Social Icons

Tuesday, April 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បុគ្គលិក​វិទ្យាស្ថាន​មួយ​រង​ការ​ចោទ​ថា​ជំរុញ​សិស្ស​ឲ្យ​ចូល​បក្ស​ប្រជាជន


គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស្វែង​រក​សំឡេង​ឆ្នោត​តាម​សាលា​រៀន។ បញ្ហា​នេះ នាំ​ឲ្យ​សិស្ស​ខ្លះ​ធុញ​ទ្រាន់​នឹង​ការ​ឃោសនា​មុន​រដូវ​កាល​នេះ។

និស្សិត​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (CICI = Cambodia International Cooperation Institute) តវ៉ា​ចំពោះ​សាលា​នោះ​យក​ម៉ោង​រៀន​ទៅ​ឃោសនា និង​ជំរុញ​ឲ្យ​និស្សិត​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។
វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ៣០៥
២-មេសា-២០១៣៖ វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (CICI = Cambodia Int'l Cooperation Institute) នៅ​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey
ក្រុម​និស្សិត ឲ្យ​ដឹង​ថា នៅ​ម៉ោង​រៀន​យប់​ថ្ងៃ​ទី១ ខែ​មេសា បុគ្គលិក​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប្រាប់​ទៅ​ក្រុម​និស្សិត​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី៧ ខែ​មេសា ខាង​មុខ៖ «អត់​សមស្រប ថា​វា​រំខាន​ដល់​ការ​រៀនសូត្រ​របស់​និស្សិត​ទូទៅ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ»
និស្សិត​វិទ្យាស្ថាន​នោះ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៣ ថា គាត់​ធុញ​នឹង​ថ្នាក់​ដឹកនាំ​សាលា​នោះ​យក​ម៉ោង​សិស្ស​បង់​លុយ​រៀន ទៅ​ឃោសនា​ឲ្យ​គណបក្ស ហើយ​បុគ្គលិក​វិទ្យាស្ថាន​នោះ​បាន​ប្រាប់​និស្សិត​ថា ត្រូវ​តែ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​នោះ​នៅ​ចុង​សប្ដាហ៍​នេះ៖ «ពិសេស​គណបក្ស​ប្រឆាំង គឺ​អត់​មាន​ដែល​ចូលរួម​ផ្សព្វផ្សាយ​នៅ​សាលា​ទេ។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​នោះ គឺ​ធ្លាប់​ចូល​មក​ឃោសនា​ញឹក​ដែរ។ តាម​គំនិត​ខ្ញុំ គឺ​ថា​អត់​ចង់​ឲ្យ​យក​ម៉ោង​សិក្សា​ហ្នឹង​មក​ឃោសនា​ឲ្យ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី៧ ហ្នឹង។ បើ​ធ្វើ​អីចឹង គឺ​ខ្ញុំ​អត់​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ ខ្ញុំ​កំពុង​តែ​សិក្សា ហើយ​យក​ម៉ោង​ខ្ញុំ​ខាត​អស់​ឡើង​ជាង​ម្ភៃ​នាទី»
និស្សិត​ម្នាក់​ទៀត​ថ្លែង​ថា ពួក​គេ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​គេ​ពេញ​ចិត្ត៖ «ជាពិសេស គណបក្ស​កាន់​អំណាច បើ​ទង្វើ​ល្អ​របស់​ខ្លួន​ល្អ មិន​ចាំបាច់​ផ្សព្វផ្សាយ​បង្ខំ​ឲ្យ​គេ​ឲ្យ​ចូល​ទៅ​បំពេញ​ហ្វម (Form) អី​ទេ។ វា​នឹង​ជោគជ័យ ដោយ​អព្យាក្រិត ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ»
បដិសេធ​នឹង​យោបល់​របស់​និស្សិត​ខ្លះ​នោះ លោក ឌួង ច័ន្ទអម្រិត នាយក​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថ្លែង​ថា សាលា​មាន​តួនាទី​ជម្រាប​ទៅ​ក្រុម​និស្សិត​ថា នៅ​ថ្ងៃ​អាទិត្យ ទី៧ ខែ​មេសា គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​និស្សិត​ទៅ​ចូលរួម​សំណេះ​សំណាល និង​ចែក​កាត​គណបក្ស​ដល់​អ្នក​សុំ​ចូល​ជា​សមាជិក​ប៉ុណ្ណោះ។ លោក​ថា សាលា​នេះ​មិន​បង្ខំ​និស្សិត ចាំបាច់​ត្រូវ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​បច្ចុប្បន្ន​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា មួយ ដែល​ស្វែង​រក​សមាជិក​គាំទ្រ​គណបក្ស​នោះ ប្រសិន​បើ​គណបក្ស​ផ្សេង​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពី​និស្សិត សុំ​ដាក់​ពាក្យ​ស្នើសុំ​មក សាលា​នេះ​នឹង​ពិចារណា៖ «ហើយ​ក៏​គ្មាន​អ្នក​ណា​មួយ​អាច​ទៅ​បង្ខិតបង្ខំ​ដែរ។ បាន​ន័យ​ថា បើ​គាត់​ស្រឡាញ់​គណបក្ស​ណា​ហើយ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស។ យើង​មិន​គួរ​ដាក់​គំនាប​ទៅ​គាត់។ ហើយ​ចំពោះ​ខាង​ខ្ញុំ​វិញ ក៏​អត់​មាន​បាន​ទៅ​បង្ខិតបង្ខំ ឬ​អូស​ទាញ​អី​ដែរ បាន​ន័យ​ថា យើង​មាន​ឱកាស​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ជូន​ទៅ​គាត់»
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ប្រើ​អំណាច​រក​សំឡេង​គាំទ្រ​តាម​សាលា​រៀន​ទេ។ លោក​ថា លទ្ធិប្រជាធិបតេយ្យ គឺ​ការ​ឃោសនា​រហូត​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ឆ្នោត ដើម្បី​គាំទ្រ មិន​មែន​ប្រើ​តួនាទី​ទៅ​គាប​គេ ហើយ​ស្រែក​ថា អត់​បាន​ធ្វើ​ដូច្នេះ​ទេ។ លោក​បាន​រិះគន់​ត្រង់ៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ទ្រព្យ​សម្បត្តិ និង​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ ទៅ​ឃោសនា​ឲ្យ​គណបក្ស​ខ្លួន​ក៏​មាន៖ «ធ្វើ​អីចឹង​ខុស​ហើយ វា​ហួស​ហេតុ​ពេក។ យើង​ស្វែង​រក​សំឡេង​ដែរ ប៉ុន្តែ​យើង​ស្វែង​រក​ទៅ​តាម​ការ​ស្ម័គ្រចិត្ត ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រជាពលរដ្ឋ អត់​មាន​ទិញ​ដូរ​អត់​មាន​យក​តួនាទី​ខ្លួន​ឯង​ជា​នាយក​សាលា ទៅ​បង្ខំ​ឲ្យ​សិស្ស និស្សិត ធ្វើ​អីចឹង​ទេ ឃោសនា​នេះ ឃោសនា​វា​អត់​សម​ហេតុផល វា​អត់​ថ្លៃថ្នូរ»
នាយក​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​នេះ​បាន​បើក​បង្រៀន​រយៈពេល ៦​ឆ្នាំ​មក​ហើយ មាន​និស្សិត​ជាង ៦​ពាន់​នាក់ កំពុង​សិក្សា​ជំនាញ​ភាសា​បរទេស និង​ជំនាញ​ផ្សេង​ទៀត​ជាច្រើន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។