ដោយ ខែ សុណង
2012-10-04
ប្រមុខដឹកនាំរដ្ឋាភិបាលបានចាត់ទុករបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រចាំនៅកម្ពុជា ថាជារបាយការណ៍អត់បានការមិនអាចទទួលយកបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មតបនឹងរបាយការណ៍នោះថា ជារបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងនៅសង្គម កម្ពុជា ហើយលោកបញ្ជាក់ថា កម្ពុជាជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ ដូច្នេះកម្ពុជាមិនអាចទទួលរបាយការណ៍របស់មនុស្សម្នាក់បានទេ។
លោក ហ៊ុន សែន៖ «អានេះអនុសាសន៍របស់អង្គការសហប្រជាជាតិ មនុស្សម្នាក់ហ្នឹង អាហ្នឹងអង្គការសហប្រជាជាតិនឹងគេដែរ ហើយដើរតឹកឡិកៗ មកអ៊ីចឹងទៅជួបនេះជួបណោះ ហើយទៅធ្វើរបាយការណ៍ រួចហើយឲ្យគេមកទទួលយក។ រដ្ឋអធិបតេយ្យមួយមិនអាចទទួលយកនូវអ្វីដែលជារបស់អ្នកដទៃបានទេ ត្រូវសួរប្រជាពលរដ្ឋសិន ឥឡូវឆ្នាំ២០១៣ សួរប្រជាពលរដ្ឋទៅបើប្រជាពលរដ្ឋលែងត្រូវការគណបក្សប្រជាជនហើយគេ បោះឆ្នោតទម្លាក់ហើយ។ បើបោះឆ្នោតទម្លាក់ហើយអ្នកឯងធ្វើទៅតាមលោកឯងហ្នឹងទៅ អាហ្នឹងខ្ញុំគ្រាន់តែថា និយាយឲ្យសិស្សចេះទេ ប៉ុន្តែក៏វាមានចំណែកមួយឲ្យអ្នកដទៃចេះដែរ កុំល្ងង់ពេកតែខ្ញុំសូមប្រាប់សុំប្រដៅសូមពន្យល់»។
លោកថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សនៅ វិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី០៤ ខែតុលា។ ការប្រតិកម្មនេះបានកើតឡើងក្រោយពីលោក សុរិយា ស៊ូប៊ែឌី បានយករបាយការណ៍របស់លោកទៅបង្ហាញនៅក្នុងអង្គប្រជុំនៃអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ខែកញ្ញា ដែលបានលើកបញ្ហាជាច្រើនចំណុច ពិសេសលោកសុំឲ្យកែទម្រង់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាការបោះឆ្នោតនៅឆ្នាំ២០១៣ បញ្ហាការគោរពសិទ្ធិមនុស្ស និងបញ្ហារៀបចំដីសម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗ។
របាយការណ៍ទាំងពីរនោះ ធ្វើឡើងដោយផ្អែកលើបេសកកម្មស្វែងរកការពិតរបស់លោកចំនួនពីរលើក នៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១១ និងខែឧសភា ឆ្នាំ២០១២។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបារម្ភពីឥទ្ធិពលនៃរបាយការណ៍នេះទៅលើសេចក្ដីសម្រេចរបស់ប្រទេស សមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ថាអាចនឹងមានចំណាត់ការណាមួយមកលើកម្ពុជាទេ៖ «រួចបានសរសេរ ផ្ដេសផ្ដាសហ្នឹង អនុសាសន៍របស់អង្គការសហប្រជាជាតិ។ នែ! អង្គការសហប្រជាជាតិណា អ៊ីចឹងគ្រាន់តែមើលរបៀបបែបបទដែលយើងសរសេរទៅក្រុមប្រឹក្សាសន្តិសុខ មួយ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិមួយ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការ សហប្រជាជាតិគ្មានចរិតចាប់បង្ខំអនុវត្តន៍ទេ កុំថាឡើយមនុស្សម្នាក់ គឺមានតែសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះដែរ មានចរិតចាប់បង្ខំសម្រេច»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ គឺជាការល្អមួយជាដំណើរនៃការជជែកគ្នាទៅរកដំណោះស្រាយមួយ។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានដកស្រង់សំដីលោក សុរិយា ស៊ូប៊ែឌី ថា កម្ពុជាបានរីកចំរើនច្រើនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិ មនុស្ស និងនីតិរដ្ឋ ប៉ុន្តែលោកមានក្តីបារម្ភចំពោះបញ្ហាខ្លះក្នុងដំណើរការបោះឆ្នោត និងផលប៉ះពាល់បណ្ដាលមកពីការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ ការផ្ដល់ដីសម្បទាននៅកម្ពុជា ធ្វើឡើងដោយគ្មានតម្លាភាព និងផ្អែកតាមច្បាប់។ លោកថា ច្បាប់នៅលើក្រដាសផ្សេង ប៉ុន្តែការអនុវត្តផ្ទុយទៅនឹងច្បាប់៕



0 comments:
Post a Comment