Social Icons

Wednesday, September 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួង​យុត្តិធម៌​ទទួល​ញត្តិ អ្នក​បឹងកក់-បុរីកីឡា

កុមារា លួស លីហួរ អា​យុ ៨ ឆ្នាំ កូន​អ្នក​ស្រី​ យ៉ោម បុប្ជា នៅ​មុខ​​ក្រសួង​យុត្តិ​ធម៌​​​ កាល​ពី​ម្សិល​មិញ​​។ រូបថត គីម​ឡុង​
Wednesday, 12 September 2012
The Phnom Penh Post
ភ្នំពេញៈ ប្រជាពលរដ្ឋ​បឹងកក់​ និង​បុរីកីឡា​ បាន​យក​ញតិ្ត​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌​រួច​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ អង្គារ​ម្សិលមិញ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​នេះ ជួយ​អន្តរាគមន៍ ដោះ​លែង​​ស្ត្រី​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ ការ​ដាក់​ញត្តិ​នេះ គឺជា​ការ​ព្យាយាម​ជា​ថ្មី​ទៀត បន្ទាប់​ពី​បរាជ័យ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សារ​សមត្ថកិច្ច បាន​រារាំង​។

ប្រជាពលរដ្ឋ ប្រមាណ​ជាង ៦០ នាក់ ដែល​មួយ​ចំនួន​ជា​កូន​ក្មេង​តូច​ៗ បាន​នាំ​គ្នា​ស្រែក​ក្រោម​ក្រសែ​ភ្នែក ភ្ញៀវ​ទេសចរ​ ដែល​ទៅ​ទស្សនា​ព្រះ​បរម​រាជ​វាំង​ថា​«យើង​ខ្ញុំ​ត្រូវ​ការ​យុត្តិធម៌។​ សូម​ដោះ​លែង​អ្នក​ស្រី ទឹម សាក់មុន្នី​ និង​អ្នក​ស្រី​យ៉ោម ​បុប្ផា។​ អ្នក​ទាំង​ពីរ គ្មាន​កំហុស​ទេ»។
«ដោះ​លែង​ម៉ែ​ខ្ញុំ​វិញ​មក​។ ​អយុត្តិធម៌​ណាស់​»។ ​ នេះ​ជា​សំឡេង​ស្រែក​របស់​កុមារា​ លួស លីហួរ អាយុ ៨​ ឆ្នាំ​ ដែល​ត្រូវ​ជា​កូន​របស់​អ្នក​ស្រី​យ៉ោម​ បុប្ផា។ កុមារា​រូប​នេះ​ បាន​អង្គុយ​មុខ​គេ​ ដោយ​មាន​ក្រមា ដាក់​ពាក់​ឆៀង និង​រូបថត​ម្តាយ​របស់​គេ​ ជាមួយ​នឹង​ពាក្យ​ស្លោក​«ផ្តល់​យុត្តិធម៌​» ហើយ​បាន​និយាយ​ថា​ ខ្លួន​នឹក​ម្តាយ​ខ្លាំង​ណាស់​និង​អង្វ​រករ សូម​តុលាការ​ដោះ​លែង​ឲ្យ​បាន​ឆាប់​។
លីហួរ​បាន​និយាយ​ដោយ​ស្រក់​ទឹកភ្នែក​ថា​៖«ខ្ញុំ​មិន​បាន​ទៅ​រៀន​ទេ តាំង​ពី​គេ​ចាប់​ម៉ែ​ខ្ញុំ​មក​។ ខ្ញុំ​នឹក​ម៉ែ​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ មិន​ដែល​បែក​ពី​គាត់​ដូច​ពេល​នេះ​ទេ​។ អត់​ពី​ម៉ែ​ខ្ញុំ គ្មាន​ភាព​កក់​ក្តៅ​ទេ។ ខ្ញុំ​យល់​សប្តិ​ឃើញ​ម៉ែ​។ ខ្ញុំ​សង្ឃឹម​ថា ក្រសួង​យុត្តិធម៌ និង​ជួយ​ដោះ​ស្រាយ»។
នៅ​ក្នុង​ពេល​នោះ ​តំណាង​របស់​សហគមន៍​ពីរ​រូប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដាក់​ញត្តិ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​ក្នុង​ក្រសួង​យុត្តិធម៌។
