Social Icons

Tuesday, September 11, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សវនាការ​កាត់ទោស​លោ​ក​ម៉ម​សូណង់ដូ នឹង​បន្ត​ទៅ​ព្រឹក​ថ្ងៃ​ពុធ​ - Mam Sonando's hearing to continue on Wednesday


លោក ម៉ម សូណង់ដូ ពេលនាំមកកាន់តុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ឆាយា )


ថ្ងៃទី 11 កញ្ញា 2012

ភ្នំពេញ: មក​ដល់​ម៉ោង ៦ ព្រលប់​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០១២ សវនាការ​កាត់ទោស លោក ម៉ម សូណង់ដូ ត្រូវបាន​ផ្អាក បន្ទាប់ពី​ចៅក្រម បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃនេះ ដើម្បី​សួរ​ជនជាប់ចោទ​ទាំង​៩ នាក់ រាប់​ទាំង​លោក​ម៉ម​សូណង់ដូ​។ សវនាការ​នឹង​បន្ត​ទៅ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​នៅក្នុង​សវនាការ លោក​ម៉ម​សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី បង្កើត​តំបន់​អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។
​សវនាការ លើ​រឿងក្តី​លោក​ម៉ម​សូណង់ដូ នឹង​បន្ត​ធ្វើ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​ចៅក្រម នឹង​សាកសួរ​ដល់​សាក្សី​។ សាក្សី​ក្នុង​សំណុំរឿង​នោះ មាន​ចំនួន ៨៦ នាក់ តែ​មាន​តែ​សាក្សី​ជាង ២០ នាក់​ប៉ុណ្ណោះ ដែល​នឹង​ចូល​ឆ្លើយបំភ្លឺ ក្នុង​អង្គ​សវនាការ នា​ថ្ងៃ​ពុធ​ស្អែក​។​


​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់ទោស លោក​ម៉ម​សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​។ លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដីធ្លី នៅ​ខេត្ត​ក្រចេះ​។ សំណុំរឿង​ក្តី​នោះ មាន​ជនជាប់ចោទ​សរុប​ចំនួន ៩​នាក់​។ ចំណែក​សាក្សី មាន​រហូត​ដល់ ៨៦ នាក់​។

​ដោយឡែក​នៅ​ក្រៅ​តុលាការ​ឯណោះ​វិញ ប៉ូលិស​បាន​ដាក់​បា​រ៉ា​ស់ បិទផ្លូវ ចាប់ពី​ភ្លើងស្តុប អាងទឹក រហូត​ដល់​ភ្លើងស្តុប​នាង​គ​ង្ហី​ង​។ ចំណែក​ប្រជាពលរដ្ឋ អ្នក​ភូមិ​បឹងកក់ អ្នក​បុរី​កីឡា និង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ រាប់រយ​នាក់ បាន​ប្រមូលផ្តុំ ចង់​ទំ​លុះ​បា​រ៉ាស់រប​ស់​ប៉ូលិស ដើម្បី​ចូល​ទៅ​តាមដាន​សវនាកា​រលើ​លោក​ម៉ម​សូណង់ដូ​។ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រារាំង និង​មាន​ការប៉ះទង្គិច​បន្តិច​បន្តួច​។​

​តុលាការ​បាន​ចោទប្រកាន់​ជនជាប់ចោទ​ទាំង ៩ នាក់ រាប់​ទាំង​លោក​ម៉ម​សូណង់ដូ ក្នុង​បទល្មើស​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។