Social Icons

Monday, November 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ឃុំ​ខ្លួន​មន្ត្រី​យោធា​សក្ដិ​៥​ម្នាក់​ទាក់ទង​នឹង​ជម្លោះ​ដី​នៅ​បន្ទាយមានជ័យ


2012-11-26
តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ឃុំ​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។ ការ​ឃុំខ្លួន​នោះ​ធ្វើ​ឡើង​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ ​ឯកជន និង​ក្លែង​លិខិត​សាធារណៈ​ទាក់ទិន​ទំនាស់​ដណ្ដើម​កាន់កាប់​ដី នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ធាម ច័ន្ទពិសិដ្ឋ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក សុខ សុបិន ជា​មន្ត្រី​យោធា​ស័ក្ដិ៥​ម្នាក់ មាន​ទីលំនៅ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ការ​ឃុំ​ខ្លួន​មន្ត្រី​យោធា​ស័ក្ដិ​៥ បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ក្រោយ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​នាំ​ខ្លួន តាម​ដីកា​បង្គាប់​របស់​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​តុលាការ​ខេត្ត​ បន្ទាយមានជ័យ។
ទោះ​យ៉ាង​ណា លោក​ចៅក្រម​ពុំ​អាច​បញ្ជាក់​ពី​បទ​ចោទ​ប្រកាន់​បាន​ទេ៖ «សំណុំ ​រឿង​ហ្នឹង​ខ្ញុំ​ជា​ចៅក្រម​ក្នុង​សំណុំ​រឿង អ៊ីចឹង​ដោយសារ​ដំណើរ​ការ​នៃ​កិច្ច​ស៊ើបសួរ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ យើង​មិន​អាច​និយាយ​បាន​ទេ ពាក់ព័ន្ធ​ជាមួយ​រឿង​ហ្នឹង ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​ជាមួយ​បទ​ចោទ​ប្រកាន់​រឿង​អី​នោះ លោក​សួរ​លោក​ព្រះរាជអាជ្ញា ផាន់ វណ្ណរ័ត្ន ដែល​ជា​អ្នក​បើក​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ហ្នឹង»
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បញ្ជាក់​ថា តំណាង​អយ្យកា​បាន​បើក​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​យោធា​រូប​នោះ ពី​បទ​ប៉ះពាល់​លើ​កម្មសិទ្ធិ​ឯកជន និង​ក្លែង​លិខិត​សាធារណៈ ប៉ុន្តែ​ពុំ​អាច​ធ្វើ​អត្ថាធិប្បាយ​លំអិត​បាន​ទេ រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត។
ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា លោក សុខ សុបិន ជា​មន្ត្រី​យោធា​បាន​ទិញ​ដី​ទំហំ​ពីរ​ហិកតារ នៅ​ឃុំ​អូរ​បី​ជាន់ ប៉ុន្តែ​ក្រោយ​មក​លោក សុខ សុបិន បាន​កែ​លុប​ឯកសារ​ទិញ​ដី​នោះ​ពង្រីក​ទំហំ​ដី ពីរ​ហិកតារ​ឡើង​ទៅ​រហូត​ទៅ​ដល់​ពីរ​ហិកតារ​កន្លះ ប៉ះពាល់​ជាមួយ​ដី​របស់​បុគ្គល​ម្នាក់​ធ្វើ​ពេទ្យ​នៅ​ក្រុង​ប៉ោយប៉ែត ទើប​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ។
លោក ធាន វីរស់ នៅ​ភូមិ​សិលា​ខ្មែរ បាន​បញ្ជាក់​ថា លោក សុខ សុបិន ពិត​ជា​បាន​ទិញ​ដី ហើយ​បាន​កែ​លិខិត​ស្នាម​នោះ​មែន ប៉ុន្តែ​ការ​ធ្វើ​នោះ គឺ​មាន​មេភូមិ​សិលា​ខ្មែរ និង​មេ​ឃុំ​អូរ​បី​ជាន់ ចូលរួម៖ «បើ​ឃុំ​ខ្លួន ​គាត់​ទាល់​យក​មេភូមិ មេ​ឃុំ​ទៅ​ឃុំ​ខ្លួន​ដែរ​ទៅ ហេតុផល​មក​ពី​មេភូមិ​មេឃុំ​គាត់​ចូល​រួម​គំនិត គាត់​អ្នក​លុប ​អ្នក​លុប​ហើយ​ចុះ​ទៅ​វាស់​ពិនិត្យ ហើយ​បន្ថែម ហើយ​មិន​មែន​តួនាទី​របស់ សុខ សុបិន គាត់​អាច​ទៅ​ពិនិត្យ ទាល់​មេភូមិ​ឃុំ​បាន​ទៅ​ពិនិត្យ​បាន»
ទោះ​យ៉ាង​នេះ​ក្ដី វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​មូលដ្ឋាន នៅ​ឃុំ​អូរ​បី​ជាន់ ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន។ ទាក់ទិន​ការ​សម្រេច​ឃុំ​ខ្លួន មន្ត្រី​យោធា​ស័ក្ដិ ៥​នេះ សមាគម​អាដហុក បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ។
លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ​នេះ បង្ហាញ​ពី​ដំណើរ​មួយ​ឆ្ពោះ​ទៅ​រក​តម្លាភាព និង​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជន​ជា​អ្នក​រងគ្រោះ។
លោក​បន្ត​ថា៖ «នេះ​ជា​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​មួយ។ តុលាការ​ខេត្ត​បន្ទាយមានជ័យ កំពុង​អនុវត្ត​ច្បាប់​ដោយ​មិន​ខ្លាច មិន​ញញើត មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា ក្រោម​នឹម​របស់​គណបក្ស​ណា​មួយ និង​មិន​ចំណុះ​ស្ថាប័ន​អ្នក​មាន​អំណាច ឬ​ក៏​ការ​គាប់​សង្កត់​អំពី​គណបក្ស​នយោបាយ សុំ​ឲ្យ​មាន​ការ​ចាត់​ការ​ទៅ​លើ​ជន​ដែល​បាន​ប្រព្រឹត្ត»
លោក សុខ សុបិន ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥ បច្ចុប្បន្ន​ត្រូវ​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​ បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។