Social Icons

Monday, April 27, 2015Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​អះ​អាង​ថា ចម្លើយ​សារភាព​ទទួលបាន​តាមរយៈការ​ធ្វើ​ទារុណ​កម្ម​


សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន​បួន​នាក់ដែល​ជាប់​ពន្ធនាគារ​ ជា​ក្រុម​ដែល​តស៊ូ​មតិ​ទាម​ទារ​ឲ្យបណ្តេញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​របស់​លោក​ ចេញ កាលពី​ម្សិលមិញ​បាន​ប្រាប់​សាលា​ឧទ្ធរណ៍​​ថា ចម្លើយសារភាពរបស់ពួកគេ​កាលពីឆ្នាំមុន​​ដោយ​សារ​នគរ​បាល​ប្រើ​កម្លាំង​បង្ខំ​។
បន្ទាប់ពី​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​១៥​នាទី ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែមេសា​ឆ្នាំ​មុន សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​​៩​ឆ្នាំ។

សមាជិក​ប្រាំមួយ​នាក់​ទៀត​ក្នុង​ក្រុម​នេះ​រួម​មាន​លោក សម សេរី ស្ថាបនិករណសិរ្សនេះ​​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ផង​ដែរ។

នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ ពួកគេ​បួន​នាក់​ក្នុង​ចំណោម​ប្រាំពីរ​នាក់​ត្រូវ​បាន​សាកសួរ​រយៈ​ពេល​ជាង​៣ម៉ោង ដោយ​ម្នាក់​ៗ​អះអាង​ថា ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​​ឲ្យ​ផ្ដល់​ចម្លើយ​សារភាព​ក្លែង​ក្លាយ។

លោក សួន​ ផល អាយុ​៥៣​ឆ្នាំ ជា​​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​និរទេស​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា ឆ្នាំ​២០១៣ ជា​មួយ​សមាជិក​ប្រាំមួយ​នាក់​ទៀត​បាន​និយាយ​ថា ” នគរ​បាល​បាន​ទះកំផ្លៀង​ខ្ញុំ ចាប់​បោច​សក់​ខ្ញុំ ​បាន​ដាក់​ខ្នោះ​ខ្ញុំ និង​វាយ​ដំ​ខ្ញុំ​ឲ្យ​សារភាព​”។

ក៏​ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ​ផង​ដែរ រួមមាន​លោក សួង សិទ្ធិគុណ អាយុ​៥២​ឆ្នាំ ខែម ម៉ា អាយុ​២៩ឆ្នាំ និង​ យិន យ៉ាវ អាយុ​៥៦​ឆ្នាំ​។

លោក ម៉ា បាន​និយាយ​ថា ” មន្ត្រី​នគរ​បាល​យុត្តិធម៌​បាន​ធ្វើ​ទារុណកម្ម​ខ្ញុំ បង្ខំខ្ញុំ​ឲ្យ​និយាយ​តាម​អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​ខ្ញុំ​និយាយ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ប្រឆាំង​នេះ​ទេ។

លោក​បាន​និយាយ​ថា ” គេ​បាន​ប្រាប់​ខ្ញុំ​ថា រណសិរ្ស​នេះ​ការ​​ពារ​សិទ្ធិ​មនុស្ស និង​ប្រឆាំង​​ការ​​ប្រើ​អំពើ​ហិង្សា​។ ខ្ញុំ​គិត​ថា រណសិរ្ស​នេះ​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចូល​រួម​ទេ”។

ទោះ​ជាយ៉ាង​ណា លោកស្រី ទិត្យសុធី បូរ៉ាលក្ខណ៍ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា វា​មិន​ទំនង​ទេ​ដែល​ថា​​នគរ​បាល​បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ទាំង​នេះ​នោះ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” សូម​កុំចោទ​​នគរ​បាល​ថា​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​អ្នក​សារភាព​នោះ ពីព្រោះ​នគរ​បាល​បាន​ស្បថ​នៅ​មុខ​រោង​អ្នកតា​​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ។ តើ​មាន​ប្រយោជន៍​អ្វីទៅ​ដែល​នគរ​បាល​​បង្ខំ​ឲ្យ​អ្នក​សារភាព​នោះ?”។

សវនាការ​ជំនុំជម្រះ​ជន​ទាំង​ប្រាំពីរ​នាក់​នេះ​​គ្រោង​បន្ត​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា។

ជាមួយ​សមាជិក​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​១៣​នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​មាន​ផែន​ការ​បណ្ដេញ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ សមាជិក​១០​នាក់​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​រួម​មាន​​ការ​ចែក​ចាយ​សារ​បែប​អុជ​អាល​ និង​មាន​គម្រោង​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​វៀតណាមជាដើម​។

សមាជិក​ទាំង​១០​នាក់​នោះ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ជុំវិញ​សំណើ​សុំ​​នៅ​ក្រៅឃុំ ហើយ​គ្រោង​​ទទួល​បាន​ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​នេះ។

កាលពី​ខែ​ធ្នូ ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​បាន​ប្រកាស​ថា ខ្លួន​កំពុង​ព្រាង​ផែន​ការ​បង្កើត​រដ្ឋា​ភិបាល​និរទេស​។ កាលពី​មួយ​​ខែ​មុន ​នគរ​បាល​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​អះ​អាង​ថា ក្រុម​ប្រឆាំង​នេះ​ “​កំពុង​​ហ្វឹក​ហាត់​កម្លាំង​ភេរវកម្ម​​ដើម្បី​បង្កៃ​គ្រាប់​បែក​​ដោយ​សម្ងាត់​នៅ​ជិត​ព្រំដែន​ថៃ ហើយ​មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​”៕ សារុន​​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។