Social Icons

Thursday, March 28, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ស្ថានភាព​សិទ្ធិ​បញ្ចេញ​មតិ​និង​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម


ដោយ ទីន ហ្សាការីយ៉ា l RFA
2013-03-26
សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​ប្រទេស​វៀតណាម ជា​ប្រធាន​បទ​ពិភាក្សា​មួយ​ដ៏​សំខាន់ ដែល​គេ​បាន​លើក​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា ដែល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​តែ​ប្រឈម​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន។
ការ​រើសអើង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កំពុង​កើត​មាន​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មិន​ថា​អ្នក​រស់នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង សព្វថ្ងៃ​នេះ​ទេ។
អ្វី​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ដែល​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ចង់​បាន​នោះ គឺ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ពីព្រោះ​ថា សេរីភាព​បញ្ចេញ​មតិ គឺ​ជា​សិទ្ធិ​មនុស្ស​មូលដ្ឋាន​មួយ ដែល​បង្កើត​បាន​ជា​សសរ​ស្ដម្ភ​សម្រាប់​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។
នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន យឿង បាន​អាន​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​វៀតណាម នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី២៥ មីនា ថា ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​នៅ​កម្ពុជា តែង​តែ​មាន​ការ​យាយី​រំខាន​ពី​កង​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ពួក​គាត់​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ណា​មួយ ឬ​ប្រមូល​ផ្ដុំ​ជួបជុំ​គ្នា​ជា​លក្ខណៈ​ប្រជុំ សិក្ខា​សាលា​ពិគ្រោះ​យោបល់​ផ្សេងៗ​ទៀត៖ «សឹង​តែ​គ្រប់​សកម្មភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា តែង​តែ​ប្រឈម​ទៅ​នឹង​ការ​ឃ្លាំ​មើល​ការ​បង្ហាញ​កាយ​វិការ​ជា​លក្ខណៈ​គំរាម​កំហែង ឬ​ពេល​ខ្លះ​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​ឲ្យ​សកម្មភាព​ឡើយ»
សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវ​បាន​ធានា​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ មាត្រា​៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។ មាត្រា​៣១ ទទួល​ស្គាល់ និង​គោរព​តាម​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា អនុសញ្ញា​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ ម្យ៉ាង​ទៀត ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​នៃ​កតិកាសញ្ញា​អនុសញ្ញា​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស កាល​ពី​ឆ្នាំ​១៩៩២ ដែល​បង្កើត​ឲ្យ​មាន​កាតព្វកិច្ច​គតិយុត្តិ​លើ​ប្រទេស​កម្ពុជា ហើយ​មាត្រា​១៩ ចែង​ថា សេចក្ដី​ប្រកាស​ជា​សកល ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​អនុសញ្ញា​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ធានា​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។
ដោយ​ឡែក នៅ​ប្រទេស​វៀតណាម វិញ លោក សឺន យឿន បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​បាន​ងាយៗ​នោះ​ឡើយ ហើយ​វៀតណាម ក៏​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បើក​អង្គការ​សមាគម​នៅ​ប្រទេស​វៀតណាម ដូច​វៀតណាម នៅ​កម្ពុជា មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដូច​ជា​សិទ្ធិ​បង្កើត​សមាគម​វៀតណាម ជាដើម៖ «រដ្ឋាភិបាល​វៀតណាម មិន​ឲ្យ​ស្ដាប់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​វីអូអេ (VOA) ជា​ភាសា​ខ្មែរ​ឡើយ។ រដ្ឋាភិបាល​វៀតណាម ហាម​មិន​ឲ្យ​ត​ភ្ជាប់​ឧបករណ៍​ឌីធីវី (DTV) ភ្ជាប់​ទូរទស្សន៍​អាច​មើល​ឃើញ​ប៉ុស្តិ៍​ខ្មែរ​ផ្សាយ​ចេញ​ពី​កម្ពុជា នេះ​ទៅ​នោះ»
នៅ​ក្នុង​អង្គ​សិក្ខា​សាលា​ដែល​មាន​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១២ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មក​ពី​ខេត្ត​តាកែវ កណ្ដាល បាត់ដំបង កំពង់ស្ពឺ និង​ទីក្រុង​ភ្នំពេញ ចូលរួម​ប្រមាណ​ជាង ៥០​នាក់ និង​មាន​ក្រុម​អ្នក​ច្បាប់ និង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចូលរួម​នោះ មាន​អ្នក​ចូលរួម​ជាច្រើន​បាន​ចោទ​សួរ​ទៅ​វាគ្មិន​ថា តើ​ពួក​គាត់​មាន​សិទ្ធិ​អ្វី​ខ្លះ​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន? ហើយ​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម គោរព​សិទ្ធិ​ពួក​គាត់​នោះ?
