Social Icons

Tuesday, June 10, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យោធា​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​ស្នាក់​នៅ​ខុស​ច្បាប់​បញ្ជូន​មក​វិញ

កង​យោធា​ថៃ​កំពុង​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការងារ​សន្តិសុខ​ជាតិ ដោយ​បាន​ចុះ​ឆែកឆេរ​តាម​រក​ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ស្នាក់​នៅ​​មិន​ស្រប​ច្បាប់ នៅ​​តាម​កន្លែង​ធ្វើ​ការ​នានា​នៅ​ក្នុង​ប្រទេស​ថៃ ដឹក​យក​មក​ប្រគល់​អោយ​អាជ្ញាធរ​កម្ពុជា។ ការ​រឹត​បន្តឹង​លើ​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​ថៃ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ មាន​ការ​ភ័យ​ខ្លាច និង​អ្នក​ខ្លះ​បង្ខំ​ចិត្ត​​នាំ​គ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ​ឲ្យ​ដឹង​ថា ​កង​យោធា​ថៃ កំពុង​រឹត​បន្តឹង​សន្តិសុខ​ក្នុង​ប្រទេស ហើយ​បោស​សម្អាត​ជនបរទេស​ដែល​គ្មាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ​ឲ្យ​ចេញ​ពី​ប្រទេស​របស់​ខ្លួន (ថៃ)។

ប្រធាន​​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា ​បញ្ជាក់​​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ថា ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ទិសដៅ​ពង្រឹង​សន្តិសុខ​ជាតិ ​នៅ​ក្នុង​ប្រទេស​ថៃ៖ «ខាង​រដ្ឋបាល​គេ​ឲ្យ​ចុះ​ធ្វើ រដ្ឋបាល​តាម​ភូមិ តាម​ឃុំ តាម​ផ្ទះ​អ៊ីចឹង ដើម្បី​ត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ​អ្នក​ទៅ​ធ្វើ​កម្មករ​ហ្នឹង យើង​មាន​លិខិត​ឆ្លង​ដែន និង​ឯកសារ​ ឬ​ក៏​អត់​មាន​អ៊ីចឹង គឺ​គេ​ត្រួត​ពិនិត្យ​តាម​ហ្នឹង។ អ្នក​អត់​មាន គឺ​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ បើ​អ្នក​មាន​គេ​នៅ​ធ្វើ​ការ​ធម្មតា ជាក់​ស្ដែង​គឺ​រដ្ឋបាល​គេ​ចុះ​ត្រួត​ពិនិត្យ»។

វិធានការ​ដ៏​តឹងរ៉ឹង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​ នៅ​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ទាហាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល ​ក្ដោបក្ដាប់​អំណាច​រួច​​មក។ ទោះ​យ៉ាង​ណា​ ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ពុំ​បាន​ដឹង​ច្បាស់​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​កង​ទាហាន​ថៃ​ នេះ​ទេ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ថ្លែង​ថា កង​ទាហាន​ថៃ​ បាន​ដើរ​ល្បាត និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​ក្នុង​រថយន្ត​ បន្ទាប់​មក​ដឹក​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា។ ការ​ចុះ​ឆែកឆេរ និង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​មក​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ខ្លះ​ដែល​ជា​អ្នក​ស្នាក់​នៅ ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ ដោយ​មិន​ស្រប​ច្បាប់​ ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ អ្នក​ខ្លះ​ទៀត​ក៏​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ចាប់​និង​ដឹក​បញ្ជូន​​យក​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា។

ប្រភព​បន្ត​ថា ​ក្នុង​រយៈពេល​កន្លង​មក​ មាន​ថៅកែ​ជនជាតិ​ថៃ ​ដែល​មាន​និន្នាការ​នយោបាយ​បាន​ផ្ដល់​លុយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ នោះ​ នាំ​ទៅ​ចូល​រួម​ទៅ​ធ្វើ​បាតុកម្ម៖ «ព្រោះ​ខ្មែរ​យើង​ជា​កម្មករ ជួនកាល​ថៅកែ​ខ្លះ​គាត់​មាន​និន្នាការ​នយោបាយ អ៊ីចឹង​គាត់​ឲ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​បាតុកម្ម​តវ៉ា​ អ៊ីចឹង​បាន​យុទ្ធសាស្ត្រ​ហ្នឹង ទាហាន​គេ​ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​​ ការ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​និង​ថៃ​ ភាគី​ទាហាន​ថៃ គេ​ថា នឹង​ធ្វើ​ក្នុង​រយៈ​ពេល​បី​ខែ​អោយ​អស់​ពលរដ្ឋ​កម្ពុជា ដែល​មិន​ស្រប​ច្បាប់​ហ្នឹង»។

