Social Icons

Friday, July 11, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​១៦៣​គ្រួសារ​នៅ​ខណ្ឌ​សែនសុខ​បារម្ភ​ពី​វត្តមាន​យោធា​លើ​ដី​ទំនាស់

ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​រវាង​សហគមន៍​អ្នក​ភូមិ​រោងចក្រ ចំនួន ១៦៣​គ្រួសារ នៅ​សង្កាត់​ភ្នំពេញ​ថ្មី និង​អតីត​តំណាង​របស់​ពួក​គេ បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ នៅ​ពេល​អតីត​តំណាង​នោះ​បាន​នាំ​កង​កម្លាំង​ជាច្រើន​នាក់ មក​កាន់​ដី​ទំនាស់។

ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​រោងចក្រ ១៦៣​គ្រួសារ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ បន្ទាប់​ពី​ឃើញ​មន្ត្រី​យោធា​មួយ​ចំនួន ដែល​ដឹក​នាំ​ដោយ លោក ជា តារា បាន​មក​ស្ថិត​នៅ​លើ​ទីតាំង​ដី​ជម្លោះ​របស់​ពួក​គាត់។ មន្ត្រី​យោធា​ទាំង​នោះ បាន​រួម​ដំណើរ​ជាមួយ អ្នកស្រី ជា សារ៉ុម ដែល​ជា​ភាគី​ទំនាស់​របស់​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​រោងចក្រ ១៦៣​គ្រួសារ អ្នកស្រី ហូយ តារាវី បាន​អះអាង​ថា ភាគី​ទំនាស់​ដែល​ជា​អតីត​តំណាង​សហគមន៍ គឺ​អ្នកស្រី ជា សារ៉ុម នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា បាន​នាំ​បក្ខពួក​របស់​ខ្លួន​ដែល​ជា​មន្ត្រី​យោធា មក​រៀបចំ​ធ្វើ​របង​នៅ​លើ​ដី​ដែល​មាន​ទំនាស់។ ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល​ទៅ​ក្បែរ​នោះ ដោយ​ពួក​គាត់​ខ្លាច​អំណាច​មន្ត្រី​យោធា​ទាំង​នោះ៖ «មាន​ការ​ភ័យ​ខ្លាច ព្រោះ​អី​មិន​ហ៊ាន​ចូល​ទៅ​សួរ​នាំ​អី​ទេ ខ្លាច​មាន​អាវុធ»។

ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រជាពលរដ្ឋ អ្នកស្រី ជា សារ៉ុម បាន​លើក​ឡើង​ថា អ្នកស្រី​ទៅ​រៀបចំ​ដី និង​ធ្វើ​របង ហើយ​ដី​នោះ​ក៏​មាន​កម្មសិទ្ធិ​របស់​កង​កម្លាំង​ដែល​រួម​ដំណើរ​ជាមួយ​អ្នកស្រី​ដែរ។ អ្នកស្រី​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​បាន​មក​រំលោភ​លើ​ដី និង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី៖ «ដូចជា​អត់​មាន​ជម្លោះ​អី​ជាមួយ​ខ្ញុំ​ផង ខ្ញុំ​អត់​បាន​ដឹង​អី​ផង ខ្ញុំ​មក​វាយ​របង។ ពួក​គាត់​មក​វាយ​របង​ខ្ញុំ​លើក​មុន»។

រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៥ នៅ​ពេល​ដែល​សហគមន៍​ភូមិ​រោងចក្រ ចំនួន ១៦៣​គ្រួសារ បាន​មាន​ជម្លោះ​ជាមួយ អ្នកស្រី កែវ នៀម។ នៅ​ពេល​នោះ ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ហើយ​ចាត់​តាំង អ្នកស្រី ជា សារ៉ុម ជា​តំណាង ប៉ុន្តែ​ក្រោយ​មក​នៅ​ពេល​តុលាការ​ទាំង​បី​ថ្នាក់​កាត់​សេចក្តី​ឱ្យ​ពួក​គាត់​ឈ្នះ​ក្តី​លើ អ្នកស្រី កែវ នៀម ស្រាប់​តែ អ្នកស្រី ជា សារ៉ុម ជា​តំណាង​បាន​យក​ដី​របស់​ពួក​គាត់​ទៅ​លក់​ឱ្យ​អ្នក​ផ្សេង​ទៅ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ផ្នែក​ច្បាប់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណន អូនី បាន​រិះគន់​សកម្មភាព​របស់​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ដឹក​នាំ​ដោយ លោក ជា តារា ថា​ជា​ការ​បំពាន​ការ​សម្រេច​របស់​តុលាការ ពីព្រោះ​ដី​ដែល​មាន​ទំនាស់​ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ មិន​មែន​របស់ អ្នកស្រី ជា សារ៉ុម នោះ​ទេ៖ «ពាក់ព័ន្ធ​បញ្ហា លោក ជា តារា ដែល​គាត់​នាំ​កម្លាំង​មក ខ្ញុំ​គិត​ថា ទង្វើ​ដែល​គាត់​ធ្វើ​ហ្នឹង គឺ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ណាស់ ពីព្រោះ​ទី​មួយ គាត់​រំលោភ​ទៅ​លើ​សាល​ដីកា​សម្រេច​របស់​តុលាការ​កំពូល ពីព្រោះ​ដី​នេះ​ជា​ដី​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ ១៦៣​គ្រួសារ ហើយ​ក្នុង​នាម​កង​កម្លាំង​ប្រដាប់​អាវុធ គ្មាន​រឿង​អី​ដែល​គាត់​ត្រូវ​យក​ទាហាន​មក​ដាក់​លើ​ដី​ប្រជាពលរដ្ឋ»។

លោក​ក៏​បាន​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​ការ​អនុវត្ត​សាល​ដីកា​របស់​ខ្លួន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់ ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​ទំនាស់​នោះ។

តំណាង​ប្រជាពលរដ្ឋ​ទាំង ១៦៣​គ្រួសារ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់ ដើម្បី​ពួក​គាត់​អាច​ទទួល​បាន​ដី​សម្រាប់​សង់​លំនៅឋាន៕
ប្រភពដើមៈ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។