ថ្ងៃទី 4 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ខេត្តកណ្តាល: កម្មកររោងចក្រកាត់ដេរ តៃយៀន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមាណ ៤.០០០ នាក់ ដឹកនាំដោយលោករ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានបន្តតវ៉ា ឈរបិទផ្លូវជាតិលេខ ៤ ម្តុំផ្សារបែកចាន។ ការបិទផ្លូវនោះ បានចាប់ផ្តើមតាំងពីម៉ោងប្រហែល ៨ ព្រឹក ថ្ងៃទី៤កក្កដា ឆ្នាំ២០១២។ មកដល់ម៉ោង ១១ និង ៣០ នាទីព្រឹកនេះ កម្មករនៅតែបន្តឈរបិទផ្លូវ ដោយគ្មានដំណោះស្រាយ ខណៈដែលប៉ូលិសប៉េអឹមរាប់រយនាក់ បានទៅដល់កន្លែងបាតុកម្ម។ តែមិនទាន់មានការប៉ះទង្គិចគ្នានៅឡើយទេ។
លោក រ៉ុង ឈុន ដែលចូលរួមតវ៉ាជាមួយនឹងកម្មករ បានឲ្យដឹងថា នៅមុននេះ មានតំណាងមន្ទីរសង្គមកិច្ច មកជួបលោកដែរ តែមិនមានការចរចាអ្វីទេ ព្រោះតំណាងភាគីរោងចក្រកាត់ដេរ មិនបានមកជួប ចរចា ដើម្បីស្វែងរកដំណោះស្រាយឡើយ។
នៅម៉ោងជិត ១២ ថ្ងៃត្រង់នេះ គេឃើញមានវត្តមានរបស់សមាជិកសភាគណបក្សសមរង្ស៊ី ចំនួនបួនប្រាំនាក់ ចូលរួមបាតុកម្មជាមួយនឹងលោករ៉ុងឈុន និងកម្មករកាត់ដេរ ឈរបិទផ្លូវជាតិលេខ៤។
លោករ៉ុងឈុន បានបន្តថា ការតវ៉ាឈរបិទផ្លូវជាតិលេខ៤ ដោយសារតែភាគីរោងចក្រកាត់ដេរ តាយ យ៉ាង បានចាក់មេក្រូរំខានដល់ការតវ៉ារបស់កម្មករនៅមុខរោងចក្រកាត់ដេរ។ កម្មកររោងចក្រកាត់ដេរ តាយ យៀន ក៏ទាមទារនូវលក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃទឹកដោះគោ សម្រាប់កម្មការិនី ដែលមានកូនខ្ចីចំនួន ១៥ ដុល្លារ ក្នុងមួយខែ ប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុងមួយខែ និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សម្រាកជាដើម។
នៅព្រឹកថ្ងៃទី៤កក្កដា ឆ្នាំ២០១២ សហភាពសហជីពកម្ពុជា (CCU) បានប្រកាសជូនដំណឹងដល់អង្គការជាតិ អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបថា ថ្ងៃនេះ កម្មករ-កម្មការិនីរោងចក្រតៃយៀនទី១ ទី២ និងខេម វែល ដែលមានទីតាំងស្ថិតនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានកម្មករ-កម្មការិនី ចំនួន ៤០០០ នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មដង្ហែក្បូនចេញពីមុខរោងចក្រ ទៅឈរបិទផ្លូវជាតិលេខ៤ ដោយសារពុំទាន់បានទទួលដំណោះស្រាយនៅឡើយ។
កម្មកររោងចក្រ-កម្មការិនីនៃរោងចក្រតៃយៀនទី១ ទី២ និងខេមវែល សុំទាមទារសុំឱ្យមាន ការដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន ដូចខាងក្រោម៖
១- សុំឱ្យក្រុមហ៊ុន ធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ
២- សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ
៣- សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោ ឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ
៤- សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀតទាត់ ឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ
៥- សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី៣ថ្ងៃឡើងទៅ។
លោក រ៉ុង ឈុន បន្តថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដឹកនាំកម្មករ ដើរហែក្បួនចេញពីរោងចក្រកាត់ដេរ តៃយ៉ាង ទៅកាន់ការិយាល័យផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថានទូតអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីស្វែងរកអន្តរាគមន៍។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិសខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។
លោកស្នងការបានបន្ថែមថា លោក រ៉ុង ឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែបម្រើផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕





0 comments:
Post a Comment