ប្រភព​ដដែល​បញ្ជាក់​ថា ​នៅ​តាម​កន្លែង​ធ្វើការ​ និង​បនល្បែង​កាស៊ីណូ​នានា​ ក្នុង​ក្រុង​បាងកក បាន​បិទ​ទ្វារ​ទាំង​អស់៖ «ល្បែង​កាស៊ីណូ​នៅ​ថៃ​បិទ​អស់​រលីង​ហើយ​ គេ​ចម្រាញ់​ទាំង​អស់​តែ​ម្ដង​ អ្នក​ដែល​បុគ្គល​ធ្វើ​ការ​នៅ​ក្លឹប​លួចលាក់​ផ្សេងៗ​មក​អស់​ហើយ។ ការ​អនុវត្ត​ក្នុង​រយៈពេល​បី​ខែ​ ដោយសារ​ខ្លាច​ខ្មែរ​លាយ​ឡំ​និង​ការ​ធ្វើ​បាតុកម្ម»។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា​ បញ្ជាក់​ថា កង​ទាហាន​ថៃ ​បាន​អនុវត្ត​ផែនការ​នេះ​ខ្លាំង​នៅ​ក្រុង​បាងកក​ ប៉ុន្តែ​​នៅ​តាម​ទី​រួម​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ មាន​សភាពការណ៍​ខុស​គ្នា​ពី​ក្រុង​បាងកក ដោយសារ​ គេ​ចង់​រក្សា​កម្មករ​ខ្មែរ​ធ្វើ​ការ​ឲ្យ​គេ​បន្ត​ទៀត៖ «ប៉ុន្តែ​ព័ត៌មាន​មួយ​ទៀត​ដែល​ខ្ញុំ​ឲ្យ​កូន​ចៅ​ខ្ញុំ​ចុះ​ទៅ​ហ្នឹង ទោះ​បី​អត់​លិខិត​ឆ្លង​ដែន ក៏​គេ​មិន​ឲ្យ​មក​ដែរ ដូច​ជា​នៅ​ក្នុង​ខេត្ត​ចាន់បុរី ខែ​នេះ​ជា​ខែ​គេ​បេះ​ផ្លែ​ឈើ​ អ៊ីចឹង​គេ​ថ្នាក់ថ្នម​កម្មករ​យើង​ កម្មករ​យើង​មក​វិញ​អត់​មាន​អ្នក​បេះ​ផ្លែ​ឈើ​ អត់​មាន​អ្នក​ធ្វើ​ការ»។

យ៉ាង​ណា​ក៏​ដោយ​គេ​កត់សម្គាល់​ឃើញ​ថា ​កត្តា​ដែល​នាំ​ឲ្យ​កងទាហាន​ថៃ ​​ចាប់​​ពលរដ្ឋ​ខ្មែរ​ដែល​ស្នាក់​នៅ​មិន​ស្រប​ច្បាប់​បញ្ជូន​មក​កម្ពុជា​វិញ​​​នេះ ​គឺ​ដោយសារ​ស្ថានភាព​អាប់អួ​ក្រោយ​ពី​មាន​រដ្ឋប្រហារ​ដោយ​កង​យោធា​ថៃ។ កងទាហាន​ថៃ​ បាន​​បិទ​ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ ជាប់​ជាមួយ​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ ពួកគេ​បាន​បង្កើន​ការ​ឆែកឆេរ​ទៅ​លើ​រថយន្ត​ និង​ត្រួត​ពិនិត្យ​លើ​ឯកសារ​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​តំបន់​នានា​ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ៕ RFA

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។