​តំបន់​ស៊ីនជាំង​​ (Xinjiang) នៅ​ភាគ​ពាយព្យ​​​នៃ​ប្រទេស​ចិន ជា​កន្លែង​រស់​នៅ​ដ៏​សំខាន់​​របស់​ជន​ជាតិ​អ៊ូហ្គួយ ​(Uighurs)​កាន់​សាសនា​ឥស្លាម​ ដែល​ខឹងសម្បារជាយូរមកហើយ​​ចំពោះ​​ការ​គ្រប់​គ្រង​របស់​​ប្រទេស​ចិន​។ ​កាល​ពី​​ប៉ុនា្មន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ហេតុការណ៍ដ៏​​ហិង្សា​​ជាច្រើន​​​រវាង​ប្រជាពលរដ្ឋមូលដ្ឋាន​​​និង​កង​កម្លាំង​សនិ្តសុខ ប៉ុន្តែ​​ថា​តើ​អ្នក​ណាជាអ្នកខុស​ ​នៅ​តែ​​ជា​​ចំណោទ​​បញ្ហា​​នៃ​​​​ជម្លោះ​នេះ​នៅ​ឡើយ។
នៅ​ចុង​ខែ​ធ្នូ រដ្ឋាភិបាល​ចិន​ បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​មួយ​នៅ​ស៊ីនជាំង​ ដែល​មនុស្ស​​បំា្របីនាក់​ត្រូវ​បាន​សម្លាប់។
លោក​ ហុង ឡី (Hong Lei) អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស ​រៀប​រាប់​​​​ព្រឹតិ្តការណ៍​នេះ​​ជា​ផ្លូវការ។
លោកថ្លែង​​ថា ការ​បាញ់​ប្រហារ​នោះ ​​ជា​ប្រតិបត្តិការណ៍​​របស់​ក្រុម​​ប៉ូលីស ​ដែលសំដៅ​​​ជួយ​សង្រ្គោះ​បុរសអ្នក​គង្វាល​សត្វ​ចំនួន​២​នាក់។ អ្នកទាំងពីរ ត្រូវ​បាន​ចាប់ជំរិត​ដោយ​កុ្រមភេរវករ ​ដែល​មាន​គោលដៅ​ទៅ​លើ​​អ្វី​​ដែល​ទីក្រុង​​ប៉េកាំង​ ពណ៌នា​ថាជា​«ក្រុម​​​ជីហាដ​​បរទេស» ឬហៅជាភាសាអង់គ្លេសថា foreign jihad camps។

ទីភ្នាក់ងារ​​សារព័ត៌មាន​ស៊ីង​ហូរ​របស់​រដ្ឋ បាន​ឲ្យ​ដឹង​​ថា ​ការ​ប្រឈម​មុខ​ដាក់​​គ្នា​នេះ ជាប់ពាក់ព័ន្ធ​ជាមួយនឹង​«ពួក​ភេរវករ​ហិង្សា»ចំនួន១៥នាក់​។ ​របាយការណ៍​នេះ​ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​​​ថា​តើ​ភេរវករ​ទាំង​នោះ​ ជា​ជន​ជាតិ​អ៊ូហ្គួយ​ ដែល​ជា​ជន​ជាតិ​​ភាគ​តិចកាន់​សាសនា​ឥស្លាម ដែល​មាន​ចំនួន​​​ប្រហែល​​៩០​ភាគរយក្នុងចំណោម​​ប្រជាពលរដ្ឋនៃ​តំបន់​​ហូតាន់ (Hotan) ជា​កន្លែង​ដែល​ជម្លោះ បាន​ផ្ទុះ​​ឡើង​។
ក្រៅ​​ពី​ការ​ស្លាប់មនុស្ស​​​ប្រំាបី​នាក់នេះ មនុស្ស​បួន​នាក់បាន​រង​របួសនៅក្នុង​ការ​បាញ់​ប្រហារ ហើយ​​និង​​មនុស្ស​​បួន​នាក់​ទៀត ​ត្រូវ​បាន​ឃុំ​ខ្លួន។​ សម្រាប់​អាជ្ញាធរ​ចិន ទោស​កំហុស​របស់​អ្នក​ជាប់ពាន់ព័ន្ធ​ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ។

