Social Icons

Monday, March 25, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

វៀតណាម​ចាប់​ខ្មែរ​ក្រោម ​២ ​នាក់


ដោយ ទីន ហ្សាការីយ៉ា l RFA
2013-03-24
 
ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ដោយសារ​ពួកគេ​ចូល​រួម​ប្រឆាំង​នឹង​ការ​ប្រកាស​ដក​ព្រះចៅ​អធិការ​ស្ដីទី​វត្ត ​ព្រៃជាប់ នៅ​ខែត្រ​ឃ្លាំង។ ការ​ប៉ុនប៉ង​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​នេះ មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​វៀតណាម សហការ​នឹង​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចង់​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​នោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​ មនុស្ស​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​យាយី​លើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​វៀតណាម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ពីរ​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា គឺ​ឈ្មោះ លី មឿន (Ly Moeun) អាយុ ៣០​ឆ្នាំ និង​ឈ្មោះ តាំង មិញ (Tang Minh) អាយុ ២៨​ឆ្នាំ។ ការ​ចាប់​ខ្លួន​អ្នក​ពីរ​នៅ​ខណៈ​ដែល​ពួក​គាត់​បាន​ចូល​រួម​ជាមួយ​ ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត នៅ​ភូមិ​ព្រៃជាប់ ឃុំ​ទឹកសាប ខែត្រ​ឃ្លាំង តវ៉ា​រឿង​ផ្សឹក​ព្រះសង្ឃ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា គណៈកម្មការ​ព្រះសង្ឃ​ខែត្រ និង​ជា​សមាជិក​សភា​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​ហាណូយ ព្រះតេជគុណ ថាច់ ហ៊ន សហការ​នឹង​អាជ្ញាធរ​វៀតណាម បាន​ចេញ​សេចក្ដី​ប្រកាស​បណ្ដេញ​ព្រះតេជព្រះគុណ លី ចិន្ដា ដែល​ជា​ព្រះចៅ​អធិការ​វត្ត​ព្រៃជាប់​ស្ដីទី ចេញ​ពី​តួនាទី និង​ឲ្យ​ព្រះអង្គ​វិល​មក​ស្រុក​ខ្មែរ​វិញ ដោយ​គេ​ចោទ​ព្រះអង្គ​ថា ជា​ព្រះសង្ឃ​មក​ពី​កម្ពុជា។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា ព្រះតេជព្រះគុណ លី ចិន្ដា មាន​ស្រុក​កំណើត​នៅ​ខែត្រ​ឃ្លាំង ប៉ុន្តែ​ព្រះអង្គ​ធ្លាប់​មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១០ មិន​មែន​ព្រះអង្គ​ជា​ព្រះសង្ឃ​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​មាន​ការ​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះតេជព្រះគុណ ថាច់ ហ៊ន ជា​សមាជិក​គណៈកម្មការ​សង្ឃ​ខែត្រ និង​ជា​តំណាងរាស្ត្រ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៃ​បក្ស​កុម្មុយនីស្ថ ​វៀតណាម ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មីនា ដោយ​អ្នក​លើក​ទូរស័ព្ទ​របស់​ព្រះតេជព្រះគុណ​ថា​ច្រឡំ​លេខ។

ដោយ​ឡែក​នៅ​ឃុំ​វិញហាយ (Vinh Hay) ខែត្រ​ឃ្លាំង ប្រជាពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត អាជ្ញាធរ​វៀតណាម​កំពុង​តាម​ចាប់​ខ្លួន។

ព្រះសង្ឃ​សុំ​មិន​បញ្ចេញ​ព្រះនាម​នៅ​វត្ត​សិរីតាសេក ខែត្រ​ឃ្លាំង មាន​ថេរដីកា​ថា កាល​ពី​ថ្ងៃ​ទី​២១ មីនា ប៉ូលិស​សម្ងាត់​វៀតណាម​បាន​ទៅ​ហែក​ទង់​សាសនា​ចោល ដែល​ដាក់​នៅ​ជាប់​របង​វត្ត​នោះ ហើយ​ឈ្មោះ ថាច់ ភូមរិន្ទ លួច​ថត​សកម្មភាព​នគរបាល​វៀតណាម ហែក​ទង់​សាសនា​ចោល​នោះ តែ​ក្រោយ​មក​អាជ្ញាធរ​វៀតណាម ដឹង​រឿង​នេះ។ ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ មីនា គេ​បាន​កោះ​ហៅ​ឈ្មោះ ថាច់ ភូមរិន្ទ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ទៅ​សាលា​ឃុំ ដោយ​សួរ​អំពី​មូលហេតុ​ដាក់​ទង់​ជាតិ​សាសនា​នោះ។ ព្រះតេជព្រះគុណ​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​អាជ្ញាធរ​វៀតណាម ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ ថាច់ ភូមរិន្ទ និង​ឈ្មោះ សឺន ណា បន្ទាប់​ពី​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២៣ មីនា នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ថាច់ ង៉ុកថាច់ បាន​ពន្យល់​ថា អាជ្ញាធរ​វៀតណាម បាន​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​គាប​សង្កត់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ពិសេស​គេ​បាន​ប្រើ​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ ដែល​ជា​សមាជិក​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នោះ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ផ្សេងៗ ពិសេស​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ព្រះចៅ​អធិការ​វត្ត ដោយ​គេ​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​បាន​ធ្វើ​ខុស​នឹង​វិន័យ​សង្ឃ ដូចជា​ព្រះសង្ឃ​នៅ​វត្ត​សិរីតាសេក​ជាដើម៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។