អ្នក​ស្រី ហេង​ មុំ​ អាយុ ៤២ ឆ្នាំ​ តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ បាន​និយាយ​បន្ទាប់​ពី​ចូល​ទៅ​ដាក់​ញត្តិ​ថា មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់ ​ដែល​បដិសេធ​សុំ​មិន​ប្រាប់​ឈ្មោះ​ បាន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់ ប៉ុន្តែ​បាន​ប្រាប់​ថា ក្រួសួង​ គ្មាន​សិទ្ធិ​សម្រេច​ឲ្យ​តុលាការ​ដោះ​លេង​ឬ​មិន​ដោះ​លែង​អ្នក​ទាំង​ពីរ​នោះ ​ទេ។ អ្នក​ស្រី​ហេង​ មុំ​បញ្ជាក់​ថា៖​«បើ​ក្រសួង​ស្រឡាញ់​ភាព​យុត្តិ​ធម៌​ ស្រឡាញ់​ប្រជាពលរដ្ឋ​ចង់​ឲ្យ​សង្គម​មាន​ភាព​យត្តិធម៌​ និង​រុង​រឿង​ទៅ​ថ្ងៃ​មុខ​ ក្រសួង​នឹង​រក​យុត្តិធម៌ ជូន​អ្នក​ស្រី​យ៉ោម បុប្ផា និង​ទឹម​ សាក់​មុន្នី។ ពួក​គាត់​ជា​សកម្មជន​ការ​ពារ​ដី​ធ្លី​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»។
អ្នក​ស្រី​ឆាយ គឹមហ៊ន អាយុ ៣៤ ឆ្នាំ​តំណាង​ពលរដ្ឋ​នៅ​បុរីកីឡា ក៏​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ចូល​ទៅ​ដាក់​ញត្តិ​ថា​ គាត់​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ដ្រី​ជាប់​ឃុំ​ទាំង​ពីរ​នាក់​។ អ្នក​ស្រី​បន្ត​ថា​៖«យើង​ទាំង​អស់​គ្នា​ នឹង​បន្ត​ធ្វើ​ការ​តវ៉ា និង​ដាក់​ញត្តិ​ផ្សេង​ទៀត​ ទៅ​ស្ថាប័ន​រដ្ឋ​ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាន​ទូត​នានា​ជាដើម ​រហូត​ដល់​មាន​ការ​ដោះ​លែង​សកម្មជន​ទាំង​ពីរ​នាក់​នោះ​ចេញ​ពី​គុក​ព្រៃស​»។
ញត្តិ​របស់​ប្រជា​ពលរដ្ឋ​នៅ​បុរីកីឡា បាន​សរសេរ​ថា​«ការ​ចាប់​ខ្លួន​អ្នក​ស្រីទឹម​ សាក់មុន្នី​គឺជា​ការ​គំរាម​កំហែង​និង​បំភិត​បំភ័យ​សហគមន៍​បុរីកីឡា​ ឲ្យ​ឈប់​តវ៉ា​ទាមទារ​ផ្ទះ​សម្បែង​តទៅ​ទៀត​»។
លោក សំ ប្រជា​មានិត ​ប្រធាន​ខុទ្ទកាល័យ ក្រសួង​យុត្តិធម៌​ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ទទួល​យក​ញត្តិ​របស់​ប្រជា​ពលរដ្ឋ ​ហើយ​បាន​និង​កំពុង​រៀប​ចំ​ដាក់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ពិនិត្យ​ពិចារណា។ ប៉ុន្តែ​លោក បញ្ជាក់​ថា​៖«វា​ជា​សិទ្ធិ​អំណាច​របស់​តុលាការ​។ ក្រសួង​គ្មាន​សិទ្ធិ​អំណាច​អី ទៅ​បង្គាប់​បញ្ជា​ឲ្យ​តុលាការ​ធ្វើ​អ៊ី​ចេះ អ៊ីចុះ បាន​ទេ​»

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។