លោក​ហុង ថ្លែង​ទៀត​​ថា ​សកម្មភាព​នេះ​ ពិត​​ជា​​អំពើ​ភេរវកម្ម។

នៅ​ពេល​ដែល​មាន​​​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​ ​នៅ​ក្នុង​​តំបន់​ស៊ីងជាំង​​កាល​​ពី​​អតីតកាល​ ក្រុម​ជន​ជាតិ​អ៊ូហ្គួយ​​នៅឯបរទេស ​មានជំទាស់​​យ៉ាង​ដាច់​​អហង្ការ​​ទៅនឹង​ការ​​បកស្រាយ​​ហេតុការណ៍​របស់​​ប្រទេស​ចិន ​​ហើយ​​លើក​​នេះ​​​​ក៏​​មិន​​​​ខុស​ពី​លើក​មុន​​ដែរ​។

លោក ​ឌីលហ្សាត់ រីកស៊ីត (Dilshat Rexit) អ្នក​នាំ​ពាក្យរបស់​ សមាជ​ជន​ជាតិ​អ៊ូហ្គួយ​ពិភពលោក (World Uighur Congress) ​ដែល​ជា​ក្រុម​អ្នក​និរទេសខ្លួន​មាន​មូលដ្ឋាន​នៅទីក្រុមម្ញូនីក (Munich) ថ្លែង​ថា ​ជនជាតិ​​អ៊ូហ្គួយ​ចំនួន​១៥​​នាក់ ដែលកំពុង​ប្រឈម​នឹង​ការ​សង្ស័យ ​មិន​សប្បាយចិត្ត​ក្នុងរស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​ ហើយកំពុង​​ព្យាយាមភៀសខ្លួនចេញ​ពី​ប្រទេសនេះ​។​ លោក​ ​បាន​បដិសេធ​​​ថា ​ក្រុម​នេះ​មាន​ទំនាក់​ទំនង​ជាមួយអង្គការ​ភេរវកម្ម​។
លោក​ រីកស៊ីត​ ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន ពី​បទ​​ភ្ជាប់​​ប្រជាពលរដ្ឋអ៊ូហ្គួយ​ជាមួយ​ក្រុម​ភេរវកម្ម​សកលលោក ដើម្បី​​ធ្វើ​ជា​​លេស​មួយ​សម្រាប់​អ្វី ​ដែលលោក​ពណ៌នាថាជា​​ ការ​បង្រ្កាបបែប​ប្រព័ន្ធ​​​នៅ​តំបន់​ស៊ីងជាំង​តែ​ប៉ុណ្ណោះ។
លោក​ រីកស៊ីត ​និយាយ​​ថា ​ជន​ជាតិ​អ៊ូហ្គួយ​ជា​ច្រើន ​មាន​ទុក្ខកង្វល់​​ដោយ​សារ​តែ​​ការជ្រៀត​ជ្រែក​កាន់​តែ​ខ្លាំង​​​ឡើង​​​របស់​​ចិន ទៅ​​លើ​សកម្មភាព​សាសនា​និង​វប្បធម៌​របស់​ជនជាតិ​ភាគ​តិច​ ហើយ​ថា គោល​នយោបាយ​បែប​​នេះ​ គឺ​ជា​មូល​ហេតុ​ចំបង​នៃភាពរំជើបរំជួល​​ក្នុង​តំបន់។
នៅ​ដើម​ឆ្នាំ​នេះ ​បុរសជនជាតិ​អ៊ូហ្គួយ​​ចំនួន​១៨​នាក់​ ដែល​ប្រឆាំង​នឹង​ការ​ហាម​ឃាត់ស្រ្តី​ឥស្លាម​មិន​ពាក់​ស្បៃ​បាំង​មុខ​ បាន​​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ​ប៉ូលីស​​​ហូតាន​ដោយប្រើ​​គ្រាប់​បែក​និង​កាំបិត ​ដែល​បាន​សម្លាប់​ប៉ូលីស​២​នាក់​ ​និង​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​​ទៀត​ផង។
លោក ​រ៉ាហ្វាឡូ ផានតូស៊ី ( Raffaello Pantucci) ​ជា​សមាជិក​ម្នាក់មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ​ (Shanghai) ​នៅឯ​​មជ្ឈមណ្ឌល​​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​និយម​​មូល​វិវត្ត (International Center for the Study of Radicalization) ​នៃ​មហា​វិទ្យាល័យ ទីក្រុង​ឡុង​ឃីង(London's Kings College)​។
លោក ​មាន​ប្រសាសន៍​ថា ​ទោះ​បីជា​​មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​អំពី​ហេតុការណ៍​​​ថ្មី​ៗ​បំផុត​នេះ​នៅ​តំបន់​ហូតានក៏ដោយ​ ការ​ពិតមួយ​មាន​ភាព​ដូចគ្នា​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ទាំង​ពីរ​នេះ។
«វា​ហាក់​​ដូច​ជា​ច្បាស់ណាស់​ថា ​រឿង​​រ៉ាវ​ទាំង​ពីរ​នេះ មាន​ភាព​ស្របគ្នា​​ត្រង់​​ថា​ មាន​​ប្រជាពលរដ្ឋ ដែល​កំពុង​​​ចាក​ចេញ។ ប្រជាពលរដ្ឋ​​កំពុង​​ព្យាយាម​ចាកចេញ ​​​​ស​បញ្ជាក់​ឲ្យ​ឃើញ​​​ថា ​មាន​ភាព​តាន​តឹង​មួយ​ចំនួន ​ដែល​កំពុង​កើត​ឡើង​​នៅ​ក្នុង​តំបន់​ជា​មិន​ខាន​។»
លោក​ ផានតូស៊ី​ ​​ទទួល​​ស្គាល់​​ថា​ មាន​ក្រុម​អ៊ូហ្គួយ​ជ្រុល​និយមតូចៗ ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​​បាន​​​បង្ហោះ​​ខ្សែ​វិដីអូ​គំរាម​កំហែង​ទៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត ប៉ុនែ្ត ​លោក ​បាន​និយាយ​ថា លោក​​ ​មិន​ឃើញ​មាន​ទំនោររបស់​ជនជាតិ​អ៊ូហ្គួយជារួម ចំពោះ​ក្រុម​ភេរវកម្ម​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​ បើ​ទោះ​ជា លោក ​បាន​​ព្រមាន​​ថា ​ប្រសិន​បើ​គោលនយោបាយរបស់រដ្ឋាភិបាលចិន​ មាន​ភាព​​ឃោ​ឃៅ​ពេក ពួក​គេ​អាច​ជំរុញ​ជនជាតិ​អ៊ូហ្គួយកាន់តែច្រើន ឲ្យ​​ប្រកាន់​យក​​ភាព​ជ្រុល​និយម​។