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​នេះ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុក សំអឿន បាន​ពន្យល់​ថា វៀតណាម ជា​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត ដូច្នេះ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​វៀតណាម ផ្លាស់​ប្ដូរ​ទម្រង់​នៃ​ការ​គ្រប់គ្រង​ប្រទេស គឺ​ប្រកាន់​យក​នូវ​របប​ប្រជាធិបតេយ្យ​នៅ​ពេល​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​មាន​សិទ្ធិ​សេរីភាព។
ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា វៀតណាម មិន​អើពើ​ចំពោះ​ការ​លើក​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ស្ដីពី​ការ​គាប​សង្កត់ និង​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ទេ។ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ប្រជាពលរដ្ឋ​វៀតណាម វិញ ពោល​គឺ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ឬ​រឹត​បន្តឹង​ចំពោះ​ជនជាតិ​វៀតណាម នៅ​កម្ពុជា នៅ​ពេល​នោះ​រដ្ឋាភិបាល​វៀតណាម នឹង​ពិចារណា​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មីនា។ ប៉ុន្តែ​កន្លង​មក មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ឡេ មិញង៉ុក (Le Minhngoc) បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម បាន​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដូច​នឹង​ជនជាតិ​វៀតណាម ទូទៅ​ដែរ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក សែន សាលី បាន​ជំរុញ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់​សហការ​គ្នា​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម​ដែល​ជា​ដំណោះស្រាយ​មួយ​សមស្រប និង​សន្តិវិធី។
សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជនជាតិ​ដើម ដែល​រដ្ឋាភិបាល​វៀតណាម បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដែរ​នោះ មាត្រា​១៦ ចែង​ថា ជនជាតិ​ដើម​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ខ្លួន និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​រូបភាព​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មិន​មែន​ជា​របស់​ជនជាតិ​ដើម​ដោយ​គ្មាន​ការ​រើសអើង​ឡើយ។
លើស​ពី​នេះ​ទៀត លំហូរ​សេរីភាព​ព័ត៌មាន និង​គំនិត គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​របប​ប្រជាធិបតេយ្យ ហើយ​វា​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពិត​ប្រាកដ។ បើ​សិន​ជា​គ្មាន​ការ​គោរព​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​រួម​មាន​សិទ្ធិ​ស្វែង​រក ទទួល​បាន និង​ចែក​រំលែក​ព័ត៌មាន ព្រម​ទាំង​គំនិត​ទេ​នោះ គេ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត​បាន​ឡើយ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​កើត​មាន​យ៉ាង​ស្ងៀមស្ងាត់ ហើយ​ក៏​គ្មាន​មធ្យោបាយ​បក​អាក្រាត​លាត​ត្រដាង​រដ្ឋាភិបាល​ពុក​រលួយ និង​អសមត្ថភាព​នោះ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​ផ្ដល់​ព័ត៌មាន​នៅ​វៀតណាម ពិបាក​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ណាស់ លុះត្រា​ណា​វៀតណាម ផ្លាស់​ប្ដូរ​របប​គ្រប់គ្រង​ប្រទេស​ពី​របប​កុម្មុយនីស្ត​ទៅ​ប្រជាធិបតេយ្យ។
ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​រៀបចំ​សិក្ខា​សាលា​នេះ នឹង​សរសេរ​របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​នានា​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម ផ្ញើ​ទៅ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ពេល​ខាង​មុខ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម អំពី​បញ្ហា​ប្រឈម​ទាំង​នោះ រួម​មាន បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាដើម ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។