Social Icons

Monday, May 28, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជ្ញាធរ​បដិសេធ​មិន​ផ្ដល់​ទី​តាំង​ឲ្យ​ធ្វើ​ពិធី​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម


2012-05-28
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា លោក​កំពុង​ស្វែង​រក​ទី​តាំង​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​ធ្វើ​ពិធី​រំលឹក​ខួប ៦៣​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា។
RFA/Den Ayuthyea
៤-មិថុនា-២០១០: ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យ​រាប់​បាត្រ និង​ប្រារព្ធ​ទិវា​កាន់​ទុក្ខ​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។
ការ​ស្វែង​រក​ទីតាំង​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី ៦៣​ឆ្នាំ ដែល​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នេះ នៅ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ផ្ដល់​ទីតាំង គឺ​ទីធ្លា​មុខ​វត្ត​បទុមវតី ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ដោយ​លោក ថាច់ សេដ្ឋា ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ពាន់​នាក់។
លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​លិខិត​ស្នើ​សុំ​ទីតាំង​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ប៉ុន្តែ​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ដំណឹង​ឲ្យ​លោក​វិញ​ថា ទីតាំង​នៅ​ទី​ធ្លា​មុខ​វត្តបទុមវតី​នោះ សាលា​រាជធានី​បាន​ផ្ដល់​ជូន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ​រួច​ហើយ ដែល​ដឹក​នាំ​ដោយ​លោក គឹម វណ្ណឆេង។
លោក ថាច់ សេដ្ឋា បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ទីតាំង​ឲ្យ​លោក គឹម វណ្ណឆេង នេះ ដោយសារ​តែ​លោក គឹម វណ្ណឆេង ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។
ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៤៩ ប្រធានាធិបតី​បារាំង បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រគល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ដោយ​វៀតណាម យល់​ព្រម​បង្កើត​រដ្ឋាភិបាល​យៀកណាម​មួយ នៅ​ក្នុង​ក្រុម​សហភាព​បារាំង ហៅ​ថា រដ្ឋ​យៀកណាម។ ហើយ​បារាំង​សង្ឃឹម​ថា ការ​ប្រគល់​កម្ពុជា ក្រោម​ទៅ​ឲ្យ​ស្ដេច បាវ ដាយ គេ​អាច​នឹង​រក្សា​នូវ​ឥទ្ធិពល​របស់​ខ្លួន​បាន​យូរ​អង្វែង​នៅ​ទឹក​ដី​ កូសាំងស៊ីន ព្រម​ទាំង​ទប់​ស្កាត់​ឥទ្ធិពល​របស់​កុម្មុយនិស្ត​និយម ហូជីមិញ (Ho Chi Minh)។
លុះ​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដដែល ប្រធានាធិបតី​បារាំង វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បាន​ប្រកាស​ជា​ផ្លូវ​ការ​ប្រគល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ជា​ផ្លូវការ ដែល​ឯកសារ​ខ្លះ​ថា មាន​ចំនួន ៦​ខែត្រ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា មាន​ចំនួន ២១​ខែត្រ។ គិត​មក​ទល់​ពេល​នេះ ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម មាន​រយៈ​ពេល ៦៣​ឆ្នាំ​ហើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។