Social Icons

Friday, July 11, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រី​នាំ​ពាក្យ​ទូត​វៀតណាម​មិន​ខ្វល់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ព្រោះមានកម្លាំងឆ្កែការពារ

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ​រិះគន់​ចំពោះ​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា ថា​ជា​រឿង​ខុស​ច្បាប់។

ប្រតិកម្ម​នេះ កើត​ឡើង​ក្រោយ​ពេល​មេ​ដឹក​នាំ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ត្រៀម​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​លើក​ទី​២ នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​អ្នកច​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា លោក ត្រឹង វ៉ាន់ថុង (Tran Van Thong) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា បាន​និយាយ​ថា មិន​ព្រឺព្រួច​បន្តិច​ទេ​ចំពោះ​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ នៅ​មុខ​ស្ថានទូត​វៀតណាម នា​ថ្ងៃ​ខាង​មុខ។

លោក​បន្ត​រក្សា​ជំហរ​មិន​សុំ​ទោស​រាល់​ពាក្យ​សម្ដី​របស់​លោក ដែល​ថា​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​វៀតណាម គ្រប់គ្រង​ជា​យូរ​លង់​មក គឺ​មិន​មែន​ទើប​បារាំង កាត់​ប្រគល់​នៅ​ឆ្នាំ​១៩៤៩ មិន​ផ្លាស់​ប្ដូរ​ទេ៖ «អា​ហ្នឹង​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​បាទ»។

មន្ត្រី​ទូត​វៀតណាម ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​នោះ បញ្ជាក់​ថា ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដោយ​មេ​ដឹក​នាំ​សហព័ន្ធ​និស្សិត ឬ​ពលរដ្ឋ​ខ្មែរ​មួយ​ក្តាប់​តូច​នៅ​មុខ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ និង​ល្មើស​ច្បាប់​កម្ពុជា។ មន្ត្រី​ទូត​រូប​នេះ​ព្រមាន​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​អ្នក​ពាក់ព័ន្ធ​ណា​មួយ ជ្រៀត​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម ជា​ដាច់​ខាត។

ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​មេ​ដឹក​នាំ​សហព័ន្ធ​និស្សិត ត្រៀម​ដឹក​នាំ​យុវជន ពលរដ្ឋ និង​ព្រះសង្ឃ ជាដើម ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ជា​លើក​ទី​២ នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​កក្កដា សប្ដាហ៍​ខាង​មុខ។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ឲ្យ​ដឹង​ថា បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ លោក ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ឲ្យ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម និង​ស្នើ​ឲ្យ​បង្ហាញ​ឯកសារ ដែល​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​វៀតណាម គ្រប់គ្រង​ជា​យូរ​មក​ឲ្យ​ដឹង​ជា​សាធារណៈ។ មេ​ដឹក​នាំ​និស្សិត​រូប​នេះ ចាត់​ទុក​សម្ដី​ព្រហើន​ម្តង​ជា​ពីរ​ដង​របស់​មន្ត្រី​ទូត​វៀតណាម ថា​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​មក​លើ​ពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា៖ «ប្រជាជន​ខ្មែរ​ត្រូវ​តែ​ខិតខំ​បន្ថែម​ទៀត អំពី​ប្រវត្តិសាស្ត្រ​រឿង​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​យើង​ត្រូវ​តែ​ចូលរួម​ទាមទារ​ឲ្យ​បាន​ច្រើន​កុះករ ដោយ​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​បន្ត​ទៅ​ទៀត។ យើង​នឹង​មិន​បញ្ឈប់​នូវ​ការ​តវ៉ា​របស់​យើង​ទេ​បាទ»។

ចំណែក លោក អាង ច័ន្ទឫទ្ធិ នាយក​ប្រតិបត្តិ អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ស្ថិត​ក្នុង​ចំណោម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ផ្សេង​ទៀត​ឲ្យ​ដឹង​ថា ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​ពិភពលោក​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ មិន​គួរ​មន្ត្រី​ស្ថានទូត​វៀតណាម មក​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ទេ។ លោក​ថា ទឹក​ដី​កម្ពុជា​ក្រោម ទើប​ត្រូវ​ប្រទេស​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ប៉ុណ្ណោះ។

លោក​បារម្ភ​ថា រាល់​ការ​ប៉ុនប៉ង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម របស់​មន្ត្រី​ទូត​វៀតណាម អាច​នាំ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត៖ «យើង​មិន​ចង់​ឃើញ​នូវ​ការ​បំប៉ោង ឬ​ក៏​ការ​បំផ្លើស​ប្រវត្តិសាស្ត្រ​បែប​ហ្នឹង​ទេ ដែល​អាច​ឈាន​ដល់​កើត​មាន​ទំនាស់​រវាង​ប្រទេស និង​ប្រទេស។ ហើយ​វា​អាច​ជា​ការ​បាត់​បង់​នូវ​ប្រយោជន៍ នៃ​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស និង​ប្រទេស។ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​វៀតណាម ហ្នឹង​ខូច​ប្រវត្តិសាស្ត្រ ឬ​ក៏​មុខ​មាត់​របស់​ខ្លួន​នៅ​ក្នុង​ឆាក​អន្តរជាតិ  ជាពិសេស​គឺ​វៀតណាម ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​សម្រាប់​កតិកាសញ្ញា​សម្រាប់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ»។

ទោះ​ជា​បែប​ណា មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម កន្លង​មក គឺ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ទេ។

បន្ថែម​លើ​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ជា​សាធារណៈ​របស់​មន្ត្រី​ទូត​វៀតណាម ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គឺ​ជា​សិទ្ធិ​របស់​គេ។ ហើយ​ថា រាល់​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​របស់​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ ត្រូវ​មាន​ច្បាប់​ទម្លាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន បើ​មិន​ដូច្នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ការ​បញ្ចេញ​យោបល់​តាម​សាធារណៈ និង​ការ​ឆ្លើយឆ្លង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម។ អា​ហ្នឹង​ជា​ការ​បញ្ចេញ​យោបល់​របស់​មន្ត្រី​ស្ថានទូត​វៀតណាម។ ចំពោះ​រាជ​រដ្ឋាភិបាល​យើង គឺ​យើង​ធ្វើ​ទៅ​តាម​នីតិរដ្ឋ បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ស្រេច​ទៅ​ហើយ។ រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ទំនាក់ទំនង និង​សហប្រតិបត្តិការ ប្រាសចាក​ពី​ច្បាប់ យើង​មិន​អនុញ្ញាត​ទេ។ យើង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ទម្លាប់ យើង​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​ក្រុម​ណា​មួយ​នោះ​ឡើយ»។

ឯកសារ​ជាច្រើន​បង្ហាញ​ថា អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត​ក្រុង មាន​ផ្ទៃដី​ទំហំ​ជាង ៦​ម៉ឺន ៨​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា (៦៨.៩៦៥) ទៅ​ឲ្យ​វៀតណាម កាន់​កាប់​ខុស​ច្បាប់ និង​គ្មាន​ការ​ឯកភាព​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ គិត​មក​ដល់​ឆ្នាំ​២០១៤ មាន​រយៈពេល ៦៥​ឆ្នាំ​គត់ ដែល​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​ចំនួន​ជាង ១០​លាន​នាក់ ត្រូវ​រស់​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន៕
ប្រភពដើមៈ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។