«តាម​ប្រតិកម្ម​តប​​ទៅ​នឹង​ការ​បង្ហាញពី​ការ​គោរព​សាសនា ឬជំនឿយ៉ាងមុតមាំ ​ថា​​ជា​​ការ​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​​ជ្រុល​និយម​​ដែល​អាច​នាំ​​ទៅ​រក​អំពើ​ហឹង្សា អ្នក​កំពុងជំរុញយ៉ាងខ្លាំងក្លាឲ្យ​បុគ្គល​ម្នាក់ៗ ដែលប្រហែលជា​​កំពុង​យល់ឃើញថា​សាសនាជាប្រភពនៃសេចក្តីស្ងប់ ឲ្យ​ទៅ​ជា​​​ទិស​ដៅ​មួយ​ប្រកប​​ដោយ​​​គ្រោះ​ថា្នក់​និង​ហិង្សា​កាន់តែខ្លាំង​ទៅ​វិញ​ទេ​។»
ការដុតបញ្ឆេះភាព​តាន​តឹង​ខាង​ជនជាតិ​​នៅតំបន់​​អ៊ុយ​រុំជី(Urumqi) ក្នុង​ទី​ក្រុងរបស់ស៊ីនជាំង​ បាន​ផ្ទុះ​ឡើង​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩​។ ជន​ជាតិ​អ៊ូហ្គួយ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​​សម្លាប់​ដោយសារ​​បុព្វហេតុ​​ជនជាតិ នៅ​ឯរោងចក្រ​មួយ​កន្លែង ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ ការ​តវ៉ានេះ​ ​បាន​ក្លាយ​ទៅ​ជា​ហិង្សា​ ដោយ​​ជន​ជាតិ​អ៊ូហ្គួយ​ ​វាយប្រហារសំ​ដៅ​ទៅ​លើ​អ្នក​ស្រុក​ជន​ជាតិ​ហាន (Han) ដែល​ជា​​ជនជាតិ​​ភាគ​ច្រើន​របស់​ចិន​។ មនុស្ស​​ប្រហែល​២០០​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ហាន ​ត្រូវ​បាន​សម្លាប់។