Social Icons

Monday, March 25, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សង្គម​ស៊ីវិល​រក​ឃើញ​ថា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ មាន​ភាព​មិន​ប្រក្រតី​


Add caption

ព្រហស្បតិ៍ 21 មីនា 2013
អង្គការ​ឃ្លាំមើល​​ការ​​បោះឆ្នោត​និកហ្វិច រួម​ជាមួយ​អង្គការ​របស់​អាមេរិក NDI និង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ បាន​រួម​គ្នា​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​។ ជា​លទ្ធផល អង្គការ​សង្គម​​ស៊ីវិល​ទាំ​ងបី រក​ឃើញ​នូវ​ភាព​មិនប្រក្រតី​មួយ​ចំនួន ដូច​ជា ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត មិន​ត្រឹមត្រូវ​និង​មាន​ឈ្មោះ​ខ្មោច ក្នុង​បញ្ជី​បោះឆ្នោត ជាដើម​។ អង្គការ​ទាំង​នោះ ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ អំពី​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។​ យ៉ាងណាក៏ដោយ អគ្គលេខាធិការ គ.ជ.ប. បាន​ចាត់​ទុក​ថា សវនកម្ម​នោះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ជឿ​ជាក់​បាន​ទេ។
គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​កហ្វិច រួម​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CASនិង​វិទ្យាស្ថាន​ជាតិ​សម្រាប់​កិច្ចការ​អន្តរជាតិ NDI បាន​ធ្វើ​សវនកម្ម​រួម​គ្នា​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២​។
បញ្ជី​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ត្រូវ​បាន​ គ.ជ.ប. ប្រកាសថា មាន​​អ្នកបោះឆ្នោត​សរុប ៩.៦៧៥.៤៥៣ នាក់​។ ​លទ្ធផលនៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បាន​បង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ ត្រូវ​បាន​អង្គការ​ទាំង​បី រកឃើញ​នូវ​ការធ្លាក់ចុះនៃ​គុណភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បើ​ធៀប​នឹង​ឆ្នាំ​បោះ​ឆ្នោត​​កាលពី​ឆ្នាំ​២០០៨​។
លទ្ធផល​នៃ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បង្ហាញថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត ៨២,៩% បាន​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុងនោះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែល​រស់​នៅ​ទីកន្លែង ដែល​ពួកគេ​បាន​ចុះឈ្មោះ​។ ចំណែក ១០,៤% មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​រក​មនុស្ស​មិន​ឃើញ​។ រីឯ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ចំនួន ៩,៤% ក្នុង​បញ្ជី​លុបឈ្មោះ គឺ​ត្រូវបាន​លុបចេញ មិន​ត្រឹមត្រូវ​។​
​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ ត្រូវ​បាន​សម្ភាសន៍​លើ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អាយុ​ចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣ នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៃដន្យ នៅ ៤១៤ ឃុំ ក្នុង ៩ ខេត្ត​។
​លោកហង្ស ពុទ្ធានាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និ​កហ្វិចបានឲ្យដឹងថា អង្គការ​​សង្គម​ស៊ីវិល រកឃើញថា អ្នកបោះឆ្នោត​ជា​ង ១០% គឺមាន​តែ​ឈ្មោះ នៅក្នុង​បញ្ជី​បោះឆ្នោត តែ​គ្មាន​មនុស្ស​ពិត​ទេ​។ ដូច្នេះ​សង្គម​ស៊ីវិល​មាន​ការព្រួយបារម្ភ ចំពោះ​ការធ្លាក់ចុះ​នៃ​កំរិត​នៃ​ភាព​ត្រឹម​ត្រូវ និង​សុពលភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ព្រមទាំង​លទ្ធភាព​សម្រាប់​អ្នកបោះឆ្នោត ក្នុង​ការប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់ នៅក្នុង​ការបោះឆ្នោត​ខែ​កក្កដា​ខាងមុខនេះ​។
ចំណែក​លោក​ស្រី ឡូ​រ៉ា ថន​ថុន នាយិកា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ NDI បាន​លើកឡើង​ថា ការរកឃើញ​លើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បាន​បង្ហាញ​នូវ​ភាពមិនប្រក្រតី ដែល​ទាក់​ទង​​ទៅ​នឹង​គុណភាព និង​ធម្មនុញ្ញភាព​នៃ​ការបោះឆ្នោត​ លោកស្រី មាន​ការព្រួយបារម្ភ​លើ​បញ្ជី​បោះឆ្នោតដោយសារ​តែ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មួយចំនួនធំ មិន​អាច​រក​ឃើញ​ឈ្មោះ ហើយ​នឹង​មិន​អាច​បោះឆ្នោត​បាន​។ក្នុងនោះក៏​ការ​លុបឈ្មោះ​អ្នកបោះឆ្នោតដោយ​មិន​ត្រឹម​ត្រូវ។
​​​​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត របស់​អង្គការ​សង្គម​ស៊ីវិល​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កាលពី​រសៀល​ថ្ងៃ​ទី​២០​មីនា​ម្សិលមិញ​។ ​លោក ទេព នីថាអគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ប្រាប់​វិទ្យុ​បារាំង​ថា លទ្ធផល​​​នៃ​ការរកឃើញ​នោះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ហើយ​របៀប​នៃ​ការធ្វើ​សវនកម្ម គួរឲ្យ​សង្ស័យនិង​មិន​គួរឲ្យ​ជឿ​បាន​ទេ​។​
តាម​លោក ទេព នីថា ​​ដើម្បី​ផ្ទៀងផ្ទាត់ និង​ដើម្បី​កុំឲ្យ​មាន​ការយល់ច្រលំ លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតដែល​រៀបចំ​ដោយ គ​.​ជ​.​ប​. គ​.​ជ​.​ប​.​បាន​ស្នើ​ឲ្យ​អង្គការ​ទាំង​បី​នោះ បញ្ជូន​ទិន្នន័យ៤ សំខាន់ៗ​ មកកាន់​គ​.​ជ​.​ប​. រួមមាន ឈ្មោះ​អ្នក​ដែល​អង្គការ​អះអាងថា បាត់​ឈ្មោះនិង​ឈ្មោះ​អ្នក​បោះ​ឆ្នោតដែលថា គ​.​ជ​.​ប​. លុប​ចេញ​ពី​បញ្ជី មិន​ត្រឹមត្រូវ ជាដើម​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។