅ​ពិភាក្សា


2011-05-20
បញ្ហា ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា អាច​នឹង​ក្លាយ​ទៅ​ជា​ចំណុច​ចាប់​អារម្មណ៍​នៅ​ក្នុង​សភា​អឺរ៉ុប ក្រោយ​ពី​ដំណើរ​​ក្រៅ​ផ្លូវការ​របស់​សមាជិក​សភា​អឺរ៉ុប​មក​កាន់​ប្រទេស​ កម្ពុជា រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។
RFA/Kim Peou
សមាជិក ​សភា​សហគមន៍​អឺរ៉ុប លោកស្រី សេស៊ីលីយ៉ា វិកស្រ្តម (Cecilia Wikstrom) [ស្ដាំ] និង​ជន​រង​គ្រោះ​ដីធ្លី (រូប​ឈរ) នៅ​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១១។
សមាជិក​សភា​សហគមន៍​អឺរ៉ុប លោកស្រី សេស៊ីលីយ៉ា វិកស្ត្រម (Cecilia Wikstrom) បាន​សន្យា​ថា អ្នកស្រី​នឹង​ដាក់​ការ​ជជែក​ស្ដី​អំពី​វិបត្តិ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​សភា​អឺរ៉ុប និង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ សហគមន៍​អឺរ៉ុប និង​កម្ពុជា នៅ​ពេល​ដែល​លោកស្រី​វិល​ត្រឡប់​ទៅ​វិញ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​នា​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​កម្ពុជា។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា លោកស្រី​សមាជិក​សភា​អឺរ៉ុប សេស៊ីលីយ៉ា វិកស្រ្តម បាន​ហៅ​កម្មវិធី អ៊ី.ប៊ី.អេ (EBA= Everything but Arms Initiative) របស់​សហគមន៍​អឺរ៉ុប ដែល​សំដៅ​ទៅ​លើ​ការ​បង្កើន​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​សហគមន៍​អឺរ៉ុប​ថា កំពុងតែ​ដើរ​លើ​ផ្លូវ​ខុស ដោយសារ​តែ​កម្មវិធី​នោះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ទៅ​ដល់​ក្រុមហ៊ុន​ វិនិយោគ ដូចជា​ក្រុមហ៊ុន​ស្ករ​ស ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នោះ​មិន​បាន​ជួយ​បម្រើ ឬ​លុប​បំបាត់​នូវ​ភាព​ក្រីក្រ​នោះ​ទេ​នៅ​លើ​ការ​វិនិយោគ​លើ​ទឹក​ភ្នែក​របស់​ ប្រជាពលរដ្ឋ។

លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ថា ៖ “ខ្ញុំ​សូម​បន្ទោស​ទៅ​លើ​អាជ្ញាធរ​ ដែល​អនុញ្ញាត​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង គឺ​អាជ្ញាធរ និង​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ដែល​បណ្ដាល​ឲ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ក្នុង​រយៈពេល ៩៩​ឆ្នាំ។ នេះ​គឺ​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​ត្រូវ​មាន​ការ​ដោះស្រាយ"
ការ​បន្ទោស​របស់​លោកស្រី​សមាជិក​សភា​អឺរ៉ុប​ទៅ​លើ​រដ្ឋាភិបាល​ខ្មែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោកស្រី​បាន​ធ្វើ​ដំណើរ​ក្រៅ​ផ្លូវការ​មក​កាន់​ កម្ពុជា ដើម្បី​ស៊ើប​អង្កេត​បញ្ហា​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​នេះ ដោយ​បាន​ជួប​ជាមួយ​អ្នក​រង​គ្រោះ​ដោយសារ​វិបត្តិ​ដីធ្លី​នៅ​កោះកុង កំពង់ស្ពឺ នៅ​តំបន់​បឹង​កក់ និង​នៅ​តំបន់​ផ្សេង​ទៀត ដែល​បាន​រៀបរាប់​ពី​ការ​ឈឺ​ចាប់​នៃ​ការ​រឹបអូស​យក​ដី​ធ្លី​នៅ​ក្នុង​កិច្ច​ សម្បទាន​សេដ្ឋកិច្ច។
តាម​មាត្រា​ទី​១៥ នៃ​បទបញ្ញត្តិ​ស្ដី​អំពី​សិទ្ធិ​មនុស្ស​នៃ​កម្មវិធី អ៊ី.ប៊ី.អេ លោកស្រី​នឹង​ទទូច​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​ផ្នែក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ ​វិស័យ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ដែល​មាន​ចំនួន​ប្រហែល ១០% នៅ​សហភាព​អឺរ៉ុប ឬ​ការ​មិន​ឲ្យ​ផលិតផល​កសិកម្ម​នៃ​ប្រទេស​នេះ​នាំ​ចូល​ទៅ​អឺរ៉ុប​ជាដើម។ លោកស្រី​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្អាក​ផលិតកម្ម​ធ្វើ​ស្ករ​អំពៅ ដោយ​ផ្អែក​លើ​មូលដ្ឋាន​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ក្រុមហ៊ុន​ផលិត​ស្ករ​ស​បាន​ ធ្វើ​ទៅ​លើ​អ្នក​ស្រុក​ក្រីក្រ។
លោកស្រី សេស៊ីលីយ៉ា វិកស្រ្តម មាន​ប្រសាសន៍​ដូច្នេះ ៖ "ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ទទួល​បាន​ការ​ជ្រើស​តាំង​ពី​ពលរដ្ឋ មិន​មែន​ត្រូវ​គេ​ជ្រើស​តាំង​ដើម្បី​ប្រើ​ប្រជាពលរដ្ឋ ឬ​ត្រួត​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​គេ​ជ្រើសតាំង​ដើម្បី​និយាយ និង​ធ្វើការ​ឲ្យ​ប្រជាពលរដ្ឋ"
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ការ​ទទូច​ទាមទារ​របស់​សមាជិក​សភា​អឺរ៉ុប​នោះ គឺ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​ក្រៅ​ផ្លូវការ ហើយ​ការ​ទាមទារ​នោះ​កំពុង​ធ្វើ​ឡើង​ដោយ​ការ​អូស​ទាញ​របស់​មន្ត្រី​គណបក្ស​ ប្រឆាំង​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​មក​វិញ រដ្ឋាភិបាល​ខ្មែរ​មាន​កាតព្វកិច្ច​គិតគូរ​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ជាង ​លោកស្រី​ទៅ​ទៀត។
របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ដី​សម្បទាន​នៅ​ប្រទេស​ កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ដីធ្លី​ប្រើប្រាស់​ចំនួន​ជាង ១៤% កាល​ពី​ឆ្នាំ​២០០៦ កន្លង​ទៅ ការ​ផ្ដល់​ដី​សម្បទាន​មាន​ចំនួន​ដល់​ទៅ ៥% ទៅ​ហើយ។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល​លើ​ដីធ្លី​របស់​ខ្លួន​ដែល​ពី​មុន​រក​ ចំណូល​បាន​ជាង ១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម ៥.០០០​រៀល ទៅ ១.០០០​រៀល​ប៉ុណ្ណោះ ដោយ​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ដាំដុះ​នៅ​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​ នោះ នៅ​គ្រា​ដែល​ពី​ដីធ្លី​ពួកគាត់​ត្រូវ​គេ​រឹប​អូស​យក៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។