Social Icons

Friday, April 19, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ល្បិចចាស់ នយោបោកថ្មី របស់ ជោរ សែន


សារ​នយោបាយ​ថ្មី​ របស់​សម្តេច ហ៊ុន សែន​៖ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​

ខេត្តកំពង់ស្ពឺ: ខណៈ​ដែល​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ និង​ជ្រើសតាំង​នាយករដ្ឋមន្ត្រី កាន់តែ​ខិត​ជិត​ចូលមក​ដល់ នា​ខែ​កក្កដា​ខាងមុខ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​ថ្មី​មួយទៀត​។ នោះ​គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​សម្តេច មានន័យ​ស្មើនឹង​អ្នកបោះឆ្នោតបាន​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​
​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​កាត់​ឫស​សីមា ឆ្លង​ព្រះវិហារនៅ​វត្ត​អម្ពិល​វ័ន្ត ក្នុង​ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​មាន​តម្លៃ​នឹង​ការបោះ​ឆ្នោត​ឲ្យ​ខ្លួន​ឯង​។ មានន័យ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ការពារ​នូវ​អាយុជីវិត ការពារ​នូវ​សេចក្តីសុខ និង​ការពារ​នូវ​សមិទ្ធផល​ទាំងឡាយ ដែល​កើតមាន​កន្លង​មក​។​
​កាលពីពេល​កន្លង​មក សម្តេច ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​នយោបាយ សម្រាប់​ការបោះឆ្នោត​ខាងមុខ ដោយ​លើកឡើង​ថា បើ​អាណិត បើ​ស្រឡាញ់ បើ​ជឿទុកចិត្ត លើ​ហ៊ុនសែន ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​
​សម្តេច ហ៊ុន សែន បាន​បន្តថា បើ​ការសម្រេចចិត្ត​ខុស​មួយថ្ងៃ គឺ​ចង្រៃ​អស់​មួយ​ជីវិត ដូចជា​សម័យ​រដ្ឋប្រហា​រ ទម្លាក់​សម្តេច​ឪ កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ធ្វើឡើង​ដោយ​លោក​សេនាប្រមុខ លន់ នល់ ហើយ​នាំឲ្យ​ប្រទេស​មាន​សង្គ្រាម​។​
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា ក្រុមយុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដីធ្លី នឹង​ដក​ទៅ​ភ្នំពេញ​វិញនៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​ឈប់សម្រាក​ក្នុងពេល​ឃោសនា និង​ពេល​បោះឆ្នោត​។ ចំពោះ​កន្លែង​ណាដែល​មិន​ទាន់​បាន​វាស់វែង ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី គឺ​ត្រូវ​រង់ចាំ​ដល់​ក្រោយ​ការបោះ​ឆ្នោត​រួច ទើប​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំងនោះចុះ​មក​វាស់វែង​ឡើងវិញ​។


​ក៏​ប៉ុន្តែ​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើសិន​ជា​ក្រោយ​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជាចាញ់ឆ្នោត នោះ​យុវជន​ស្ម័គ្រ​ចិត្តវាស់វែង​ដីធ្លី ក៏​នឹង​មិន​វិលត្រឡប់​មក​វិញ​ដែរ ព្រោះ​យុវជន​ស្ម័គ្រចិត្ត​ទាំងនោះ គ្រាន់តែ​ជា​កម្លាំង​ជំនួយ​ដល់​មន្ត្រី​ជំនាញ​សុរិយោដី ហើយ​ការ​ចាយលុយ​លើ​ក្រុមយុវជន​វាស់វែង​ដីធ្លី​នោះ មិនមែន​ជា​ថវិកា​ជាតិ​ទេ តែ​ជា​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ ប្រសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត សម្តេច​គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រីចាំផ្ទះ ដែល​មាន​រយៈពេល​មួយ​ខែ ហើយ​បន្ទាប់​មក​គណបក្សដែល​ឈ្នះឆ្នោត គេ​នឹង​កាន់តំណែង គេ​នឹង​ចាត់ចែង​ធ្វើ​ការងារ​របស់​គេ​។ ដូច្នេះ​យុវជន​ស្ម័គ្រចិត្តវាស់វែង​ដីធ្លី នឹង​លែង​មក​កាន់​តំបន់​ស្រុក​ថ្ពង ដើម្បី​វាស់វែង​ដីធ្លី​ឲ្យ​ទៀតហើយ​។​
​ក្នុង​ពិធី​ជួបជុំ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​មុខ​កូនប្រុស​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​នី ដែល​នឹង​ត្រូវ​ឈរឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​ការបោះឆ្នោតនៅ​ខែ​កក្កដា​ខាងមុខ​។​
​សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ប្រគល់​ភារកិច្ច​ដំបូងបង្អស់​សម្រាប់​ការអភិវឌ្ឍខេត្ត​កំពង់ស្ពឺ ដល់​លោក ហ៊ុន ម៉ា​នី តាមរយៈ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ ពី​ថ្នល់ជាតិ ចូល​ទៅកាន់​វត្ត​អម្ពិល​វ័ន្ត​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។