ដោយ សុខ សេរី
2012-10-10
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏ធំមួយរបស់ប្រទេសដាណឺម៉ាក (Denmark) បានចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ដោយបានធ្វើពិធីសម្ពោធជាផ្លូវការនៅសណ្ឋាគារ ខេមបូឌីយ៉ាណា (Cambodiana Hotel) ក្រោមអធិបតីរបស់ព្រះអង្គម្ចាស់ក្សត្រីនៃប្រទេសដាណឺម៉ាក ព្រះនាង ម៉ារី (Marie)។
មន្ត្រីរដ្ឋាភិបាលកម្ពុជា
និងនិយោជកក្រុមហ៊ុន ថតរូបអនុស្សាវរីយ៍ក្នុងថ្ងៃសម្ពោធក្រុមហ៊ុន
ហ្គូហ្វ បាងខឺ ខេមបូឌា (Go4 Bunker Cambodia Co., Ltd.) នារាជធានីភ្នំពេញ
នៅថ្ងៃ១០ តុលា ឆ្នាំ២០១២។
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសដាណឺម៉ាក នោះ ឈ្មោះ ហ្គូហ្វ បាងខឺ ខេមបូឌា (Go4 Bunker Cambodia Co., Ltd.) បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១២ នេះ ដើម្បីផ្គត់ផ្គង់ប្រេង ឬលក់ប្រេងចំនួន ១ម៉ឺនតោនក្នុងមួយខែ ទៅឲ្យនាវាដឹកប្រេងអន្តរជាតិនានា ដែលឆ្លងកាត់ដែនសមុទ្រកម្ពុជា។
ប្រភពប្រេងដែលក្រុមហ៊ុនត្រូវផ្គត់ផ្គង់នោះ គឺជាប្រេងដឹកចូលមកពីតំបន់មជ្ឈិមបូព៌ា (Middle East) និងប្រទេសនានានៅអឺរ៉ុបខាងកើត (East Europe) ប៉ុន្តែនៅពេលក្រុមហ៊ុនរាវរកប្រេងរបស់សហរដ្ឋអាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) នឹងចាប់ផ្ដើមបូមយកប្រេងពីបាតសមុទ្រកម្ពុជា នៅខេត្តព្រះសីហនុ គឺក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា នឹងចាប់ផ្ដើមលក់ប្រេងនោះឲ្យទៅនាវាដឹកប្រេងអន្តរជាតិនៅពេលនោះ ដែរ។
ប្រភពពីក្រុមហ៊ុនមិនបានប្រាប់ឲ្យដឹងអំពីចំនួនទឹកប្រាក់ វិនិយោគ និងរយៈពេលមកវិនិយោគនៅកម្ពុជា នោះទេ ប៉ុន្តែជាជំនួញមួយទាក់ទងនឹងអាជ្ញាធរជាតិប្រេងកាតកម្ពុជាដែរ។
នាយកក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា លោក ច័ន្ទ ដារ៉ារិទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១០ ខែតុលា ថា កម្ពុជាក្លាយជាដៃគូល្អជាមួយក្រុមហ៊ុនរបស់លោក៖ «ជាគោលការណ៍យើង បានទំនាក់ទំនង និងជម្រាបជូនទៅរដ្ឋាភិបាលថា ពាណិជ្ជកម្មរបស់យើងគឺផ្ដល់ជូនកប៉ាល់អន្តរជាតិ ដែលឆ្លងកាត់ដែនសមុទ្រកម្ពុជា។ ខ្ញុំសូមជម្រាបជូនអស់លោកដែរថា កន្លងមកនៅក្នុងប្រទេសកម្ពុជា ពុំមានការផ្គត់ផ្គង់ប្រេងកប៉ាល់ទេ។ កប៉ាល់ដែលឆ្លងកាត់ដែនសមុទ្រយើង គឺឆ្លងទៅចាក់នៅថៃ ឆ្លងទៅចាក់នៅសិង្ហបុរី ទាំងអស់។ នេះជាលើកទី១ហើយដែលទាញផលប្រយោជន៍មកដល់ប្រទេសកម្ពុជា»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជា នៅពេលណាចាប់ផ្តើមលក់ប្រេង និងសេវាកម្មលក់ប្រេងចាប់ផ្ដើមដំណើរការ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុន បានមានប្រសាសន៍ថា លោកសាទរចំពោះវត្តមាននៃក្រុមហ៊ុននេះ។
ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតប្រទេសដាណឺម៉ាក លោក មីកែល ហីមនីទី វិនធឺ (Mikael Hemniti Winther) បានមានប្រសាសន៍ថា អ្វីដែលយើងត្រូវគិតនោះ គឺស្វែងរកដៃគូល្អមួយ៖ «មូលហេតុដែលយើងមកសម្ពោធនៅទីនេះ គឺស្ថានទូតបានទាក់ទង និងផ្ដល់យោបល់ឲ្យក្រុមហ៊ុននេះមកកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ហ្គូហ្វ បាងខឺ ខេមបូឌា បានឲ្យដឹងថា ក្រុមហ៊ុននេះឈរជើងប្រតិបត្តិការនៅដែនសមុទ្រកម្ពុជា នៅក្បែរច្រកចេញចូលរបស់នាវាអន្តរជាតិ៕



0 comments:
Post a Comment