អាមេរិកកំពុងបញ្ជូនកងកម្លាំងយោធា ទៅកាន់មជ្ឈឹមបូព៌ា ហើយចាត់នាវាផ្ទុកយន្តហោះ ចូលកៀកតំបន់ច្រកសមុទ្រ Hormuz ដែលកំពុងតឹងតែងយ៉ាងស្ងៀមស្ងាត់។


នាវាផ្ទុកយន្តហោះប្រយុទ្ធអាមេរិក ធ្វើដំណើរក្រវិលឡោមព័ទ្ធអ៊ីរ៉ង់
មន្ទីរបញ្ចកោណ កំពុងបញ្ជូនទ័ពជាច្រើនកងពល និង នាវាប្រយុទ្ធឡោមព័ទ្ធអ៊ីរ៉ង់យ៉ាងសម្ងាត់ បើតាមការឲ្យដឹងរបស់កាសែត The Los Angeles Times (LAT) កាលពីម្សិលមិញ។
បច្ចុប្បន្ន មានទាហានអាមេរិក ១៥.០០០ នាក់ កំពុងស្ថិតក្នុងបន្ទាយនៅកូវែត រង់ចាំប្រតិបត្តិការទៅកាន់អ៊ីរ៉ង់ ពេលមានបញ្ជារ។ ក្រៅពីនោះ នៅមានវត្តមានដ៏គគ្រឹកគគ្រេង នៃនាវាផ្ទុកយន្តហោះ ៣គ្រឿង នៅតំបន់ឈូងសមុទ្រនោះដែរ។ យោធភ័ណ្ឌទាំងនេះ ពុំទាន់និយាយដល់នាវាប្រយុទ្ធ នាវាល្បាត ដែលអមដំណើរផង។
នាវាផ្ទុកយន្តហោះ USS Cart Vinson កំពុងនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ USS John C.Stennis ក្រវិលជុំវិញច្រកសមុទ្រ Hormuz និង USS Abrahan Cincoln កំពុងធ្វើដំណើរពីមហាសមុទ្រអាត្លង់ទិក សំដៅមកចាប់ដៃគ្នា។ អង់គ្លេសក៏បានប្រកាសបញ្ជូននាវាផ្ទុកយន្តហោះទំនើប HMS Daring មកកាន់សមុទ្រ Oman។
ប៉ុន្តែបើតាមកាសែត International Business Time អ៊ីរ៉ង់មិនងាយនឹងបិទច្រកនេះទេ ព្រោះសេដ្ឋកិច្ចប្រទេសនេះ ចំណុះស្ទើតែទាំងស្រុង ទៅលើប្រេងកាតនាំចេញ។ កត្តាដែលគួរឲ្យបារម្ភនោះ គឺអាមេរិក ព្រមទាំងអ៊ីស្រាអែល ដែលមានឧត្តម្ភភាពគ្របដណ្តប់លើកម្លាំងយោធានោះ អាចបន្ត “ប្រតិបត្តិការ” ទោះជាអ៊ីរ៉ង់បិទ ឬ មិនបិទច្រក Hormuz ក៏ដោយ។ បើដល់ដំណាក់កាលនោះ រុស្ស៊ីនឹងលោតចូល ហើយទ្រង់ទ្រាយនៃជម្លោះ នឹងឆ្លងផុតការគ្រប់គ្រងបាន។
ទោះជាយ៉ាងណា ក៏នៅសល់ច្រកចេញពីសង្គ្រាមលោកលើកទី៣ ដូចដែលឧត្តមសេនីយ៍ចិនម្នាក់ បានព្រមានកាលពីឆ្នាំទៅមិញ។ មានព័ត៌មានចារកម្មថា សេតវិមានកំពុងប្រើបណ្តាញសម្ងាត់ទាក់ទងជាមួយមេដឹកនាំសាសនាកំពូលអ៊ីរ៉ង់ Ali Khamenei និងម្យ៉ាងវិញទៀត ប្រធានរដ្ឋសភាប្រទេសនេះ លោក Larijani កាលពីថ្ងៃទី១២ មករា បានប្រកាសថា វិបត្តិនេះ អាចត្រូវបានដោះស្រាយតាមរយៈការចរចារដ៏ម៉ត់ចត់ មុតមាំមួយ៕



0 comments:
Post a Comment