លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃនេះ បានផ្ញើលិខិតមួយច្បាប់ទៅលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយស្នើសុំឲ្យចាត់វិធានការចំពោះមន្រ្តីនៅក្រោមបង្គាប់ដែលបានបង្ខំយោធិនឲ្យលក់ប្រាក់ខែរបស់ខ្លួន ហើយចាត់ទុកទង្វើនេះថា គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។
ដោយលើកយកលិខិតរបស់លោក ឯក សំណុល ជីវពលតំបន់ប្រតិបត្តិសឹកខេត្តពោធិ៍សាត់ មានឋានន្តរសក្តិនាយសំណង់ រស់នៅភូមិស្រះម្កាក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ផ្ញើមក
សមាគមគ្រូបង្រៀនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ បានអះអាងថា អ្នកស្រី ទេព ហានជុន្នី មានតួនាទីទទួលបន្ទុកហិរញ្ញវត្ថុផ្ទៃក្នុង នៃតំបន់ប្រតិបត្តិការសឹកខេត្តពោធិ៍សាត់ បានបង្ខំគាត់ឲ្យលក់ប្រាក់ខែបន្តមួយឆ្នាំទៀត គឺឆ្នាំ២០១២នេះ តែលោក ឯក សំណុល មិនយល់ព្រម ហើយអ្នកស្រី ទេព ហានជុន្នី រួមជាមួយបក្ខពួកបានព្រួតគ្នាឆែកឆេរលូកហោប៉ៅយកលុយ និងរកក្រដាសសង្គមកិច្ចពីគាត់។ គ្រានោះលោក ឯក សំណុល បានអង្វរអ្នកស្រី ទេព ហានជុន្នី នឹងប្រគល់ប្រាក់ចំនួន ៣៤៥០០រៀលទៅឲ្យគាត់ ប៉ុន្តែអ្នកស្រី ទេព ហានជុន្នី មិនព្រមលើកលែងឲ្យលោក ឯក សំណុល ឡើយ ថែមទាំងគំរាមចាប់ខ្លួនលោកដាក់ពន្ធនាគារទៀតផង។ ករណីអយុត្តិធម៌នេះ លោក ឯក សំណុល បានលើកឡើងថា វាមិនបានកើតមានចំពោះតែរួបលោកនោះទេ គឺមានយោធិនជាច្រើនទៀតបានទទួលរងអំពើអយុត្តិធម៌នេះដែរ។ចំពោះរាល់ទង្វើរបស់អ្នកស្រី ទេព ហានជុន្នី នេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាត់ទុកថា វាគឺជាការរំលោភសិទ្ធិ និងខុសច្បាប់។ ហើយថា មន្រ្តីយោធិនគួរត្រូវលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយត្រូវតែលុបបំបាត់ការកេងប្រវ័ញ្ចមកលើទាហានដូចនេះ៕




0 comments:
Post a Comment